ក្រុងប៉ារីសៈ ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប EUFA លោក Aleksander Ceferin បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក្រោយពី​ប្រធានាធិបតី​រូបនេះ​បាន​រិះគន់​ចំពោះ​សំណើសុំ​ផ្លាស់ប្ដូរ​ក្របខ័ណ្ឌ Champions League​។

លោក Ceferin បាន​និយាយ​ថា​៖ «​វា​ជា​ការជ្រៀតជ្រែក​នយោបាយ​នៅក្នុង​វិស័យ​កីឡា​» នៅក្នុង​សមាជ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ជា​ទី​ដែល​លោក Gianni Infantino បាន​ជាប់ឆ្នោត​ជាថ្មី​ទៀត​សម្រាប់​អាណត្តិ​ទី​ ២ ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​។

លោក Macron បាន​និយាយ​ដូច្នេះ​នៅពេល​លោក​បាន​ជួប​ជាមួយ​ក្រុម​បាល់ទាត់​នារី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​នៅ​មូលដ្ឋាន​ពួកគេ​ជិត​ទីក្រុង​ប៉ារីស​នៅ​មុនពេល​ចាប់ផ្ដើម​ប្រកួត World Cup សម្រាប់​នារី​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​បាន​វាយប្រហារ​ចំពោះ​ផែនការ​កែប្រែ​ក្របខ័ណ្ឌ Champions League ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រយោជន៍​ច្រើន​ដល់​ក្លិប​ធំៗ​បំផុត​នៅ​តំបន់​នេះ​ ខណៈ​ក្លិប​តូចៗ​ផ្សេងទៀត​បាន​បាត់បង់​ឱកាស​ទៅវិញ​។

លោក Ceferin បាន​និយាយ​ថា​៖ «​វា​ដូចជា​មិន​ទំនង​ទាល់តែ​សោះ​ដែល​មក​ចូលរួម​ពិធី​សម្ពោធ​នៅមុន​ពេល​ប្រកួត World Cup របស់​នារី ដោយ​និយាយ​ពី​ប្រធានបទ​ផ្សេង​បែប​នេះ​ទៅ​វិញ​»​។

លោក Ceferin បាន​បន្ត​ថា​៖ «​ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​របស់​យើង​ទេ ហើយ​ជា​ការពិត​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​ភាគី​ណា​មួយ​នឹង​គ្មាន​ប្រយោជន៍​នោះទេ​»​។

ការកែប្រែ​ក្របខ័ណ្ឌ​ Champions League ដែល​នឹង​ប្រែក្លាយ​ការប្រកួត​របស់​ក្លិប​ឈាន​មុខ​គេ​នៅ​តំបន់​អឺរ៉ុប​ឲ្យ​ទៅ​ជា​អ្វីមួយ​ដែល​ខិត​ទៅ​លីក​កំពូល​ប្រចាំ​ទ្វីប​សម្រាប់​ក្រុម​ឆ្នើមៗ​នោះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ឆ្នាំ​ ២០២៤ ​តទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក៏​មាន​ការជំទាស់​ជាច្រើន​ផង​ដែរ​។

លោក Macron បាន​និយាយ​ថា​៖ «​យើង​ត្រូវការពារ​ម៉ូដែល និង​ក្លិប​របស់​យើង ហើយ​ខ្ញុំ​គិត​ថា វា​មិនមែន​ជា​គំនិត​ល្អ​ទេ​ដែល​ត្រូវ​លះបង់​ម៉ូដែល​របស់​យើង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​បន្តិចបន្តួច​នោះ​»​។

ថ្មីៗ​នេះ​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ទំនង​ជា​មិន​ចង់​និយាយ​អ្វី​ឲ្យ​ពាក់ព័ន្ធ​នឹង​សុន្ទរកថា​របស់​លោក Macron នោះ​ទេ​។

លោក Noel Le Graet បាន​និយាយ​ថា​៖ «​ខ្ញុំ​គិតថា FIFA និង UEFA កំពុង​ចុះសម្រុង​គ្នា ហើយ​ថា​សហព័ន្ធ​នេះ​កំពុង​ចុះសម្រុង​នឹង UEFA ហើយ​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ណាមួយ​គឺ​គ្មានអ្វី​ពាក់ព័ន្ធ​នោះ​ទេ​»៕ SN