ក្រុង​ឡុង​ដ៍: Alexis Sanchez បាន​ស៊ូទ្រាំ​ទៅនឹង​ការ​ចាប់ផ្តើម​យ៉ាង​ត្រដាប​ត្រដួស​ក្នុង​អាជីព​របស់​គេ​ក្នុង​ក្រុម Manchester United ប៉ុន្តែ បាន​បង្ហើប​ប្រាប់​ថា រឿង​ល្អៗ​នឹង​កើត​ឡើង​ជាមួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​តួនាទី​នៅ​តំបន់​កណ្តាល នៅ​មុន​ពេល​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ជាមួយ​នឹង Juventus។

ខ្សែប្រយុទ្ធ Romelu Lukaku ដែលមាន​របួស​បាន​អវត្តមាន​ក្នុងពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Bournemouth ២-១ កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង ខណៈ​ដែល​លោក Jose Mourinho បាន​ជ្រើស​រើស​យក​ការ​ប្រើ​ប្រាស់​កីឡាករ ៣ នាក់​ក្នុង​តំបន់​ប្រយុទ្ធ ដោយ Anthony Martial និង Juan Mata ត្រូវ​បាន​ដាក់​ឲ្យ​លេង​នៅ​ចន្លោះ​កន្លែង​របស់ Sanchez។

អតីត​តារា​ឆ្នើម​របស់​ក្រុម Arsenal រូបនេះ គឺជា​អ្នក​បាន​ជួយ​ឲ្យ​ក្រុម Man United រកបាន​គ្រាប់​បាល់​តាម​ស្មើ​ក្នុង​តង់​ទី ១ តាមរយៈ​ការ​ជួយ​ឲ្យ Martial រក​បាន​គ្រាប់​បាល់ ហើយ​ប្រាកដ​ជា​មាន​ការ​ខក​ចិត្ត​ក្នុង​ពេល​ដែល​រូបគេ​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត។

ការប្រកួត​នេះ ដែល​ត្រូវ​បានឈ្នះ​តាមរយៈ​គ្រាប់​បាល់​របស់ Rashford នៅ​នាទី​បន្ថែម បាន​ក្លាយជា​ចំណុច​នៃ​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ស៊ីលី Sanchez ដែល​បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ការ​រក​ឲ្យ​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ត្រឡប់​មក​វិញ ចាប់​តាំង​ពី​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Old Trafford កាល​ពី​ខែ​មករា។

វា​ជាការ​បង្ហាញខ្លួន​ក្នុង​ជម្រើស​ទាំង ១១ នាក់​ដំបូង​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី ១ របស់​គេ ចាប់​តាំង​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា។

ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ដ៏​សំខាន់​នៅពេល​ជួប​ក្រុម Bournemouth លោក Mourinho បាន​កោត​សរសើរ​ដល់ Sanchez និង​បាន​ប្រើប្រាស់​រូបមន្ត​ដែល​លោក​ចូល​ចិត្ត​ជាង​គេ តាមរយៈ​ការ​បញ្ជាក់​ថា លោក​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្តាល​ជា​អចិន្រ្ដៃយ៍​ដើម្បី​ដឹកនាំ​ការ​ប្រយុទ្ធ​ឡើយ។

បច្ចុប្បន្ន Man United នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Juventus ដើម្បី​ទៅ​ជួប​អតីត​តារា​ឆ្នើម​របស់​ខ្លួន Cristiano Ronaldo ម្តង​ទៀត ពោល​គឺ​រយៈពេល ២ សប្តាហ៍ ក្រោយ​ពី​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Old Trafford ដែល​បាន​ធ្វើ​ឲ្យ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើង​ឯក​អ៊ីតាលី​មួយ​នេះ ដល់​ទៅ ៥ ពិន្ទុ​ក្នុង​ពូល H។

Fernandinho ជួប​អតីត​ក្រុម​ជាមួយ Man City រាត្រី​នេះ

ក្នុងចំណោម​ខ្សែបម្រើឆ្នើមៗជាច្រើន​ក្នុង​ក្រុម ជារឿយៗ Fernandinho ក្លាយជា​កីឡាករ​ដ៏​សំខាន់​ដែល​លោក Pep Guardiola អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុម Manchester City បាន​ពឹង​ផ្អែក​ច្រើន​ជា​ងគេ​បំផុត ក្នុងការ​ចាប់ផ្តើម​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​រដូវកាល​នេះ សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ Premier League មួយ​នេះ។

ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹងត្រូវ​ជួប​អតីត​ក្លិប​របស់ខ្លួន Shakhtar Donetsk នៅ​រាត្រី​នេះ ខណៈ Man City សម្លឹង​រក​ការ​ជួស​ជុល​ការ​ភ្លាត់​ស្នៀត​តែ ១ លើក​របស់​គេ​នៃ​យុទ្ធនាការ​របស់​ពួកគេ​មក​ទល់​ពេល​នេះ តាមរយៈ​ការ​ចាញ់ ២-១ ក្រោម​ស្នាដៃ​ក្រុម Lyon ក្នុង​ការ​ប្រកួត Champions League លើ​ទឹកដី​ខ្លួន​ឯង ជា​លើក​ចុង​ក្រោយ​របស់​ពួកគេ។

Man City បាន​យកឈ្នះ ៣-០ ពេល​ក្រុម​ទាំង ២ ជួបគ្នា​កាល​ជើង​ទី ១៕