ភ្នំពេញ៖ ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ ឆ្នាំ (U18 កម្ពុជា) នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុម U18 Fukushima របស់ជប៉ុន នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង៥ ថ្ងៃពុធនេះ ចំណែកក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ក៏ត្រូវធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមហ្វុតសាលខ្លាំងក្នុងស្រុក ដោនថោនស្ព័ត នាល្ងាចថ្ងៃនេះផងដែរ។
ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ជើងឯកហ្វុតសាលថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ ដោនថោនស្ព័ត នឹងត្រូវប្រកួតមិត្តភាព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ (ច្រកចូលវត្តសំពៅមាស) នាល្ងាចម៉ោង ៦ ថ្ងៃពុធនេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា។
បើទោះបីជា ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បានជួបការបរាជ័យទាំង៣ប្រកួត សម្រាប់ការប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមហ្វុតសាលលីកកំពូល ថៃ ក្នុងពេលចេញទៅហ្វឹកហាត់នៅថៃកន្លងមកនេះ គឺចាញ់ក្រុម Rachanavy FC ៥-១ ចាញ់ក្រុម Samumsakhon University ៤-១ និងបន្តចាញ់ក្រុម Bangkok City FC ៩-១ កាលពីថ្ងៃទី ២៦ ខែតុលា ប៉ុន្តែ ការវិលមកជួបក្រុមដោនថោនស្ព័ត លើកនេះ ត្រូវបានគេរំពឹងថា ក្រុមហ្វុតសាលកម្ពុជា អាចនឹងទទួលបានលទ្ធផលល្អ។
ការប្រឹងប្រែង យកឈ្នះក្រុមដោនថោនស្ព័ត សម្រាប់ការប្រកួតមិត្តភាពនេះ វាជាអ្វីដែលក្រុមហ្វុតសាលកម្ពុជា ត្រូវធ្វើ ដើម្បីលើកទឹកចិត្ត ក៏ដូចជាធ្វើឲ្យអ្នកគាំទ្រមានទំនុកចិត្ត សម្រាប់ដំណើរចេញទៅប្រកួតពាន AFF Futsal Championship 2018 ដោយក្នុងនោះកម្ពុជា ឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈពូលB មានថៃ វៀតណាម ប្រ៊ុយណេ និង ទីម័រខាងកើត។
ដោយឡែក ការប្រកួតរវាងក្រុម U18 កម្ពុជា និងក្រុម U18 Fukushima វាបានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍។ បើទោះបីជាជំនួបរវាងក្រុមទាំង២ ត្រូវបានរៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពិសេសអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ប៉ុន្តែការប្រកួតនេះ នឹងមានភាពស្វិតស្វាញ។
ក្រុម U18 កម្ពុជា និងក្រុម U18 Fukushima នឹងប្រឹងប្រែងប្រកួតគ្នា អស់ពីសមត្ថភាព ព្រោះក្រុមទាំង២សុទ្ធតែចង់ដឹងពីសមត្ថភាពពិត និងចង់ទទួលបានបទពិសោធថ្មីៗបន្ថែម ដើម្បីយកទៅពង្រឹងគុណភាពលេងរបស់ពួកគេ ហើយអ្នកទស្សនា អាចចូលរួមមើលការប្រកួតនេះ ដោយសេរី គឺគ្មានការលក់សំបុត្រនោះទេ៕