ក្រុងប៉ូតូៈ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Fernando Santos បាន​កោតសរសើរ​កីឡាករ Cristiano Ronaldo ថា​ជា​ «​អ្នកមាន​ទេពកោសល្យ​បាល់ទាត់​» ក្រោយពី​គាត់​រក​បាន​ ៣ ​គ្រាប់​តែម្នាក់ឯង​ជួយ​ឲ្យ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ៣-១ ធ្វើឲ្យ​ព័រទុយហ្គាល់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Nations League នៅក្នុង​ទឹកដី​ខ្លួនឯង​នៅ​ទីក្រុង​ប៉ូតូ​ប្រទេស​ព័រទុយហ្គាល់​។

កីឡាករ Ronaldo រក​បាន​ ១ ​គ្រាប់​ដោយ​ការស៊ុត​បាល់ free-kick យ៉ាងល្អ​នៅ​នាទី​ទី​ ២៤ ​ដោយ​នាំ​មុខ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ១ ​គ្រាប់ ប៉ុន្តែ​ត្រូវ​បាន​ស្វ៊ីស​រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​យ៉ាង​ល្អ​នៅ​នាទី​ ៥៦ ក្រោយពី​អាជ្ញាកណ្ដាល​បាន​កាត់សេចក្ដី​រយៈពេល​មួយ​សន្ទុះ​ធំ​ក្រោម​ជំនួយ​ពី​វីដេអូ​អាជ្ញាកណ្ដាល VAR ហើយ​ក្រោយពី​នោះមក Ronaldo បាន​បន្ថែម​ ២ ​គ្រាប់​ទៀត​នៅពេល​ជិត​ចប់​ការប្រកួត​នេះ​។

លោក Santos បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ធ្វើ​ជា​គ្រូបង្វឹក​របស់​គាត់​តាំង​ពី​ឆ្នាំ​ ២០០៣ ហើយ​ខ្ញុំ​អាច​ដឹង​ច្បាស់​ថា គាត់​នឹង​ទៅ​ផ្លូវ​ណា​។ គាត់​គឺជា​អ្នកមាន​ទេពកោសល្យ​ម្នាក់​។ អ្នក​មាន​ទេពកោសល្យ​មាន​ច្រើន​ដូចជា​ខាង​គូររូប និង​ឆ្លាក់​រូប​ជាដើម ប៉ុន្តែ​គាត់​គឺជា​អ្នកមាន​ទេពកោសល្យ​ខាង​បាល់ទាត់​!»​។

តារា​បាល់ទាត់​រូបនេះ​បាន​បង្កើត​ភាពល្បីល្បាញ​បន្ថែម​ទៀត​នៅពេល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ ២ ​គ្រាប់​ទៀត​នៅ​រយៈពេល​ ២ ​នាទី​ចុងក្រោយ​នៃ​ការប្រកួត​នេះ ហើយ​គាត់​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ឬ​ហូឡង់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​។

ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​បាន​ឡើង​ដល់​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ដោយ​គ្មាន​វត្តមាន Ronaldo ទេ​ដោយសារ​គាត់​បាន​សម្រាក​ពី​ការប្រកួត​អន្តរជាតិ​ទាំងអស់​ដើម្បី​ផ្ដោត​លើ​រដូវកាល​ដំបូង​របស់​គាត់​នៅ​ក្រុម Juventus​។

ប៉ុន្តែ​ម្ចាស់​ស្បែក​មាស (Ballon d''Or) ៥ ​ជំនាន់ Ronaldo បាន​វិល​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វិញ​កាលពី​ខែ​មីនា​ហើយ​តែងតែ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ជាពិសេស​នៅ​ថ្ងៃ​មួយ​ដែល​មាន​គេ​រាយការណ៍​ថា ពាក្យបណ្ដឹង​ទៅ​លើ​រូបគាត់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ត្រូវ​បាន​គេ​ទម្លាក់ចោល​វិញ​ ប៉ុន្តែ​តាមពិត​គេ​មិនទាន់​ទម្លាក់​ចោល​នោះ​ទេ​។

នៅ​ចំពោះ​មុខ​ហ្វូង​មហាជន​ដែល​ស្រឡាញ់​ និង​ចូលចិត្ត​ក្នុង​ប្រទេស​នេះ ម្ចាស់​ស្បែក​មាស​រូបនេះ​បាន​បង្កើត​ភាព​អស្ចារ្យ​ជាថ្មី​ម្ដង​ទៀត​នៅលើ​ទីលាន​ប្រកួត​នៅពេល​គាត់​បាន​ស៊ុត​បាល់ free-kick ចូល​ទី​យ៉ាងល្អ​អស្ចារ្យ​ក្នុង​ការប្រកួត​លើក​នេះ​។

ទោះ​យ៉ាង​ណា​ម្ចាស់​ស្បែកជើង​មាស​រូបនេះ​លែង​ជា​តារា​តែមួយគត់​ដែល​រះ​នៅ​ប្រទេស​នេះ​ទៀត​ហើយ​ក្រោយពី​មាន​កីឡាករ​វ័យក្មេង​មួយ​ចំនួន​ដូចជា​ Bernardo Silva ដែល​កំពុង​រះ​នៅ​ក្លិប Man City ហើយ​ក្លិប​នេះ​អាច​នឹង​ទិញ​កីឡាករ​ក្មេង​ម្នាក់​ទៀត​គឺ Joao Felix ផង​ដែរ​។

ក្លិប Man City ត្រូវ​បាន​រាយការណ៍​ថា គ្រោង​នឹង​ទិញ​កីឡាករ Felix ក្នុង​តម្លៃ​ខ្លួន​ ១២០ ​លាន​អឺរ៉ូ​ស្មើ​ ១៣៥ ​លាន​ដុល្លារ​អាមេរិក​ពី​ក្លិប Benfica ប៉ុន្តែ​កីឡាករ​វ័យ​ ១៩ ​ឆ្នាំ​រូបនេះ​បាន​បាត់បង់​ឱកាស​ដ៏អស្ចារ្យ​ក្នុង​ការបង្ហាញ​ស្នាដៃ​ជា​អន្តរជាតិ​ជាមួយ​ឱកាស​ស៊ុត​ ១ ​គ្រាប់​នៅមុន​ពេល​បញ្ចប់​ការប្រកួត​នេះ​ដោយសារ​មាន​ការកាត់មុខ​ពី​កីឡាករ Ronaldo​។

ទោះ​ជា​មាន​លទ្ធផល​មិន​ល្អ​សម្រាប់​ជម្រើសជាតិ​ស្វ៊ីស​ក៏ដោយ គ្រូបង្វឹក​ជម្រើស​ជាតិ​ស្វ៊ីស​លោក Vladimir Petkovic នៅតែ​បាន​អបអរសាទរ​ចំពោះ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដោយ​និយាយ​ថា​៖ «​សូម​អបអរ​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​ជម្រើស​ព័រទុយហ្គាល់​ដែលេ​មាន​ភាព​វៃឆ្លាត​ និង​បង្កើត​ភាព​អស្ចារ្យ ខណៈ​ដែល​ពួកគេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ ៣ ​លើក​ក្នុង​ចំណោម​ឱកាស​ស៊ុត​បាល់​ ៤ ​លើក​គឺ​ពិតជា​អស្ចារ្យ​មែនទែន​»៕ SN