ក្រុង​រីយ៉ាដ៖ ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ Andy Ruiz Jr បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា រូប​គេ​នឹង​ដាក់​សម្ពាធ​ឲ្យ​បាន​ខ្លាំង​​ទៅ​លើ​ម្ចាស់​ជើងឯក Anthony Joshua នៅ​ក្នុង​ជំនួប​ជា​ថ្មី​នៅ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​។

កីឡាករ​ប្រដាល់​សកល​ Ruiz បាន​កើត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​រូប​គេ​តែង​​ប្រកួត​ក្នុង​នាម​ជា​ពលរដ្ឋ​ម៉ិកស៊ិក​ ហើយ​រូប​គេ​បាន​ផ្ដល់​មេរៀន​ដ៏​អាម៉ាស់​លើក​​ដំបូង​ដល់​កីឡាករ​ Joshua ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី​អាមេរិក​កាល​ពី​ខែ​មិថុនា ​ដើម្បី​ដណ្ដើម​​ខ្សែ​ក្រវាត់​ WBA, IBF និង​ WBO នៅ​ទីក្រុង​ញូវយ៉ក​។​

កីឡាករ​ទាំង ​២ ​រូប​នេះ ​នឹង​ត្រូវ​​ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​ទីក្រុង​​ឌីរីយ៉ា ជិត​ទីក្រុង​រីយ៉ាដ​នៃ​​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ​«​ការ​ប្រកួង​សង​សឹក​​ ក្នុង​កម្រិត​ទម្ងន់​ធ្ងន់​ដ៏​អស្ចារ្យ​»​​។​

កីឡាករ​ Ruiz បាន​និយាយ​ក្នុង​ទីក្រុង​រីយ៉ាដ​ថា៖ «​យើង​នឹង​ឃើញ​​ថា គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​​ក្រោម​កណ្ដាប់​ដៃ​​របស់​ខ្ញុំ​ទៅ​លើ​រូប​គេ​​​ ហើយ​វា​នឹង​គ្មាន​ទេ​សម្រាប់​ការ​ដាក់​សម្ពាធ​មក​លើ​ខ្ញុំ​​ព្រោះ​ខ្ញុំ​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្ញុំ ​ដើម្បី​ឲ្យ​ក្លាយ​ជា​ការ​ពិត​»។​​

កីឡាករ​កូន​កាត់​អាមេរិក​ម៉ិកស៊ិក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ជា​ការ​ពិត​ ខ្ញុំ​ចង់​បង្កើន​សម្ពាធ​ថែម​ទៀត ​ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​​​ Andy Ruiz Jr​ ដ៏​ល្បីល្បាញ​»។​

ចំណែក​កីឡាករ​ Joshua បាន​និយាយ​ថា​ រូប​គាត់ ​«​មាន​ទំនុក​ចិត្ត​»​ និង​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ ​នៅ​មុន​ពេល​ការ​ប្រកួត​ជាមួយ​គ្នា​ម្ដង​ទៀត​នេះ​។​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​វា​បាន​ព្រោះ​កាល​ពី​មុន​ខ្ញុំ​ជិត​នឹង​បាន​សម្រេច​ទៅ​ហើយ​ដូច្នេះ​ពេល​នេះ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​​ទេ​​»។​

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​​នេះ​មាន​​ភាព​ចម្រូង​ចម្រាស​ជា​ច្រើន ​ខណៈ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ប្រឈម​នឹង​វិបត្តិ​កាទូត​ដ៏​តឹងតែង​​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទៅ​លើ​អ្នក​កាសែត​ Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​របស់​​ប្រទេស​នេះ​​នៅ​ក្នុង​ទីក្រុង​ Istanbul ប្រទេស ​តួកគី ​កាល​ពី​ឆ្នាំ​មុន​។​​

ទោះបី​ជា​យ៉ាង​ណា​ កីឡាករ Ruiz បាន​និយាយ​ថា រូប​គេ​ «​ពេញ​ចិត្ត​នឹង​ប្រកួត​នៅ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត​​»​។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​​ពិត​ជា​មាន​អារម្មណ៍​ល្អ​​ដូច​​ស្ថិត​នៅ​ផ្ទះ​របស់​ខ្ញុំ​អ៊ីចឹង​។ គ្រប់​គ្នា​​កំពុង​រាប់​អាន​ខ្ញុំ​ដោយ​ក្ដី​ស្រឡាញ់​ និង​ជា​ពិសេស​ខ្ញុំ​ពិត​ចូល​ចិត្ត​រសជាតិ​​អាហារ​នៅ​ប្រទេស​នេះ​»។​​​

ក្រុម​សកម្មជន​បាន​ចោទ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​នេះ​ថា ​បាន​ប្រើ​វិស័យ​កីឡា​ធ្វើ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ព្យាយាម​​លុប​លាង​មុខ​មាត់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។​

កាល​ពី​ខែ​កុម្ភៈ ថ្នាក់​ដឹកនាំ​ប្រទេស​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​ European Tour ជា​លើក​ដំបូង ​ខណៈ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​លោក​​គឺ​ Dakar Rally ក៏​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ ​២០២០​ ខាង​មុខ​នេះ​ផង​ដែរ​៕ AFP/SN