ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជា (ខៀវ) បានចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ខណៈការប្រកួតនេះ មានអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់ បានចូលរួមលើកទឹកចិត្ត។
តាមរយៈការប្រកួតមិត្តភាពអន្តរជាតិ លើកទី ៣ ចុងក្រោយ ជាមួយក្រុមសិង្ហបុរី យ៉ាងស្វិតស្វាញ កាលពីយប់មិញនេះ បានក្លាយជាការប្រកួតដកស្រង់បច្ចេកទេស និងការពិនិត្យមើលទៅលើគុណភាពកីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជា ពីសំណាក់គ្រូបង្វឹកលោក Felix Agustin Gonzalez Dalmas បន្ថែមទៅលើការពិនិត្យមើលគុណភាពលេង ពេលក្រុមកម្ពុជាប្រកួតចាញ់ក្រុមម៉ាឡេស៊ី ៣-១ និងប្រកួតស្មើ ២-២ ជាមួយក្រុមទីម័រខាងកើត កាលពីសប្តាហ៍មុន ដើម្បីឈានទៅជ្រើសរើសកីឡាករមានគុណភាពល្អៗ ត្រៀមលក្ខណសម្បត្តិ ចូលរួមការប្រកួតផ្លូវការពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ដំណើរការ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខនេះ។
នៅក្នុងការប្រកួត ដែលក្រុមនីមួយៗមានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបានម្តងនោះ គឺកម្ពុជា ឈរនៅពូល A ជាមួយវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ក្នុងនោះកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ពេលជួបម៉ាឡេស៊ី ថ្ងៃបើកឆាក។ រីឯពូល B មានថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត៕