ក្រុងឡុងដ៍ៈ គ្រូបង្វឹកក្លិប Man Utd លោក Ole Gunnar Solskjaer បានព្រមានថា មិនទាន់អាចដោះស្រាយបានភ្លាមៗទេនៅក្លិប Man Utd ទោះជាក្លិបដ៏បំផុតនៅក្របខ័ណ្ឌ Premier League មួយនេះនៅមានសង្ឃឹមចំពោះការទិញយកកីឡាករថ្មីបន្ថែមទៀតក៏ដោយ។
ក្លិប Man Utd បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ កាលពីរដូវកាលទើបកន្លងទៅនេះ ជាយុទ្ធនាការដ៏លំបាកមួយដែលធ្វើឲ្យពួកគេមានពិន្ទុ ៣២ គឺចាញ់ដាច់ម្ចាស់ជើងឯក និងជាគូប្រជែង Man City។
ថ្មីៗនេះក្លិប Man Utd បានទិញកីឡាករ Daniel James មកពីក្លិប Swansea City និងកីឡាករ Aaron Wan-Bissaka មកពីក្លិប Crystal Palace ហើយក្លិបនេះកំពុងទាក់ទងចុះកុងត្រាបន្ថែមទៀតជាពិសេសគឺខ្សែប្រយុទ្ធ Harry Maguire នៅក្លិប Leicester City ខណៈកីឡាករ Paul Pogba និង Romelu Lukaku អាចនឹងចាកចេញពីក្លិបនេះវិញ។
លោក Solskjaer នៅតែសង្ឃឹមចំពោះការទិញយកកីឡាករបន្ថែមទៀតសម្រាប់ក្លិបរបស់គាត់ ប៉ុន្តែដូចគាត់បានធ្វើនៅដើមឆ្នាំនេះគឺជាថ្មីម្ដងទៀតសុំឲ្យមានភាពអត់ធ្មត់បន្តិច ខណៈក្លិប Man Utd គ្រោងបង្កើនសមត្ថភាពឲ្យដល់កម្រិតកំពូល។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «ខ្ញុំដឹងថា វាពិបាកនឹងទិញយកកីឡាករឲ្យបានភ្លាមៗ ខណៈយើងបាននិងកំពុងបំពេញការងាររបស់យើងដោយធ្វើការស្វែងរក និងកំណត់អត្តសញ្ញាណកីឡាករឲ្យបានច្បាស់លាស់ ប៉ុន្តែពួកគេមានក្លិបរបស់ពួកគេ»។
លោក Solskjaer បានបន្ថែមថា៖ «យើងបានចំណាយពេលច្រើនជាមួយកីឡាករ Aaron និងកីឡាករ Dan វាមិនមែនដូចជាយើងនឹងចុះកុងត្រាទិញយកកីឡាករម្ដង ១០ នាក់នោះទេគឺវាមិនអាចដោះស្រាយបានភ្លាមៗនោះឡើយ»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «ដូចខ្ញុំបាននិយាយប្រាប់អ្នករួចហើយថា យើងកំពុងធ្វើការចរចាជាមួយកីឡាករម្នាក់ ឬ ២ នាក់ម្ដងហើយយើងនៅតែសង្ឃឹម ប៉ុន្តែខ្ញុំក៏យល់ដែរថា ទីផ្សារបានប្រែប្រួលពោលគឺតម្លៃបានកើនឡើងថែមទៀត»។
ខ្សែបម្រើក្លិប Bruno Fernandes នៅក្លិប Sporting CP កីឡាករ Sean Longstaff នៅក្លិប Newcastle និងកីឡាករ Sergej Milinkovic-Savic នៅក្លិប Lazio ក៏ត្រូវបានក្លិប Man Utd កំពុងធ្វើការទាក់ទងជាមួយផងដែរ។
វិធីដោះស្រាយរបស់ក្លិប Man Utd នៅក្នុងទីផ្សារដោះដូរកីឡាករនេះពេលខ្លះត្រូវបានរងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែលោក Solskjaer បាននិយាយថាក្លិបនេះសុំឲ្យសមាជិកក្រុមធ្វើការអត់ធ្មត់បន្តិច។
លោក Solskjaer បាននិយាយថា៖ «យើងបាននិងកំពុងទាក់ទងជាមួយកីឡាករជាច្រើន ហើយខ្ញុំជឿថាអ្នកពិតជាមិនជឿថា យើងកំពុងតែធ្វើដូច្នេះនោះទេ»។
គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា ពេលខ្លះក្លិប Man Utd ត្រូវតែហ៊ានចំណាយធនធានដែលយើងមានដើម្បីទិញយកកីឡាករថ្មីថែមទៀតព្រោះយើងកំពុងតែរស់នៅក្នុងពិភពលោកបែបនេះឯង»។
គ្រូបង្វឹកវ័យ ៤៦ ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «យើងបានចំណាយពេលវេលាប៉ុន្តែយើងមិនហ៊ានចំណាយច្រើន ខណៈយើងចង់បានមនុស្ស និងកីឡាករល្អសួរថា តើវាអាចទៅរួចដែរទេ?»៕ SN