ភ្នំពេញ៖ ​កីឡា​ប្រភេទ​ប្រយុទ្ធ​មួយ​ដែល​មាន​លក្ខណៈ​ស្រួច​ស្រាល់​ ទាមទារ​នូវ​អត្តពលិក​កម្លាំង​មហាសាល​ដែល​មាន​ឈ្មោះ​ថា ​«MAS Fighter» ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍ ​Town សហការ​ជាមួយ​ប្រដាល់​សេរី​អន្តរជាតិ MAS Fighter ​Kunkhmer នាំ​យក​មក​ប្រកួត​នៅ​កម្ពុជា ដែល​នឹង​ធ្វើ​​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន ​នា​ខណ្ឌ​ឫស្សី​កែវ​ ​រាជធានី​ភ្នំពេញ ថ្ងៃទី ​២៧ ​ខែ ​តុលា​ ឆ្នាំ ​២០១៩ ​ខាង​មុខ​នេះ។

កីឡាករ​លំដាប់​កំពូល​ពិភព​លោក​មួយ​ចំនួន​នឹង​បង្ហាញ​​វត្តមាន​ប្រកួត ​នៅ​​ថ្ងៃ​នោះ​ ហើយ​លោក​អាជ្ញា​កណ្តាល​ Tony Weeks ​ដែល​ធ្លាប់​ដឹកនាំ​ការ​ប្រកួត​ឲ្យ​ Manny​ Pacquiao និង​ដឹកនាំ​កីឡា​ប្រដាល់​កម្រិត​​ពិភព​លោក​ជា​ច្រើន​នោះ ក៏​នឹង​ចូល​រួម​ដឹកនាំ​ក្នុង​ព្រឹត្តិការណ៍​ MAS Fihter ផង​ដែរ។ ​នេះ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក​ ស្រិន​ គឹមកុសល​ នាយក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ថោន។​

ចំណែក​លោក​ Tommy ​ប្រធាន​ចាត់​ការ​ទូទៅ​របស់ MAS Fighter ​ប្រចាំ​នៅ​កម្ពុជា​ បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​​ថា​ ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នៅ​ថ្ងៃ​អាទិត្យ​ ទី ​២៧ ​ខែ ​តុលា​ ឆ្នាំ ​២០១៩ ​ខាង​មុខ​នេះ នឹង​​ចាប់​ពី​ម៉ោង ​៣ ​រសៀល​ទៅ​ ដោយ​មាន​ការ​ប្រកួត​ចំនួន ​១០ ​គូ ​ក្នុង​នោះ​មាន​កីឡាករ​គុន​ខ្មែរ​ប្រកួត​ជាមួយ​គុន​ខ្មែរ​, កីឡា​មួយ​ថៃ​ ប៉ះ​ជាមួយ​គុន​ខ្មែរ​ និង​សៅលិញ​មក​ពី​ប្រទេស ​ចិន ​ប៉ះ​កីឡាករ​មួយថៃ​។

លោក ​Tommy​ បាន​បន្ថែម​ថា៖ ​«​មាន​កីឡាករ​មក​ពី​ប្រទេស​ចំនួន ​៩ ​​មាន​​ខ្មែរ​ ​​ថៃ​ ​ចិន​ និង​អូស្ត្រាលី​​ ប៉ុន្តែ​ការ​ផ្គូផ្គង​មិន​ទាន់​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ ​ដោយ​រង់ចាំ​គណៈកម្មការ​ផ្គូផ្គង​របស់​ MAS Fighter ​នៅ​ហុងកុង​សិន​ ប៉ុន្តែ​សម្រាប់​គូ​ស្រួច​ស្រាល់​លំដាប់​ពិភព​លោក​ចំនួន ​២ គូ​ គឺ​កីឡាករ​ កែវ ​រំចង់ ​របស់​កម្ពុជា ត្រូវ​​វ៉ៃ​សងសឹក​ជាមួយ​​ជើង​ខ្លាំង​មួយ​ថៃ ​ឆាង​ភឿក​ ហើយ​កីឡាករ​មួយ​ថៃ ​ប៊ូខាវ ​ត្រូវ​​សងសឹក​​កីឡាករ​សៅលិញ​របស់​ចិន​ យ៉ុនប៊ិន​ ចំណែក​ ​៨ ​គូ​ទៀត​ នឹង​​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃទី ​២២​ ខែ​តុលា​ នៅ​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ណាហ្គាវើល»​។​

ទាក់ទង​ទៅ​នឹង​អាជ្ញា​កណ្តាល ​និង​ចៅ​ក្រម ​ព្រម​ទាំង​បទ​បញ្ជា​ប្រកួត ​លោក​ Tommy ​​បាន​ប្រាប់​ថា​៖ «​គ្មាន​ចៅ​ក្រម​កាត់​សេចក្តី​ទេ ​គឺ​ការ​ប្រកួត ​បើ​មិន​ចាញ់​ឈ្នះ​ ដោយ​សន្លប់​ទេ​ គឺ​ត្រូវ​ចាត់​ទុក​ថា​ស្មើ​គ្នា ​ហើយ​ការ​ប្រកួត​វ៉ៃ​គ្នា​ គ្មាន​សម្រាក​រយៈពេល​ចំនួន ​៩ ​នាទី ​គឺ​មាន​តែ​អាជ្ញាកណ្តាល​ម្នាក់​តែ​ប៉ុណ្ណោះ​»។​

ចំណែក​លោក​ តូនី​ ឆេង​ ជំនួយ​ការ​រៀបចំ​នៃ​កម្មវិធី ​MAS Fighter ​​បាន​ប្រាប់​បន្ថែម​ថា​ ​កីឡាករ​ឆ្នើម​របស់​ថៃ ​ប៊ូខាវ​ និង​យ៉ុនប៊ិន​ ​របស់​ចិន​សៅលិញ​ ព្រម​ទាំង​គុន​ខ្មែរ​ ​កែវ ​រំចង់​ និង​ថៃ​ឆាងភឿក ​នឹង​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​សន្និសីទសារ​ព័ត៌មាន​ នៅ​​រសៀល​ថ្ងៃទី ២២​ ខែ​តុលា។ រីឯ​លោក​អាជ្ញា​កណ្តាល​ល្បីល្បាញ​កម្រិត​ពិភព​លោក ​គឺ​លោក ​Tony ​Weeks​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្ហាញ​វត្តមាន​កាត់​ក្តី​លើ​សង្វៀន​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែរ​។​

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​​បាន​ថ្លែង​ថា​៖ «​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​របស់​ខ្មែរ​ ដែល​ចូលរួម​ធ្វើ​ការ​នេះ​ គឺ​ធ្វើ​ការ​តែ​គូ​កីឡាករ​គុន​ខ្មែរ ជាមួយ​គុន​ខ្មែរ ​ឬ​គុន​ខ្មែរ ​ជាមួយ​មួយ​ថៃ​ទេ ចំណែក​​ក្រៅ​ពី​នេះ ​គឺ​ទៅ​តាម​ច្បាប់​ និង​លក្ខខណ្ឌ​របស់​ MAS Fighter ​ដែល​គេ​កំពុង​តែ​ទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កីឡា​មួយ​ចំនួន​ទៀត»​៕​