ក្រុង Madrid: លោក Mauricio Pochettino ហាក់ដូចជាមានភាពតក់ស្លុតខ្លាំងជាងលោក Jurgen Klopp ប្រសិនបើធ្វើការប្រៀបធៀបរវាងអ្នកទាំង ២ នេះ ប៉ុន្តែក្រុម Tottenham និងក្រុម Liverpool សុទ្ធតែមានឆន្ទៈដូចគ្នាក្នុងការឈ្នះពានដ៏សំខាន់បំផុតនៅតំបន់អឺរ៉ុបមួយនេះ។
ជាមួយតម្រូវការលក់តារាបាល់ទាត់ចេញពីក្លិបផង និងតម្រូវការចំណាយច្រើនសម្រាប់ក្លិបផងនោះលោក Pochettino និងលោក Klopp ម្នាក់ៗសុទ្ធតែមានភារកិច្ចស្ដារទិសដៅរបស់ក្លិបឡើងវិញឲ្យបានច្បាស់លាស់ ខណៈក្លិបរបស់ពួកគេកំពុងតែដើរលើផ្លូវមួយមិនទាន់កំណត់ច្បាស់នៅឡើយ។
មានតែឆ្នាំនេះទេដែលក្រុមហង្សក្រហម Liverpool បាននាំមុខក្រុម Spurs យ៉ាងខ្លាំងរហូតដល់ ២៦ ពិន្ទុនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែឥឡូវនេះវាមិនសំខាន់លើពិន្ទុតិច ឬច្រើននោះ អ្វីដែលសំខាន់នោះថា តើក្រុម Spurs ចង់បានរឿងដដែលនេះឬយ៉ាងណា?
នៅពេលលោក Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីរដូវក្ដៅឆ្នាំ ២០១៤ ដើម្បីជំនួយលោក Louis van Gaal នោះគឺគាត់បានជំពាក់គុណចំពោះក្រុម Liverpool ដោយសារគ្រូបង្វឹកមុនគាត់ដឹកនាំនេះបានលាឈប់ពីតំណែងក្រោយពីចាញ់ក្រុម Liverpool ៥-០ នៅក្រៅទឹកដី និងឈ្នះម្ដងទៀត ៤-០ នៅក្នុងទឹកដីខ្លួនឯងទើបធ្វើឲ្យលោក Pochettino មានឱកាសជាគ្រូបង្វឹកនៅក្លិបនេះមកទល់នឹងពេលនេះ។
នៅពេលលោក Pochettino ចូលដឹកនាំក្រុមនេះកីឡាករ Gareth Bale ក៏បានចេញទៅបាត់ ហើយតម្លៃដោះដូរចំនួន ១០០ លានអឺរ៉ូរបស់គាត់ក៏បាត់ផងដែរ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ «នៅពេលខ្ញុំមកដល់ក្រុម Spurs ខ្ញុំបានដឹងច្បាស់ទៅហើយថា នឹងមានបញ្ហាប្រឈមខ្លាំងបំផុត។ ក្លិបនេះស្ថិតក្នុងកម្រិតផ្សេង ១ ហើយគ្មានអ្នកណាជឿជាក់លើពួកយើងទេ គ្មានអ្នកណាជឿថា វិធីដែលយើងធ្វើ វានឹងនាំមកនូវជោគជ័យនោះទេ»។
ក្រោយពីបានកែប្រែវិធីសាស្ត្ររួចមកលោក Pochettino បានដាក់កីឡាករឆ្នើមឲ្យចូលលេងដូចជាកីឡាករ Dele Alli, Eric Dier, Toby Alderweireld និងកីឡាករ Son Heungmin ចំណែកក្រុមរបស់លោក Klopp វិញក៏មានដូចជាកីឡាករ Sadio Mane, Mohamed Salah, Georginio Wijnaldum និងកីឡករសំខាន់ៗផងដែរ។
លោក Pochettino និយាយនៅសប្ដាហ៍នេះថា៖ «យើងត្រូវដើរតាមជំហាននេះ ព្រោះយើងដឹងថាយើងអាចបន្តដំណើរការនេះ ហើយយើងអាចដាក់ក្រុម Tottenham ជាមួយក្រុមល្អបំផុតនៅក្នុងពិភពលោកនេះ»៕ SN