ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ មិនអាចប្រើការមានប្រៀបក្នុងរយៈពេល ៣០ នាទីចុងក្រោយ ដើម្បីវាយបកយកឈ្នះលើក្រុម U19 ម៉ាឡេស៊ី ដែលមានសមាជិកនៅសល់ត្រឹម ៩ នាក់បាននោះទេ គឺពួកគេបានត្រឹមបន្សល់ទុកនូវការសោកស្តាយ ចំពោះការចាញ់ ៥-៤ ក្នុងការប្រកួតបើកឆាកប្រចាំពូល G នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម ១៩ ឆ្នាំ ហើយនេះជាអ្វីដែលធ្វើឲ្យក្រុមមួយនេះ មានការតាំងចិត្ត យកឈ្នះលើក្រុមកោះម៉ារីណាខាងជើង នៅថ្ងៃនេះ។
ការលេងហាក់មិនសូវយល់ចិត្តគ្នា នៅក្នុងតង់ទី ១ បានធ្វើឲ្យក្រុម U19 កម្ពុជា របូតដល់ ៣ គ្រាប់ ដែលកើតចេញពីការទាត់បាល់ហ្វ្រីឃីតរបស់ Shafi នៅនាទីទី ៣០ ព្រមទាំងការស៊ុតបញ្ចូលទីរបស់ Fakrul និង Azrin នៅនាទីទី ៤០ និងទី ៤២ ប៉ុន្តែការពិន័យកាតក្រហមទៅលើកីឡាករ Ajmal និង Zikri នៅនាទីទី ៥៨ និងទី ៥៩ បានបើកផ្លូវឲ្យកម្ពុជា រកបាន ២ គ្រាប់វិញ នៅនាទីទី ៦១ និងទី ៦៥ ដែលស៊ុតហ្វ្រ៊ីឃីតដោយកីឡាករ មិត សសម៉ើយ និងស៊ុតបញ្ចូលទីពីចម្ងាយរបស់ ជា សុខម៉េង។
យ៉ាងណាក៏ដោយ ក្រុមម៉ាឡេស៊ី ដែលសល់សមាជិកត្រឹម ៩ នាក់ នៅលើទីលាននោះ បានទទួលគ្រាប់បាល់សំណាងមួយ ខណៈខ្សែប្រយុទ្ធ Luoman ទាត់បាល់បំផ្លោងចោលសោះ តែបែរជាបាល់នោះ ហោះធ្លាក់ចូលក្បែររបារទី ផុតដៃអ្នកចាំទី ថា ច័ន្ទឫទ្ធី នៅនាទីទី ៦៧ ហើយ Atio បានស៊ុត ១ គ្រាប់ទៀត នៅនាទីទី ៧៣ មុនពេល រីលាភផេង និង សឿត ណាវ៉ា រកបាន ២ គ្រាប់វិញឲ្យកម្ពុជា នៅនាទីទី ៧៧ និងទី ៨៨។
គ្រូបង្វឹកក្រុម U19 កម្ពុជា លោក Kuji Gyotoku ហាក់នៅតែមិនអស់ចិត្ត ចំពោះការចាញ់ក្រុម U19 ម៉ាឡេស៊ី ៥-៤ ក្នុងការប្រកួតបើកឆាកនេះ តែលោកបានអះអាងថា នឹងព្យាយាមយកឈ្នះឲ្យបាន សម្រាប់ការប្រកួតបន្ទាប់ គឺការជួបក្រុមកោះម៉ារីណាខាងជើង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ។
លោក Kuji Gyotoku បានថ្លែង នៅក្នុងសន្និសីទក្រោយចាញ់ក្រុម U19 ម៉ាឡេស៊ី ៥-៥ កាលពីយប់ថ្ងៃសៅរ៍នោះថា៖ «ការប្រកួតថ្ងៃនេះ ពិតជាតានតឹងខ្លាំង ហើយយើងស្ទើរតែមានឱកាសរកពិន្ទុបាន ១ ពិន្ទុទៅហើយ ប៉ុន្តែយើងមិនអាចធ្វើបាន។ ម៉ាឡេស៊ី ពិតជាល្អទាំងបច្ចេកទេសកីឡាករម្នាក់ៗ និងកលល្បិចប្រកួត ប៉ុន្តែកីឡាករយើងក៏លេងបានល្អដូចគ្នា ហើយយើងនឹងព្យាយាមយកឈ្នះឲ្យបាន សម្រាប់ការប្រកួតបន្ទាប់ទៀត»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះប្រចាំពូល G នៃពានរង្វាន់ AFC U19 Championship qualification 2020 នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍នោះ ក្រុមកោះម៉ារីណាខាងជើង បានទទួលរងការដាក់សម្ពាធខ្លាំងពីក្រុម U19 ប្រ៊ុយណេ មុនពេលអ្វីៗត្រូវបានបញ្ចប់ជាមួយការចាញ់ប្រ៊ុយណេ ៤-៣ ហេតុនេះការវិលមកជួបក្រុមមកពីកោះមួយនេះ វាជាពេលដ៏ល្អ ដែលកម្ពុជា អាចនឹងមានឱកាសរកបាន ៣ ពិន្ទុ ខណៈក្រុមប្រ៊ុយណេ នឹងត្រូវជួបក្រុម U19 ថៃ នារសៀលម៉ោង ៣:៣០ ថ្ងៃចន្ទនេះដែរ៕