ក្រុង​ឡុងដ៍៖ កីឡាករ Kyle Walker កំពុង​ប្រឈម​ជាមួយ​នឹង​វិធានការ​វិន័យ​របស់​ក្រុម​មេឃខៀវ Manchester City បន្ទាប់​ពី​​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​រំលោភ​ច្បាប់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ ដោយ​ការ​រៀបចំ​ពិធី​ជប់​លៀង​សិច​មួយ​ ទាំង​ដែល​​ខ្លួន​ឯង​ជា​អ្នក​​ស្នើ​ឲ្យ​ប្រជាជន​ទាំង​អស់​សម្រាក​នៅ​ផ្ទះ​នា​ពេល​កន្លង​ទៅ​។​

ខ្សែ​ការពារ​សញ្ជាតិ​របស់​​អង់គ្លេស​វ័យ ​២៩ ​ឆ្នាំ Walker បាន​ធ្វើ​ការ​សុំទោស បន្ទាប់​ពី​កាសែត The Sun បាន​ចុះ​ផ្សាយ​ថា​ រូប​គេ​បាន​ទូរស័ព្ទ​ហៅ​នារី ​២ ​រូប ​ឲ្យ​មក​ផ្ទះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​។

កាល​ពី​ថ្ងៃ​ពុធ​មុន Walker បាន​ផូស្ត​តាមរយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​សុំ​ឲ្យ​សាធារណជន​ទាំង​អស់​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​​មាន​គម្លាត​សង្គម​។

ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ​១៩ នេះ ចក្រភព​អង់គ្លេស​បាន​ចេញ​របាយការណ៍​មួយ​​កាល​ពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង​ ៦២១​ បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ៤ ៩៣៤ ​នាក់។

ក្រោយ​ពី​បាន​ប្រព្រឹត្ត​នូវ​កំហុស​នេះ Walker បាន​ធ្វើ​ការ​​សុំទោស​តាមរយៈ​សេចក្ដី​ប្រកាស​​មួយ​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ការ​សុំ​អភ័យទោស​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ មិត្ត​ភក្ដិ​ទាំង​អស់​ក្លិប​បាល់ទាត់​អ្នក​គាំទ្រ​ទាំងឡាយ​ព្រម​ទាំង​សាធារណជន​ទូទៅ​ផង ដែល​បាន​​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ខក​ចិត្ត​»​។​

Walker ដែល​ចេញ​ពី Tottenham Hotspur មក​ចូលរួម​ជាមួយ​ Man City កាល​ពី​ឆ្នាំ ​២០១៧ បាន​បន្ត​​នៅ​ក្នុង​ប្រកាស​​នោះ​ថា​៖ ​​«​មាន​វីរបុរស-វីរនារី​ជា​ច្រើន ​បាន​ចេញ​មក​ជួយ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​អស្ចារ្យ​ដល់​សង្គម​ពេល​នេះ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ​​មាន​បំណង​ជួយ​គាំទ្រ​ និង​​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លះបង់​ដ៏​គួរ​ឲ្យ​សរសើរ​ និង​ការ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ជីវិត​​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​»​។ ​

ក្រោយ​មាន​ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​ Walker ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ទី២ នៅ​ក្របខ័ណ្ឌ Premier League របស់​ប្រទេស ​អង់គ្លេស ដែល​បាន​​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល​បន្ទាប់​ពី Jack Grealish របស់ក្រុម ​​​Aston Villa​។ កីឡាករ​ប្រធាន​​ក្រុម​របស់ The Villa ដូច​គ្នា​ដែរ បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស បន្ទាប់​ពី​ប្រព្រឹត្ត​កំហុស​រួច ហើយ​ក៏​ត្រូវ​ក្លិប​ធ្វើ​ការ​ពិន័យ​ជា​ប្រាក់​រួច​រាល់​ហើយ​ដែរ​​។​

បច្ចុប្បន្ន​ការ​ប្រកួត​បាល់ទាត់​នានា​ត្រូវ​បាន​ផ្អាក ដោយសារ​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូណា ហើយ​ពាក់ព័ន្ធ​នឹង​ទង្វើ​របស់ Walker ក្លិប​សម្បូរ​លុយ​​​ Man City នឹង​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្លិប​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​៖ ​«បុគ្គលិក និង​កីឡាករ​របស់​យើង កំពុង​រួម​គ្នា​គាំទ្រ​គ្រប់​វិធី​តាម​ដែល​អាច​ ចំពោះ​ការ​ខិតខំ​ដ៏​អស្ចារ្យ​របស់​ក្រុម​អ្នក​បម្រើ​សេវា​សុខភាព​របស់​ជាតិ (NHS) និង​បុគ្គលិក​សំខាន់​ដទៃ​ទៀត ដែល​កំពុង​នាំ​គ្នា​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ ​១៩។ ទង្វើ​របស់ Walker បាន​បង្ហាញ​ពី​ការ​មិន​ឲ្យ​តម្លៃ​ដោយ​ផ្ទាល់​ចំពោះ​ការ​ប្រឹងប្រែង​ទាំង​នេះ​»​។ ​

ក្រុម​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ Premier League ចំនួន ​៦ ​សម័យ​កាល Man City បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ចុង​ក្រោយ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ ​«​យើង​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង នៅ​ពេល​បាន​ឮ​ចំពោះ​ការ​ចោទ​ប្រកាន់ ការ​ចេញ​សេចក្ដី​ប្រកាស និង​​ការ​សុំ​ទោស​របស់ ​Walker ដូច្នេះ ​ក្លិប​នឹង​មាន​ចេញ​​វិធានការ​វិន័យ​ផ្ទៃ​ក្នុង នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»​៕ AFP/VN