ភ្នំពេញៈ ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ដែល​ទើប​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម​ U18 ​ថៃ​ជា​លើកដំបូង​នោះ​គឺ​ពួកគេ​មិន​អាច​ប្រើ​កម្លាំងចិត្ត​ដ៏ធំ​នេះ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើងឯក ម៉ាឡេស៊ី​ក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​ ៣ ​ប្រចាំ​ពូល​ B នៃ​ពានរង្វាន់ AFF U18 Championship 2019 បាន​នោះ​ទេ គឺ​ក្រុម​កម្ពុជា​បាន​ចាញ់ ៣-០​។

សម្រាប់​ការប្រកួត​នៅ​លើ​ទឹកដី​វៀតណាម​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ក្រុម ​U18 ​ម៉ាឡេស៊ី​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ U18 ​កម្ពុជា​ច្រើន និង​រកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ៣-០ នៅ​ត្រឹម​តង់​ទី​ ១ ​នេះ​តែ​ម្តង ព្រោះ​ការប្រកួត​តង់​ទី​ ២ ក្រុម​កម្ពុជា​បាន​ពង្រឹង​ការលេង​បាន​ល្អ​វិញ ដើម្បី​រក្សា​ស្ថានភាព​លេង​ដល់​ចប់​ ៩០ ​នាទី​។

ការ​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-០ លើក​នេះ​បាន​ក្លាយ​ជា​ការបរាជ័យ​លើក​ទី​ ២ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​ U18 ​អូស្ត្រាលី ៥-១ កាល​ប្រកួត​បើកឆាក​ប្រចាំ​ពូល​ B ​នេះ​កាលពី​ថ្ងៃ​ពុធ​។

យ៉ាងណា​ក៏ដោយ​ការយក​ឈ្នះ​ក្រុម​ U18 ​ថៃ ៤-៣ ក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​ ២ កាលពី​ថ្ងៃ​សុក្រ វា​បាន​ក្លាយ​ជា​ជោគជ័យ​ដ៏ធំ​បំផុត​សម្រាប់​កម្ពុជា ហើយ​ជ័យជម្នះ​នោះ​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ ពិសេស​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​បាន​ចាត់ទុក​ការឈ្នះ​នេះ​ថា​ជា​ «​ប្រវត្តិសាស្ត្រ​ថ្មី​» សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

ការចាត់ទុក​បែប​នេះ​ព្រោះ​សម្រាប់​ការប្រកួត​គ្រប់​ប្រភេទ​អាយុ​ទាំងអស់​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​ក្រុម​ជម្រើសជាតិ​ថៃ​ម្តង​ណា​ឡើយ ខណៈ​ការជួប​គ្នា​ ៦ ​លើក​ក្នុង​ពាន AFF U18 Championship នេះ ក្រុម​ម្ចាស់​ជើងឯក​ ៥ ​ជំនាន់​របស់​ថៃ​បាន​យក​ឈ្នះ​ក្រុម​កម្ពុជា ៧-០ កាល​ឆ្នាំ​ ២០០៧ រួច​បន្ត​ឈ្នះ ៣-០ នៅ​ឆ្នាំ​ ២០០៩ ឈ្នះ ៥-០ នៅ​ឆ្នាំ​ ២០១១ ឈ្នះ​ ៦-០ នៅ​ឆ្នាំ​ ២០១៥ ឈ្នះ ២-១ នៅ​ឆ្នាំ​ ២០១៦ និង​បាន​ឈ្នះ ១-០ កាលពី​ឆ្នាំ​ ២០១៧​។

ដោយឡែក​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​ ៤ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​ U18 ​កម្ពុជា​ត្រូវ​ជួប​ក្រុម​ U18 ​សិង្ហបុរី​នៅ​រសៀល​ម៉ោង ៤:៣០ ហើយ​ការជួបគ្នា​រវាង​ក្រុម​ទាំង​ ២ ​នេះ​វា​អាច​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏ស្វិតស្វាញ និង​ស័ក្តិសម​មួយ ព្រោះ​សិង្ហបុរី​ក៏​ទើប​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ ផង​ដែរ​៕