ក្រុងម៉ាឌ្រីដៈ លោក Javier Tebas បានប្រកាសថា គាត់នឹងចុះចេញពីតំណែងជាប្រធាន LaLiga ដើម្បីឈរឈ្មោះឲ្យគេបោះឆ្នោតម្ដងទៀត។
បុរសវ័យ ៥៧ ឆ្នាំរូបនេះ បានដឹកនាំក្របខ័ណ្ឌអេស្ប៉ាញកំពូលនេះតាំងពីឆ្នាំ ២០១៣ ហើយនៅក្នុងអាណត្តិទី២របស់លោក Tebas គាត់ក៏បានលាឈប់ពីតំណែងម្ដងដែរនៅឆ្នាំ២០១៦ដើម្បីឈរឈ្មោះឲ្យគេបោះឆ្នោតជាថ្មី។
ហើយអាណត្តិចុងក្រោយរបស់ប្រធានរូបនេះគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២០ ប៉ុន្តែគាត់បានធ្វើការសម្រេចចិត្តម្ដងទៀតដើម្បីបង្ខំឲ្យគេបោះឆ្នោតមុនអាណត្តិ។
លោក Tebas បានពន្យល់ពីមូលហេតុនេះថា៖ ខ្ញុំបានសម្រេចចិត្តចុះចេញពីតំណែងជាប្រធានដើម្បីឲ្យគេរៀបចំការបោះឆ្នោតជាថ្មីដែលខ្ញុំគ្រោងនឹងឈរឈ្មោះផងដែរ ហើយខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រឲ្យខ្ញុំបន្តអាណត្តិ ៤ ឆ្នាំទៀត។
ថ្មីៗនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញបានទាមទារឲ្យលោក Tebas ចុះចេញពីតំណែងចំពោះការធ្វើឲ្យក្លិបមួយចំនួនមានគ្រោះថ្នាក់ដោយទទួល «ទណ្ឌកម្មផ្នែកកីឡានិងសេដ្ឋកិច្ចធ្ងន់ធ្ងរ» ក្រោយពីចៅក្រមម្នាក់បានពន្យារពេលផែនការដ៏ចម្រូងចម្រាសរបស់លីកនេះក្នុងការរៀបចំការប្រកួតនៅរដ្ឋ Miami សហរដ្ឋអាមេរិក៕ AFP/SN