សិង្ហបុរីៈ គ្រូបង្វឹក​ក្លិប Juventus លោក Maurizio Sarri រំពឹងថា ក្លិប​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​អ៊ីតាលី Serie A នឹង​ធ្វើការ​ចុះ​កុងត្រា​ទិញ​កីឡាករ​ថែមទៀត​មុន​ពេល​បិទ​បញ្ចប់​រដូវកាល​ដោះដូរ​កីឡាករ​។

វា​ជា​រដូវកាល​ដ៏មមាញឹក​មួយ​សម្រាប់​ក្លិប Juventus ដែល​បាន​ចុះ​កុងត្រា​ទិញ​កីឡាករ​មួយ​ចំនួន​ដូចជា​កីឡាករ Matthijs De Ligt, Aaron Ramsey, Adrien Rabiot, Luca Pellegrini, Merih Demiral និង​កីឡាករ Gianluigi Buffon​។

ក្លិប Juventus ក៏​បាន​និង​កំពុង​ទាក់ទង​ជាមួយ​កីឡាករ Paul Pogba អតីត​ខ្សែបម្រើ​ និង​ជា​កីឡាករ​នៅ​ក្លិប Man Utd ព្រមទាំង​កីឡាករ Mauro Icardi នៅ​ក្លិប Inter ផង​ដែរ​។

មាន​ភាពមិនទាន់​ច្បាស់​ពី​ការចង់​បាន​កីឡាករ​ដូចជា Gonzalo Higuain, Blaise Matuidi និង Mario Mandzukic ហើយ​លោក Sarri បាន​ផ្ដល់​ពត៌មាន​ថ្មី​ពី​ការដោះដូរ​នេះ​ក្រោយ​ពី​ក្លិប Juventus ប្រកួត​ចាញ់​កីឡាករ​ក្លិប Tottenham ៣-២ ក្នុង​ការប្រកួត​មិត្តភាព​កាលពី​ថ្ងៃ​អាទិត្យ​។

លោក Sarri បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ចង់​ធ្វើឲ្យ​ខ្លួនឯង​ពាក់ព័ន្ធ​ខ្លាំង​ពេក​នៅ​លើ​ទីផ្សារ​នេះ​ទេ​ព្រោះ​ខ្ញុំ​គិត​ថា នោះ​ជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​ឲ្យ​អ្នកផ្សេង​ទទួល​បន្ទុក​បញ្ហា​នេះ​ជំនួស​វិញ​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា​៖ «​ប្រហែល​ជា​មាន​លីក​ និង​កីឡាករ​ជាច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​ដូច្នេះ​ហើយ​ខ្ញុំ​គួរតែ​ទុក​ឱកាស​នេះ​ដល់​អ្នក​ដែល​ទទួល​ខុសត្រូវ​រឿងនេះ​ជំនួស​ខ្ញុំ​វិញ​»​។

លោក Sarri បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មាន​កីឡាករ​ជាច្រើន​ដែល​មាន​តួនាទី​រួចទៅ​ហើយ​ ប៉ុន្តែ​យើង​កំពុង​ជជែក​ពី​ស្ថានភាព​មួយ​ដែល​ខ្ញុំ​មាន​កីឡាករ​ចំនួន​ ៧ ​នាក់​នៅ​ទីក្រុង​ទូរីន​ដែល​កំពុង​មាន​របួស ហើយ​ចំនួន​ ៥ ​នាក់​ទៀត​ដែល​មិនទាន់​ត្រឡប់​មកពី​ការប្រកួត​អន្តរជាតិ​វិញ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​ចាប់ពី​ពេល​នេះ​រហូត​ដល់​ចុងបញ្ចប់​នៃ​ឱកាស​ដោះដូរ​កីឡាករ​ក្លិប​នេះ​នឹង​ធ្វើអ្វី​ម្យ៉ាង​នៅពេល​ខាង​មុខ​ទៀត​នេះ ប៉ុន្តែ​យើង​ក៏​នឹង​ត្រូវ​ធ្វើ​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណាយ​ផងដែរ​»​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ត​ថា​៖ «​យើង​មាន​កីឡាករ​ជាច្រើន​ឥឡូវនេះ​ដែល​យើង​នឹង​ត្រូវ​ទុក​ ២ ​ឬ​ ៣ ​នាក់​ក្នុង​ចំណោម​កីឡាករ​នៃ​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Champions League របស់​យើង ហើយ​យើង​ពិត​ជា​ត្រូវ​ធ្វើអ្វី​ម្យ៉ាង​»​។

កីឡាករ Cristiano Ronaldo មាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅ​កីឡដ្ឋាន​ជាតិ​នៅ​ប្រទេស​សិង្ហបុរី​ជា​ទី​ដែល​ម្ចាស់​ស្បែក​មាស​ ៥ ​ជំនាន់​រូបនេះ​រកបាន​​ ១ ​គ្រាប់​ឲ្យ​ក្រុម Juventus ក្រោយ​រយៈពេល​ ៤ ​នាទី​បន្ទាប់ពី​កីឡាករ Higuain រកបាន ១ គ្រាប់​ដើម្បី​លុបចោល​ការនាំ​មុខ​របស់​ក្លិប Tottenham ដោយ​កីឡាករ Erik Lamela​។

ទោះ​យ៉ាង​ណា​ក៏ដោយ​ក្លិប Tottenham បាន​វាយបក​វិញ​យ៉ាងខ្លាំង​រហូត​ទាល់តែ​កីឡាករ Lucas Moura រកបាន​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៦០ និង​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៩៣ ​ដោយ​កីឡាករ Harry Kane ធ្វើ​ឲ្យ​ក្លិប Tottenham ឈ្នះ ៣-២​។

លោក Sarri បាន​និយាយ​ជុំវិញ​កីឡាករ Ronaldo ថា​៖ «Ronaldo គឺជា​កីឡាករ​ល្អ​បំផុត​នៅក្នុង​ក្រុម​នេះ​ដូច្នេះ​ហើយ​យើង​ត្រូវតែ​បណ្ដុះ​កីឡាករ​ ១០ ​នាក់​ទៀត​ឲ្យ​ល្អ​ដូច​គាត់​ដែរ ហើយ​គាត់​អាច​លេង​នៅ​គ្រប់​ទីកន្លែង ហើយ​វា​សំខាន់​ដែល​គាត់​អាច​លេង​បាន​នៅ​គ្រប់​ទីលាន​ទាំងអស់​»៕ SN