ភ្នំពេញ: ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវការ​ពិន្ទុ​ជា​ដាច់​ខាត នៅ​ពេល​ពួកគេ​ប៉ះ​ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា នៅ​ល្ងាច​នេះ ចាប់​ពី​ម៉ោង ៦:៣០ ល្ងាច ដើម្បី​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ឈាន​ទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ ២០១៨។

ក្រុម​មាន​រហស្សនាម​ថា គោព្រៃ​មួយ​នេះ​នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​កីឡដ្ឋាន Mandalarthiri ដោយ​ដឹង​ថា ការ​បរា​ជ័យ ១ ផ្សេង​ទៀត អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចេញ ក្រោយ​ពី​បាន​រង​បរាជ័យ​ទាំង​ប្រផិត​ប្រផើយ​ក្នុង​លទ្ធផល ១-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ពូល A របស់​ពួកគេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

សម្រាប់​ការប្រកួត​នៅ​ល្ងាច​ថ្ងៃនេះ ក្រុម​ជម្រើសជាតិ​កម្ពុជា រំពឹងទុក​ថា នឹងធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន ខណៈ​ដែល​ការ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការពារ​បាន​ធ្វើ​ឲ្យ​ពួកគេ​រង​បរាជ័យ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ ពី​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ​ជា​ជាង ៣ ម៉ឺន​នាក់។

ក្រោយពី​បញ្ចប់​ការប្រកួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «លទ្ធផល​នេះ គឺជា​លទ្ធផល​ដ៏​គួរ​ឲ្យ​សោក​ស្តាយ ប៉ុន្តែ យើង​រំពឹង​ទុក​ថា យើង​នឹង​ធ្វើ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ យើង​នឹង​ព្យាយាម​កែ​កំហុស​របស់​យើង»។

កីឡាករ​មាន​វ័យ ២៤ ឆ្នាំ​រូបនេះ បាន​បន្ថែមទៀតថា៖ «សម្រាប់​ការប្រកួត​ជាមួយ​មីយ៉ាន់ម៉ា យើង​រំពឹង​ទុក​ថា នឹង​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ការ​ប្រកួត​របស់​យើង​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី និង​ទទួល​បាន​លទ្ធផល​ល្អ​មួយ»។

នេះ​គឺជា​ការប្រកួត​បើកឆាក​របស់​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់ម៉ា នៅលើ​ទឹកដី​ខ្លួនឯង​នៃ​យុទ្ធនាការ AFF Suzuki Cup ឆ្នាំ ២០១៨ មុន​នឹង​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​ទីក្រុង​វៀងចន្ទន៍ នា​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា។ នៅ​ល្ងាច​ដដែល​នេះ ក្រុម​បាល់​ជម្រើស​ជាតិ​ម៉ាឡេស៊ី នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ឡាវ​ដែល​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-០ លើ​ទឹកដី​ខ្លួន​ឯង​ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុងការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន។

ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតក្នុង​ពូ​ល A រួមជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ ហើយ​បន្ទាប់​ពី​ជួប​មីយ៉ាន់ម៉ា ពួកគេ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ឡាវ នា​ថ្ងៃ​ទី ២០ សប្តាហ៍​ក្រោយ មុន​នឹង​ទៅ​ជួប​វៀតណាម នៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​របស់​ខ្លួន។ ក្រុម​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ នៃ​ពូល នឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​នឹង​ក្រុម​ឈរ​លេខ ១ និង​លេខ ២ ពី​ការ​ប្រកួត​ក្នុង​ពូល B៕