ក្រុង​ឡុង​ដ៍: Tottenham កំពុងតែ​ស្ថិតក្នុង​ទីតាំង​យ៉ាងល្អ​នៅ​លើ​តារាង​នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ ប្រឈម​មុខ​នឹង​ការ​ប្រកួត​កាត់​សេចក្តី​ជា​សក្តា​នុពល​មួយ​នៅ​រដូវ​កាល​នេះ ក្នុង​ពេល​ជួប​ក្រុម Barcelona ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ។ ក្រុម​របស់​លោក Mauricio Pochettino រក​បាន​ដល់​ទៅ ៣៦ ពិន្ទុ​ពី​ការ​ប្រកួត ១៦ លើក​នៃ​ក្របខ័ណ្ឌ Premier League ដោយ​ឈ្នះ ១២ លើក ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ ពីក្រោយ​ក្រុម Liverpool និង Manchester City។

ពួកគេ​សម្រេចបាន​នូវ​លទ្ធផល​ដ៏​ល្អ​ទាំងនោះ បើទោះបី​ត្រូវ​លេង​នៅ​កីឡដ្ឋាន​បណ្តោះ​អាសន្ន​នៃ​ទឹកដី​ខ្លួន​ឯង​នៅ​ឯ Wembley ក៏ដោយ ហើយ​ស្រប​ពេល​ដែល​កីឡាករ​របស់​ពួកគេ​ជាច្រើន​បាន​ចូលរួម​ក្នុង World Cup រហូត​ដល់​សប្តាហ៍​ចុង​ក្រោយ លទ្ធផល​នោះ មានន័យ​ថា ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ប៉ុន្តែ ទោះបីជា​យ៉ាងណា ស្របពេល Man City និង Liverpool កំពុងស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ មនុស្ស​តិចតួច​ណាស់ រំពឹង​ទុក Spurs នឹង​ឈ្នះ​ពាន Premier League ដែល​នាំ​ឲ្យ​ពួកគេ​ផ្តោត​អារម្មណ៍​ដ៏​ធំ​ទៅ​លើ​ការ​ប្រកួត​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ​លីក​របស់ អេស្ប៉ាញ ក្នុង​ពូល B។

ប៉ុន្តែ លោក Pochettino ត្រូវតែ​រក​ឲ្យ​ឃើញ​នូវ​មធ្យោបាយ​ក្នុងការ​យក​ឈ្នះ​លើ​ក្រុម Barcelona របស់ Lionel Messi ដើម្បី​ឈាន​ទៅ​វគ្គ​ចាញ់​ធ្លាក់ ប៉ុន្តែ លោក​នៅ​តែ​មាន​ភាព​វិជ្ជមាន​នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Camp Nou ដើម្បី​ជួប​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប ៥ សម័យ​កាល​មួយ​នេះ។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ដែល​មិន​បាន​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ Harry Kane ក្នុង​ជម្រើស​ទាំង ១១ នាក់​ដំបូង​ក្នុង​ពេល​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Leicester ២-០ កាល​ពី​ថ្ងៃ​សៅរ៍​នោះ បាន​ឲ្យ​ដឹង​ថា៖ «វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ធំ​មួយ។ ពួកគេ​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ហើយ ប៉ុន្តែ ក្នុង​ក្របខ័ណ្ឌ Champions League គ្មាន​ក្រុម​ណា​មួយ នឹង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ឡើយ»។

លោក​បាន​បន្ថែមទៀតថា៖ «យើង​ត្រូវតែ​ឈ្នះ និង​ឈ្នះ​ដោយ​ស័ក្តិសម។ ស្មារតី​ប្រកួត គឺ​ត្រូវ​ស្ថិត​ក្នុង​កម្រិត ២០០ ភាគរយ​ដើម្បី​ដណ្តើម​យក​ឈ្នះ។ យើង​នឹង​ទៅ​ដល់​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត ព្រោះ Barcelona ជា​ក្រុម​មួយ​ដ៏​ខ្លាំង​បំផុត​ក្នុង​អឺរ៉ុប»។

Spurs ដណ្តើមបាន​ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៣ លើក​ដំបូង​របស់​ខ្លួន​ពី​ការ​ប្រកួត​ពូល B៕