ភ្នំពេញៈ ស្ថាប័ន​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​និង​កំពុង​ដាក់​ផែន​ការ​ក្នុង​ការ​ពង្រឹង​ទៅ​លើ​ប្រភេទ​កីឡា​ជា​អត្តសញ្ញាណ​ជាតិ និងជា​ព្រលឹង​ជាតិ គឺ​កីឡា​គុន​ខ្មែរ គុន​ល្បុក្កតោ និង​អុក​ចត្រង្គ ដើម្បី​ដាក់​ប្រភេទ​កីឡា​ទាំង​នេះ​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

មន្រ្តី​ជំនាញ​ និង​ថ្នាក់​ដឹក​នាំ​អាណត្តិ​ថ្មី​ទី​ ៧ ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២២ របស់ NOCC បាន​ចាត់​ទុក​ការ​ដាក់​ប្រភេទ​កីឡា​ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ព្រលឹង​ជាតិ ទាំង​ ៣ ​នេះ​ថា ជា​យុទ្ធសាស្រ្ត​អាទិភាព​ ១ ក្នុង​ការ​ជំរុញ​ឲ្យ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ទទួល​បាន​ជោគ​ជ័យ ទាំង​ការ​ដណ្តើម​យក​មេដាយ និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ថ្លែង​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «សម្រាប់​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន ​បាន​ដាក់​ការ​យក​ចិត្តទុក​ដាក់​ថា ​យើង​​ធ្វើ​ស៊ីហ្គេម យើង​ធ្វើ​ដើម្បី​ជាតិ​យើង អ៊ីចឹង​វប្បធម៌​ជាតិ កីឡាជា​អត្តសញ្ញាណ​​ព្រលឹង​ជាតិ គឺ​ត្រូវ​តែ​លើក​កម្ពស់»។

លោក​បាន​បន្ត​ថា៖ «ដូច្នេះ​យើង​បាន​ដាក់​ចេញ​ជា​អាទិភាព​មួយ​ដែរ គឺ​កីឡាគុន​ខ្មែរ និង​គុន​ល្បុក្កតោ បូក​ជាមួយ​កីឡា​អុក​ចត្រង្គ​របស់​យើង ដែល​យើង​បាន​ត្រៀម​នៅ​ក្នុង​ផែន​ការ​មេ រួច​រាល់​ហើយ​នោះ គឺ​​យើង​ត្រូវ​ពង្រឹង​រៀបចំ​រចនា​សម្ព័ន្ធ ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ក្រៅ​ប្រទេស រៀបចំ​ឲ្យ​ប្រទេស​មួយ​ចំនួន​ទទួល​យក​កីឡា​ទាំង​នេះ ទើប​ឈាន​ដល់​ការ​អភិវឌ្ឍ​បច្ចេក​ទេស និង​ត្រូវ​ការ​ដាក់​ទុន​ក្នុង ​ការ​ធ្វើ​ការងារ​អភិវឌ្ឍន៍»។

ជាមួយ​ទិស​ដៅ និង​​ផែន​ការ​ដាក់​កីឡា​អត្តសញ្ញាណ​ព្រលឹង​ជាតិ ចូល​ទៅ​ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​នេះ លោក វ៉ាត់ ចំរើន ដែល​ជា​អ្នក​គ្រប់​គ្រង​លើ​ផែន​ការ​មេ​របស់​ស៊ីហ្គេម ​បាន​មើល​ឃើញ​ថា អាច​ដំណើរ​ការ​ទៅ​រួច ព្រោះ​មក​ដល់​ពេល​នេះ មាន​ប្រទេស​ ៣ ​ហើយ បាន​គាំទ្រ និង​ទទួល​យក​ប្រភេទ​កីឡា​ អត្តសញ្ញាណ​ជាតិ​របស់​យើង ពិសេស​កីឡាគុន​ខ្មែរ និង​គុន​ល្បុក្កតោ ដែល​ត្រូវ​ដាក់​បញ្ចូល​គ្នា​តែ​មួយ ហើយ​ហៅ​កាត់​ថា «កីឡាគុន»។

នៅ​ត្រង់​ចំណុច​នេះ លោក ចំរើន ​ថ្លែង​​ថា៖​«ឥឡូវ​នេះ​ យើង​មាន​លក្ខណៈ​ជា​ផែន​ការ។ ផែនការ​ទី​ ១ គុន​ខ្មែរ​យើង មាន​បង្កើត​ជា​សហព័ន្ធ​អន្តរជាតិ​ហើយ និង​បាន​ធ្វើ​​ការងារ​យ៉ាង​​រលូន ទី​ ២ ល្បុក្កតោ​របស់​យើង បាន​ពង្រីក​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​បណ្តើរៗ​ហើយនិង​​មាន​ប្រទេស​​ចំនួន​ ៣ បាន​ទទួល​យក​នូវ​ការ​រៀបចំ ល្បុក្កតោ និង គុន​ខ្មែរ​របស់​យើង ក្នុង​ប្រទេស​របស់​គេ ក្នុង​នោះ​មាន​ឡាវ ​មីយ៉ាន់ម៉ា វៀតណាម និង​យើង​មួយ​ទៀត មាន​​ ៤ ​ប្រទេស»។

កីឡា​គុន​ខ្មែរ ឡៅ ចិត្ត្រា (ខៀវ) បាន​ម៉ាត់​ទៅ​លើ​​ដៃ​គូ ពេលប្រកួត​ស៊ីហ្គេម។ ស្រេង ម៉េងស្រ៊ុន

លោក​បាន​សង្កត់​ធ្ងន់​ថា៖​ «នៅ​​ក្នុង​បទ​ប្បញ្ញត្តិ​របស់​ស៊ីហ្គេម ឲ្យ​តែ​មាន​ ៤​ ប្រទេស​គ្រប់​គ្រាន់​អាច​ធ្វើ​បាន​ហើយ​ អ៊ីចឹង​ល្បុក្កតោ និង​គុន​ខ្មែរ ដែល​យើង​បញ្ចូល​គ្នា​តែ​មួយ​ហៅ​ថា​ «កីឡាគុន» នោះ គឺ​អត់​មាន​បញ្ហា​អ្វី​ត្រូវ​រាំង​ស្ទះ​ ក្នុងការ​បញ្ចូល​ទៅ​ក្នុង​ស៊ីហ្គេម នោះ​ទេ ដោយ​យើង​បាន​រៀបចំ​យុទ្ធសាស្រ្ត និង​ពេល​វេលា​ច្បាស់​លាស់ ក្នុងការ​ចេញ​ទៅ​ធ្វើ​ការងារ​នឹង​​ប្រទេស​ជិត​ខាង»។

ចំណែក​កីឡា​អុក​ចត្រង្គ​ ​ត្រូវ​បាន​​អ្នក​ជំនាញ​កីឡា​រូបនេះ ប្រាប់​ថា កំពុង​តែ​សម្រប​សម្រួល​ផ្នែក​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ នៅ​ឆ្នាំ ២០១៨​នេះ ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀបចំ​រចនា​សម្ព័ន្ធ ក៏ដូច​ជា​ពង្រឹង​សមត្ថ​ភាព​អុក​ចត្រង្គ ហើយ​​មាន​ប្រទេស​ ៤ ​ដែរ ដែល​លេង​អុកចត្រង្គ គ្រាន់​តែ​មាន​លក្ខណ​វិនិច្ឆ័យ​ខុស​គ្នា​បន្តិច​បន្តួច ឯ​របៀប​លេង​ជា​មូល​ដ្ឋាន​ដូច​គ្នា ក្នុង​នោះ​មាន​ មីយ៉ាន់ម៉ា ឡាវ ថៃ និង​កម្ពុជា គឺ​គ្រប់​ ៤ ​ប្រទេស​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «អ៊ីចឹង​អុកចត្រង្គ កំពុង​តែ​រៀបចំ​បន្ស៊ី​បទ​បញ្ជាការ​ប្រកួត​របស់​យើង ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​អុក​ចត្រង្គ​​របស់​ឡាវ ថៃ និង​មីយ៉ាន់ម៉ា ព្រោះ​យើង​មាន​ការ​ខុស​គ្នា​បន្តិចៗ​ទេ គឺ​អត់​មាន​កំហុស​អី​ធំ ដែលថា ជជែក​គ្នា​មិន​បាន​នោះ​ទេ។ ដូច្នេះ​រឿងទាំង​អស់​នេះ អាច​សម្រប​សម្រួល​គ្នា​បាន អ៊ីចឹង​វិធាន​ការ​របស់​យើង គឺ​ចាប់​ពី​​ឆ្នាំ​ ២០១៩ ​ទៅ គឺ​ទាំង​គុន​ខ្មែរ ល្បុក្កតោ និង​អុកចត្រង្គ ត្រូវ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ​​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ អាច​នៅ​កម្ពុជា និង​នៅ​​ប្រទេស​ជា​សមាជិក​របស់​យើង ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​យើង​ផង និង​​ឲ្យ​គេ​ចេះ​លេង​ និង​ហ្វឹក​ហាត់​ដូច​យើង​ដែរ»។

ទោះយ៉ាង​ណា​ក៏​ដោយ មុន​នឹង​​បើក​ឲ្យមាន​ការ​ប្រកួត​អន្តរជាតិ​នេះ ​ល្បុក្កតោ ​នឹង​​ចាប់​ផ្តើម​បញ្ជូន​គ្រូ ទៅ​បង្វឹក​ដល់​ប្រទេស​មួយ​ចំនួន ពិសេស​ប្រទេស​ ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដែល​បាន​យល់​ព្រម​ទទួល​យក​កីឡា​នេះ​ហើយ ចាប់​ពី​​ចុង​ឆ្នាំ​ ២០១៨ ​នេះ រហូត​ដល់​ឆ្នាំ​ ២០១៩ ហើយ​​ប្រទេស​​ ហ្វីលីពីន ​ក៏​នឹង​គាំ​ទ្រ​​ល្បុក្កតោ របស់​កម្ពុជា​ដែរ។

នៅ​ពេល​សួរ​បញ្ជាក់​ពី​ផល​ប្រយោជន៍ ក្នុង​ការ​ដាក់​​កីឡា​អត្តសញ្ញាណ​ព្រលឹង​ជាតិ របស់​ខ្លួន ទៅ​ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​នោះ លោក វ៉ាត់ ចំរើន បាន​ឆ្លើយ​តប​ថា៖ «យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​យើង​ត្រូវ​បំពេញ​ចិត្ត​ប្រជាជន​របស់​យើង មាន​ន័យ​ថា យើង​ត្រូវ​​កកាយ​លើក​​យក​កីឡា​វប្បធម៌​ជាតិ កីឡា​ព្រលឹង​ជាតិ យក​មក​លេង យក​មក​ពង្រីក​ឥទ្ធិពល និង​ផ្សព្វ​ផ្សាយ អប់រំ​បន្ថែម ទៅ​ដល់​ប្រជាពលរដ្ឋ​របស់​យើង»។

លោក​​បាន​បន្ថែម​ថា៖​ «បន្ទាប់​មក ប្រជា​ពលរដ្ឋ​របស់​យើង នឹង​ចាប់​អារម្មណ៍ និង​គាំទ្រ​ ១០០ ​ភាគរយ ព្រោះ​វាជា​កីឡា​ព្រលឹង​ជាតិ ហើយ​ប្រជាពលរដ្ឋ នឹង​កោត​សរសើរ អបអរ​ការ​រៀបចំ​នេះ ដោយ​សារ​យើង​ធ្វើ​នេះ ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ថា ​កីឡា​ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង យើង​ត្រូវ​តែ​មាន​លក្ខណៈ​ពូកែ មាន​ឥទ្ធិពល និង​មាន​សក្តានុពល​ជាង​គេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ពេល​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣»៕