បុរីញូវយ៉កៈ កីឡាករប្រដាល់ Deontay Wilder កំពុងត្រៀមខ្លួន «ប្រកួតជាមួយអ្នកណាក៏បាន» ក្រោយពីបានការពារខ្សែក្រវាត់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC) ក្នុងកម្រិតទម្ងន់ធ្ងន់របស់ខ្លួន ប៉ុន្តែលទ្ធភាពប្រកួតជាមួយជើងខ្លាំង Anthony Joshua ទំនងជាមិនទាន់អាចកើតឡើងទេនៅឆ្នាំនេះ។
កីឡាករ Wilder បានផ្តួល គូប្រកួតរបស់ខ្លួន Dominic Breazeale នៅក្នុងទឹកទី១ ដោយដាល់តែ ១ ដៃស្ដាំលឿនដូចផ្លេកបន្ទោរ ធ្វើឲ្យគូប្រកួតដួលនៅលើនៅសង្វៀន Brooklyn Barclays កាលពីថ្ងៃសៅរ៍។ ជ័យជម្នះថ្មីៗនេះត្រូវបានមហាជនស្នើសុំឲ្យកីឡាករ Wilder ប្រកួតជាមួយម្ចាស់ជើងឯកខ្សែក្រវាត់ WBA, IBF, និង WBO គឺកីឡាករ Anthony Joshua ឬក៏ប្រកួតម្ដងទៀតជាមួយកីឡាករ Tyson Fury ក្រោយពីពួកគេបានប្រកួតស្មើគ្នានៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកកាលពីខែធ្នូ។
កីឡាករវ័យ ៣៣ ឆ្នាំ Wilder ដែលមានប្រវត្តិប្រកួត ៤១ លើកដោយបានស្មើតែ ១ លើក និងបានផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន ៤០ លើកនេះបាននិយាយ ក្រោយការប្រកួតពីថ្ងៃសៅរ៍ថា គាត់ជឿថាគេនឹងរៀបចំឲ្យមានការប្រកួតជាមួយ Joshua នៅថ្ងៃណាមួយជាមិនខាន ហើយបានជំរុញឲ្យអ្នកគាំទ្រអត់ធ្មត់បន្តិច។
កីឡាករមិនទាន់ស្គាល់ការចាញ់ Wilder បានប្រាប់ក្រុមអ្នកកាសែតថា៖ «បញ្ហាពាក់ព័ន្ធនឹងការប្រកួតដ៏សំខាន់នេះកំពុងពិភាក្សា ហើយគ្មានទ្វារណាមួយបិទនោះទេ ខណៈក្រុមនិងភាគីពាក់ព័ន្ធទាំងអស់កំពុងជជែកគ្នា ព្រោះនោះគឺជារឿងសំខាន់»។
អ្នកប្រដាល់ជើងខ្លាំងរូបនេះបានបន្ថែមឲ្យដឹងថា៖ «យើងដឹងថា នៅពេលមានការប្រកួតសំខាន់ៗកើតឡើងគឺអ្វីៗនឹងមានសភាពស្ងាត់ស្ងៀម ដោយសារមានអ្នកពាក់ព័ន្ធច្រើនពេក និងមានគំនិតច្រើនពេកនាពេលឥឡូវនេះ។ ប៉ុន្តែ ខ្ញុំហ៊ានសន្យាថាការប្រកួតដ៏សំខាន់នេះនឹងកើតឡើង ហើយខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាអត់ធ្មត់ និងទុកពេលបន្តិចដល់យើងក្នុងការដោះស្រាយបញ្ហានេះដើម្បីឲ្យយើងទាំងអស់គ្នាទទួលបានប្រយោជន៍ពីការប្រកួតនេះ»។
សហអ្នកគ្រប់គ្រងរបស់ Wilder លោក Shelly Finkel បាននិយាយថាអ្នកដែលត្រូវប្រកួតជាមួយម្ចាស់ជើងឯករូបនេះនឹងត្រូវសម្រេចក្នុងពេលភ្លាមៗនេះ ហើយជម្រើសល្អបំផុតគឺអាចនឹងប្រកួតជាថ្មីម្ដងទៀតជាមួយកីឡាករសញ្ជាតិគុយបា Luis Ortiz។
ស្របពេលមានការពន្យារពេលចរចាគ្នាពីលទ្ធភាពប្រកួតជាមួយកីឡាករ Joshua នោះលោក Finkel បាននិយាយថា កីឡាករ Wilder នៅតែមានបំណងចង់សាកកណ្ដាប់ដៃជាមួយម្ចាស់ជើងឯកមិនធ្លាប់ស្គាល់ចាញ់សញ្ជាតិអង់គ្លេសរូបនេះដដែល។
លោក Finkel បានបញ្ជាក់ថា៖ «Wilder ត្រៀមខ្លួនជានិច្ចក្នុងការប្រកួតជាមួយកីឡាករណាក៏បាន ប៉ុន្តែពេលនេះគាត់ក៏ចង់វាយជាមួយ Joshua បន្តិច ហើយក៏ចង់ប្រកួតជាថ្មីជាមួយ Fury ផងដែរ។ នៅពេលកីឡាករណាចង់ប្រកួតសូមដាក់ពាក្យមក ព្រោះ Wilder មិនមែនជាមនុស្សកំសាកនោះឡើយ»។
ទោះបីជាយ៉ាងណាលោក Finkel បានប្រាប់ភ្នាក់ងារ BBC Sport ថាការជួបជាមួយកីឡាករ Joshua ឬក៏ Fury នេះទំនងជាមិនអាចកើតឡើងនៅឆ្នាំនេះទេ ហើយគាត់ក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះដែរ៕ SN