ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជានឹងប្រើប្រាស់កម្លាំងចិត្ត ដែលកើតចេញពីការហ្វឹកហាត់រួមគ្នា ពិសេសជ័យជម្នះនៅលើទឹកដីខ្លួនឯងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រកួតកាត់សេចក្តីជើងទី ២ ជាមួយក្រុមម្ចាស់ផ្ទះប៉ាគីស្ថាននៃវគ្គជម្រុះ World Cup 2022 និង Asian Cup 2023 ជុំទី ១ ក្នុងតំបន់អាស៊ីនៅពហុកីឡដ្ឋាន Hamad bin Khalifa Stadium នាទីក្រុង Doha ប្រទេសកាតានាយប់ម៉ោង ១១ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារនេះ។
នៅក្នុងការប្រកួតដ៏សំខាន់នេះគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas នៅតែរក្សាគោលជំហរក្នុងការស្វែងរកជ័យជម្នះ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជាតាមរយៈការគ្រប់គ្រងស្ថានភាពនៃការប្រកួតឲ្យបានល្អដូចពេលដែលក្រុមកម្ពុជាយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០ ក្នុងការប្រកួតជើងទី ១ នៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix Dalmas បាននិយាយក្នុងសន្និសីទកាសែតដែលធ្វើឡើងនៅប្រទេសកាតាកាលពីថ្ងៃចន្ទថា៖ «សម្រាប់ការប្រកួតលើកនេះ យើងនៅតែរក្សាការរៀបចំប្រព័ន្ធលេងឲ្យបានល្អដូចគ្នាទៅនឹងអ្វីដែលយើងបានធ្វើកន្លងមក ពិសេសយើងផ្ដោតទៅលើវិន័យគឺយើងមិនផ្ដោតតែលើលទ្ធផលមួយមុខនោះទេ។ យើងដឹងថា ពួកគេជាក្រុមដែលពិបាកនឹងលេងជាមួយ ប៉ុន្តែយើងនឹងធ្វើលេងឲ្យបានល្អបំផុត ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានសប្បាយចិត្ត»។
សម្រាប់ការប្រកួតជើងទី ១ នៅលើទឹកដីខ្លួនឯងកន្លងមកនេះក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អដែលធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តខ្លាំង ហើយការយកឈ្នះ ២-០ ដែលរកបានដោយខ្សែប្រយុទ្ធវ័យក្មេង សៀន ចន្ធា និងខ្សែបម្រើប្រយុទ្ធជើងចាស់ គួច សុកុម្ភៈ វាបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ក្រុមកម្ពុជាក្នុងការប្រកួតកាត់សេចក្តីជើងទី ១ ជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថានលើកនេះ។
យ៉ាងណាក៏ដោយលោក Jose Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថានបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការទាមទារនូវអ្វីដែលក្រុមរបស់លោកបានបាត់បង់នៅលើទឹកដីកម្ពុជា ដោយលោកបាននិយាយក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា៖ «នេះជាការប្រកួតជម្រុះលើកចុងក្រោយយ៉ាងសំខាន់ ដូច្នេះយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះមកវិញ»។
បើទោះបីជាក្រុមកម្ពុជាកំពុងមានប្រៀបលើក្រុមប៉ាគីស្ថានតាមរយៈការឈ្នះ ២-០ នៅជើងទី ១ ប៉ុន្តែការចាញ់ប្រៀបផ្នែកកម្ពស់ និងកម្លាំង វានៅតែជាក្តីបារម្ភមួយសម្រាប់កម្ពុជា ព្រោះការប្រកួតកាលពីថៃព្រហស្បិ៍កន្លងមកនេះ ក្រុមប៉ាគីស្ថានបានចាត់ទុកការចាញ់ក្រុមកម្ពុជាជារឿងអកុសលដែលកើតចេញពីការសម្រេចឱកាសមាសមិនបានល្អរបស់ពួកគេរួមទាំងការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី កែវ សុខ សិលា។
គេនៅមិនទាន់ដឹងថា ក្រុមប៉ាគីស្ថាននឹងមានការកែប្រែស្ថានភាពប្រកួត បច្ចេកទេស និងតាក់ទិកនៃការប្រកួតបានល្អវិញឬយ៉ាងណានោះទេ ប៉ុន្តែខ្សែប្រយុទ្ធពាក់លេខ ១០ ជាអនុប្រធានក្រុមប៉ាគីស្ថាន Hassan Bashir បានបញ្ជាក់ក្នុងសន្និសីទកាសែតនោះថា៖ «ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រកួតនេះ។ តាមលទ្ធផលកន្លងមកគឺវាមិនល្អសម្រាប់ក្រុមរបស់យើងទេ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ យើងជឿជាក់លើក្រុមរបស់យើងថានឹងទទួលបានលទ្ធផលល្អ»៕