ភ្នំពេញៈ ក្រុម​ហ្វុ​ត​សាល​ជម្រើសជាតិ​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ជាមួយ​លទ្ធផល​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់ ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ ពាន​រង្វាន់ AFF Futsal Championship 2018 កាល​ពី​ថ្ងៃ​ពុធ ចំណែក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ (U23) បាន​ចាប់​ឆ្នោត​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់ AFC U23 Championship។

សម្រាប់​ការប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ នៅលើ​ទឹកដី​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​រសៀល​ថ្ងៃ​ពុធ ម្សិលមិញ ក្រុម​ហ្វុតសាល​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ជាមួយ​លទ្ធផល​កាន់​តែ​ជូរ​ចត់ គឺ​រហូត​ដល់ ១៣-០ បន្ថែម​ទៅ​លើ​ការ​ចាញ់​ក្រុម​ម៉ាឡេស៊ី ១០-០ និង​ចាញ់​ក្រុម​ហ្វុតសាល​មីយ៉ាន់ម៉ា ១១-២ កាល​ពី​ថ្ងៃ​អង្គារ។

ការ​ចាញ់​ទាំង ៣ ប្រកួត ជាមួយ​ការ​របូត​គ្រាប់​បាល់​រហូតដល់ ៣៤ គ្រាប់ និង​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​គូ​ប្រកួត បាន​ត្រឹម ២ គ្រាប់​នេះ វា​បាន​ក្លាយជា​បទពិសោធ​ដ៏​ជូរចត់​មួយ សម្រាប់​ការ​វិល​ត្រឡប់​មក​ចូលរួម​ការ​ប្រកួត​ពាន AFF Futsal Championship ជាថ្មី​របស់​ក្រុម​ហ្វុតសាល​កម្ពុជា បន្ទាប់​ពី​ក្រុម​កម្ពុជា មិន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​ច្រើន​ឆ្នាំ​មក។

ក្រុម​កម្ពុជា បាន​ធ្លាក់​ចេញពី​ការប្រកួត​នេះ ក្នុងនាម​ជា​ក្រុម ដែល​ឈរ​នៅ​បាត​តារាង​ប្រចាំ​ពូល A ហើយ​ក្រុម​មីយ៉ាន់ម៉ា ក៏បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដែរ ព្រោះ​ពួកគេ​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-២ កាល​ពី​ម្សិលមិញ​នោះ​ដែរ។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​ម៉ាឡេស៊ី ឈរ​នៅ​លេខ ១ ប្រចាំ​ពូល A នេះ ដោយ​ឈ្នះ​ទាំង ៣ ប្រកួត ហើយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី បាន​លេខ ២ ដោយ​ឈ្នះ ២ និង​ចាញ់ ១។

ក្រុម​ម៉ាឡេស៊ី និង​ក្រុម​ឥណ្ឌូនេស៊ី ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្នុង​នោះ ម៉ាឡេស៊ី ត្រូវ​ប៉ះ​ក្រុម​វៀតណាម ហើយ​ឥណ្ឌូនេស៊ី ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ថៃ ដែល​ទើប​ឈ្នះ​វៀតណាម ៤-១ ក្នុង​ការ​ប្រជែង​យក​លេខ ១ ប្រចាំ​ពូល B កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិលមិញ។ ចំណែក​ក្រុម​ទីម័រ​ខាង​កើត និង​ប្រ៊ុយណេ គឺជា​ក្រុម​ដែល​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រចាំ​ពូល B។

ដោយឡែក​ក្រុម U23 ជម្រើសជាតិ​កម្ពុជា បាន​ចាប់ឆ្នោត​ឈរ​នៅ​ពូល H សុទ្ធតែជា​មួយ​ក្រុម​ខ្លាំង​ក្នុង​នោះ​មាន​ក្រុម U23 កូរ៉េខាងត្បូង ក្រុម U23 អូស្ត្រាលី និង​ក្រុម Chinese Taipei ហើយ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល H នេះ កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ចំណែក​ពូល​ចំនួន ១០ ទៀត ក៏បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ​ដែរ ហើយ​ការ​ប្រកួត​ជម្រុះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​ ២៦ ខែ​មីនា​ឆ្នាំ ២០១៩៕