ក្រុងម៉ាកសីយ៍ៈ លោក Rudi Garcia នឹង​ធ្វើការ​លាឈប់​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្លិប Marseille នៅ​ក្រោយពេល​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Ligue 1 បន្ទាប់ពី​ក្លិប​ដ៏ធំ​បំផុត​មួយ​នៅ​ប្រទេស​បារាំង​នេះ​មិន​បាន​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​នៅ​រដូវកាល​ក្រោយ​។

លោក Garcia បាន​និយាយ​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ដោយ​អង្គុយ​ជាមួយ​ប្រធាន​ក្លិប Marseille បច្ចុប្បន្ន​លោក Jacques-Henri Eyraud ថា​៖ «​ខ្ញុំ​បាន​សម្រេចចិត្ត​ថា​នឹង​លាឈប់​ពី​តំណែង ហើយ​ខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​ប្រធាន​ក្លិប​របស់​ខ្ញុំ​រួចហើយ ហើយ​គាត់​ក៏​បាន​ទទួល​ពាក្យ​លាលែង​ហើយ​ដែរ​»​។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​ខ្ញុំ​ស្ដាប់​តាម​ចរិត​ និង​ការប្ដេជ្ញាចិត្ត​របស់​ខ្ញុំ​គឺ​ខ្ញុំ​គួរតែ​នៅ​បន្ត​ទៀត ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ស្ដាប់​តាម​អត្ថន័យ និង​ហេតុផល​រួម​គឺ​វា​ល្អ​បំផុត​ដែល​ខ្ញុំ​ត្រូវ​ប្រកាស​ដូចជា​ពេល​នេះឯង​»​។

លោក Garcia អាយុ​ ៥៥ ​ឆ្នាំ​រូបនេះ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦ ​ដោយ​ដឹកនាំ​ក្រុម Marseille ឲ្យ​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ភ្លាមៗ​ក្រោយពី​លោក​មហាសេដ្ឋី​អាមេរិក Frank McCourt បាន​គ្រប់គ្រង​នៅ​ក្លិប​នេះ​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​កុងត្រា​របស់​គាត់​កាលពី​ខែ​តុលា​ដែល​ត្រូវ​បន្ត​រហូត​ដល់​ឆ្នាំ​ ២០២១ ប៉ុន្តែ​គាត់​នឹង​ចាកចេញ​ពី​កីឡដ្ឋាន Velodrome ​របស់​ក្លិប Marseille នៅ​មុន​ពេល​កំណត់​កុងត្រា​របស់គាត់​ដែល​ត្រូវ​បញ្ចប់​នៅ​ពេល​ ២ ​ឆ្នាំ​ទៀត​ក្រោយពី​គាត់​មិន​អាច​ដឹកនាំ​ឲ្យ​ក្រុម​នេះ​ស្ថិត​នៅ​លើ​កំពូល​តារាង​ទាំង​ ៣ ​នៃ​ក្របខ័ណ្ឌ Ligue 1 ​ដើម្បី​អាច​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប Champions League​។

Garcia បាន​និយាយ​ថា​គាត់​ចង់​សម្ដែង​ពី​ការទទួល​ខុសត្រូវ​ពេញលេញ​នៅពេល​គាត់​មិន​អាច​ដឹកនាំ​ឲ្យ​ក្រុម Marseille បាន​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​មួយ​នេះ​។

គាត់​បាន​បន្ត​ដោយ​យោង​ទៅលើ​លទ្ធផល​ប្រកួត​របស់​ក្លិប​នេះ​ថា​៖ «​វា​មិនមែន​ជា​រដូវកាល​ល្អ​មួយ​ទេ​ ប៉ុន្តែ​វា​ក៏​មិន​ជា​អាក្រក់​ណាស់​ណា​ដែរ​។ ភាពអាក្រក់​គឺ​កើតមាន​ច្រើន​សម្រាប់​ក្លិប Monaco នៅ​រដូវកាល​នេះ ឬ​សម្រាប់​ក្លិប Lille កាលពី​រដូវកាល​មុន​»​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​អ្នកដឹកនាំ​ទាំងអស់​មិន​សុទ្ធតែ​ដឹកនាំ​ឲ្យ​ដល់​កម្រិត​កំពូល​នោះទេ​»​។

សូម​បញ្ជាក់​ថា ពេល​នេះ​ក្រុម Marseille ជាប់​នៅ​ចំណាត់ថ្នាក់​លេខ​ ៦ ​នៃ​ក្របខ័ណ្ឌ Ligue 1 ដោយ​ខ្វះ​ ១១ ​ពិន្ទុ​ទៀត​ទើប​អាច​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Cham pions League៕ SN