អាមេរិកៈ កីឡាករប្រដាល់ Keith Thurman កាលពីថ្ងៃពុធបានប្ដេជ្ញាចិត្តថានឹងធ្វើឲ្យវីរបុរសប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ចូលនិវត្តន៍អស់ចិត្ត ខណៈគូប្រកួតទាំង ២ នេះបានប្ដូរពាក្យសម្ដីគ្នាជាច្រើននៅមុនការប្រកួតនៃស្ថាប័នសមាគមប្រដាល់ពិភពលោក (WBA) ក្នុងទម្ងន់ក្រោមមធ្យម (welterweight)។
កីឡាករមិនធ្លាប់ស្គាល់ចាញ់ Thurman អាយុ ៣០ ឆ្នាំនឹងប្រកួតជាមួយកីឡាករ Pacquiao នៅទីក្រុងឡាសវេហ្គាសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែកក្កដាដែលជាការប្រកួតរវាងកំពូលជើងឯកពិភពលោកប្រចាំស្ថាប័ន WBA និងម្ចាស់ជើងឯកពិភពលោករងប្រចាំស្ថាប័ននេះផងដែរ។
កីឡាករ Thurman ដែលមានប្រវត្តិប្រកួតមិនធ្លាប់ចាញ់ ឈ្នះ ២៩ លើកដោយផ្ដួលគូប្រកួត ២២ លើកនេះបានសម្រាកការប្រកួតរយៈពេលជិត ២ ឆ្នាំមកហើយមុនពេលប្រកួតឈ្នះកីឡាករ Josesito Lopez ដោយពិន្ទុកាលពីថ្ងៃទី ២៦ ខែមករា។
ម្ចាស់ជើងឯក ៨ ស្ថាប័ន Pacquiao មានអាយុលើសកីឡាករសញ្ជាតិអាមេរិករូបនេះ ១០ ឆ្នាំហើយការប្រកួតចុងក្រោយគឺឈ្នះកីឡាករ Adrien Broner ដោយឯកច្ឆន្ទកាលពីខែមករា។
នៅពេលកីឡាករទាំង ២ នាក់បានជួបគ្នានៅសន្និសីទកាសែតក្នុងក្រុង Beverly Hills សហរដ្ឋអាមេរិកកាលពីថ្ងៃពុធនោះ Thurman បានប្ដេជ្ញាចិត្តថា នឹងបង្ហាញឲ្យឃើញពីភាពខុសគ្នានៃអាយុនេះ។
Thurman បាននិយាយថា៖ «នេះគឺជាការប្រកួតចុងក្រោយរបស់ Pacquiao ហើយព្រោះខ្ញុំនឹងកម្ទេចវីរភាពរបស់ Pacquiao នៅថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ។ គាត់មានអាជីពដ៏អស្ចារ្យម្នាក់ និងជាវីរជនម្នាក់ផងដែរ។ យើងទាំងអស់គ្នាស្រឡាញ់គាត់ និងគោរពគាត់ ហើយខ្ញុំនឹងគោរពគាត់ដោយទាត់គាត់ឲ្យចេញអាចម៍តែម្ដង»។
កីឡាកររូបនេះបានបន្ថែមថា៖ «នេះជាការប្រកួតដ៏ធំមួយ ប៉ុន្តែវាជាការប្រកួតជាមួយមនុស្សតូចម្នាក់។ ខ្ញុំធ្លាប់បានផ្ដួលកីឡាករជើងចាស់ជាច្រើនមកហើយក្នុងអាជីពរបស់ខ្ញុំហើយខ្ញុំគួរតែបានផ្ដួលគាត់តាំងពី ៥ ឆ្នាំមុនមកម៉្លេះ»។
ចំណែក Pacquiao ជាអ្នកនយោបាយផង និងអ្នកប្រដាល់ផងនេះបានសើចចំអកនឹងការគំរាមនេះដោយនិយាយថា៖ «ខ្ញុំអាចនិយាយថាគូប្រកួតស្ទើរតែទាំងអស់តែងតែនិយាយបែបនេះដាក់ខ្ញុំ ប៉ុន្តែនៅពេលឡើងលើសង្វៀនគឺអ្វីៗបានផ្ទុយពីអ្វីការពិតព្រោះខ្ញុំតែងតែផ្ដួលគេដោយងាយស្រួល ហើយយើងនឹងដឹងថា តើអ្នកណាក្មេងជាងអ្នកណាជាមិននៅថ្ងៃទី ២០ ខែកក្កដា ហើយខ្ញុំមិនចូលចិត្តការនិយាយឥតប្រយោជន៍នៅមុនពេលប្រកួតទេប៉ុន្តែកណ្ដាប់ដៃខ្ញុំនឹងនិយាយជំនួសខ្ញុំ»។
គ្រូបង្គោល Pacquiao លោក Freddie Roach បាននិយាយថា៖ «Pacquiao គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកព្រោះក្រឹត្យក្រមការងាររបស់គាត់គឺអស្ចារ្យណាស់។ យើងបានសិក្សាពីកីឡាករ Thurman រួចហើយ ហើយយើងនឹងយកឈ្នះគាត់តាមផែនការកំណត់»។ SN