ក្រុង​ឡុងដ៍៖ លោក Phillip Cocu បាន​និយាយ​ថា កីឡាករ​ Wayner Rooney នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប៉ះ​ជាមួយ​ក្រុម Man Utd ដែល​ជា​ក្លិប​ចាស់​របស់​ខ្លួន ​ក្រោយ​ពី​ក្រុម Derby County បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​​ FA Cup ​ជាមួយ​ក្រុម​ដ៏​ធំ​មួយ​ដែល​លេង​នៅ​ក្របខ័ណ្ឌ Premier League។​​

ប្រធាន​ក្រុម​ Derby និង​កីឡាករ Rooney អាយុ ​៣៤ ​ឆ្នាំ បាន​ប្រែ​ក្លាយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ​នៅ​នាទី​ទី ​៧៧ ​យ៉ាង​ល្អ ​ខណៈ​ក្លិប​ជា​ម្ចាស់​ជើងឯក​ Championship មួយ​នេះ​ បាន​កាច់​បំបាក់​ទៅ​លើ​​ក្រុម Northampton Town ក្នុង​លទ្ធ​ផល​ ៤-២ នៅ​ក្នុង​ការ​ប្រកួត​ម្ដង​ទៀត​នៅ​វគ្គ​​ទី ​៤ ​កាល​ពី​ថ្ងៃ​អង្គារ​។​

កីឡាករ​ Rooney ដែល​បាន​ចេញ​ពី​ក្រុម Man Utd នៅ​ឆ្នាំ ​២០១៧ ​​ក្រោយ​ពី​បាន​ចេញ​ពី​ក្រុម Everton ទៅ​ចូលរួម​ក្លិប​នេះ​នៅ​ឆ្នាំ ​២០០៤ នោះ ឥឡូវ​នេះ​អាច​សម្លឹង​ទៅ​រក​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Pride Park ជាមួយ​ក្រុម​ Man Utd ជា​ទី​ដែល​កំពូល​តារា​រូប​នេះ​បាន​ក្លាយ​ជា​អ្នក​រក​​គ្រាប់​បាល់​ច្រើន​ជាង​​គេ​​​រហូត​ដល់​ចំនួន ​២៥៣ គ្រាប់ ​សម្រាប់​ក្រុម​បិសាច​ក្រហម​។​

កីឡាករ Rooney បាន​ចាក​ចេញ​ពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ទៅ​ចូលរួម​នឹង​ក្រុម Derby នៅ​ក្នុង​ប្រទេស អង់គ្លេស ​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ​តាម​ការ​ទាមទារ​​ចង់​បាន​របស់​ភរិយា​ខ្លួន​។​​

លោក Cocu បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «​គាត់​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក ​ដើម្បី​ចូលរួម​នឹង​យើង​វិញ​​ ហើយ​ឥឡូវ​នេះ​គាត់​នឹង​ត្រូវ​ប្រកួត​ជាមួយ​​ក្លិប​ចាស់​របស់​គាត់​ជា​ទី​ដែល​គាត់​មាន​អាជីព​ដ៏​អស្ចារ្យ​ និង​ពិសេស​បំផុត​​នៅ​ទីនោះ​ ហើយ​ខ្ញុំ​ជឿ​ថា គាត់​នឹង​ត្រៀម​ខ្លួន​សម្រាប់​​រឿង​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​មិន​ត្រឹម​តែ​សម្រាប់​កីឡាករ Wayne ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្លិប​នេះ​ផង​ដែរ​»៕ AFP/SN