ក្រុងលីសបោន: Cristiano Ronaldo បាន​បញ្ជាក់ថា គន្លឹះ​ក្នុងការ​ទទួល​ជោគ​ជ័យ​ឥត​គណនា​របស់​គេ គឺ​ការ​មិន​ជឿ​ជាក់​លើ​នរណា​ម្នាក់​ក្រៅ​ពី​ខ្លួន​របស់​គេ​ឡើយ ហើយ​រូបគេ​បាន​ផ្តល់​ដំបូន្មាន​ដល់​មិត្ត​រួម​ក្រុម​ព័រទុយហ្គាល់​របស់​គេ ឲ្យ​អនុវត្ត​នូវ​គំនិត​ដូច​គ្នា​នេះ។

តារា​ឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បានលើក​ឡើង​បែប​នេះ ក្នុង​ពេល​រូបគេ​បាន​ទទួល​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ព័រទុយហ្គាល់ ក្នុង​ទីក្រុង Lisbon។

Ronaldo ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​ឈ្នះ​ពាន Euro ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ន​កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះ​ពាន World Cup ឆ្នាំ ២០១៨ នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​តែង​តែ​ជឿ​ជាក់​ថា យើង​មាន​ភាព​ខ្លាំង​បំផុត»។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​បន្ថែមទៀតថា៖ «អ្នក​ត្រូវតែ​គិត​ឲ្យ​បាន​ខ្ពស់។ ខ្ញុំ​តែងតែ​ជឿ​ជាក់​ថា គ្មាន​នរណា​ម្នាក់​ខ្លាំង​ជាង​ខ្ញុំ​ឡើយ នៅ​លើ​ទីលាន​ប្រកួត។ ក្នុង​កម្រិត​ឯកជន និង​ជា​ក្រុម ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​បាន​ឈ្នះ​ពាន ៥ (រួម​មាន Champions League, UEFA Supercup, World Club Cup, La Liga និង Spanish Supercup) ក៏​ដូចជា​ពាន Ballon D''Or និង​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA»។

Ronaldo ដែល​ត្រូវបាន​បោះឆ្នោត​ឲ្យ​ឈ្នះ​ពាន​បាល់​មាស Ballon D''Or ៥ សម័យ​កាល​នោះ បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង Lisbon ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ និង​ហូឡង់ ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ក្រោយ​មក។

ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី ៧៩ គ្រាប់​ក្នុងការ​ប្រកួត ១៤៧ លើក​សម្រាប់​ក្រុម​ព័រទុយហ្គាល់ និង​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​មួយ​នេះ ឲ្យ​ឈ្នះ​កៅអី​ទៅ​កាន់ World Cup ឆ្នាំ ២០១៨ ខណៈ​ពួកគេ​ស្ថិត​ក្នុង​ពូល​រួម​ជាមួយ​នឹង​អេស្ប៉ាញ ម៉ារ៉ុក និង​អ៊ីរ៉ង់៕