ភ្នំពេញៈ កីឡាករ សំបូរ សុភ​ណ្ឌ បាន​ក្លាយជា​អ្នកលេង​សាច់ដុំ តំណាង​ឲ្យ​កម្ពុជា​តែ​ម្នាក់​គាត់ ដែល​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើង​ឯក​ពិភពលោក លើក​ទី ១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅ​ប្រទេស​ថៃ ខណៈ​អតីត​ម្ចាស់​មេដាយ​មាស សំបូរ ណាន និង អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ ណុំ សុបិន្ត រួម​ទាំង សំបូរ នន់ និង ត្រឹង ចាន់ សុទ្ធ​តែ​បាន​ចាញ់ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៥ នាក់​ចុង​ក្រោយ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និ​លំ​ហាត់ប្រាណ លោក​តឹក ប៊ុន​វី បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល ដែល​ក្រុម​កាយ​វប្បកម្ម​កម្ពុជា​ទទួល​បាន​ពី​ការ​ប្រកួត​ជើង​ឯក​ពិភពលោក លោក​នេះ។ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ការ​ឈ្នះ​បាន​ត្រឹម​មេដាយ​មាស ១ ពី​ការ​ប្រកួត​ជើង​ឯក ពិភពលោក លើក​នេះ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​យើង»។

អតីត​ម្ចាស់​មេដាយប្រាក់​ជើងឯក​ពិភពលោក ឆ្នាំ២០១៧ តឹក ប៊ុន​វី បាន​បន្ត​ថា៖ «យើង​រំពឹង​ថា អ្នក​ទៅ​ប្រកួត​ទាំង ៥ លើក​នេះ ត្រូវ​តែ​បាន​មេដាយ​គ្រប់​គ្នា​គឺ​យ៉ាង​ហោច​ណាស់​ក៏បាន​ត្រឹម​លេខ ៣ មេដាយ​សំរឹទ្ធ​ដែរ ប៉ុន្តែ​លទ្ធផល​ប្រកួត​នៅ​ឆ្នាំ​នេះ បែរ​ជា​ក្រឡាប់​ចាក់​បែប​នេះ​ទៅ​វិញ»។

សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​លើក​នេះ មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប ៤៧៤ នាក់ (ស្រី ១៨៤ នាក់) មក​ពី ៥១ ប្រទេស​ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​ជម្រុះ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ កីឡាករ​ទាំង ៥ នាក់​របស់​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ៥ នាក់​ចុង​ក្រោយ​ដូចគ្នា​ទាំង​អស់។

ប៉ុន្តែ​មានតែ សំបូរ សុភ​ណ្ឌ ម្នាក់​គត់ ដែល​បានឈ្នះ​មេដាយមាស​លើ​ការ​ប្រកួត​រាង​ស្អាត​លើ​វិញ្ញាសា Sports Physique up to 170 cm-120 ចំណែក​បង​ប្រុស​របស់​គេ​ទាំង ២ នាក់ គឺ សំបូរ ណាន ដែល​ប្រកួត​ការពារ​មេដាយ​មាស​លើ​វិញ្ញាសា Athletic Physique Up to 175 Cm (+6Kg) និង សំបូរ នន់ ដែល​ប្រកួត​វិញ្ញាសា Bodybuilding ក្នុង​ទម្ងន់ ៨០ គីឡូក្រាម សុទ្ធ​តែ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៤ ដូចគ្នា។

ចំណែក​អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​កាលពី​ឆ្នាំ ២០១៧ ណុំ សុបិន្ត ដែល​ប្រកួត​វិញ្ញាសា Athletic Physique កម្ពស់​ក្រោម 167 cm (+4kg) បាន​ត្រឹម​លេខ ៤ ដែរ ហើយ​កីឡាករ ត្រឹង ចាន់ ដែល​ប្រកួត​វិញ្ញាសា Sports Physique Up to 175cm-100 ទទួល​បាន​លេខ ៥។

លោក តឹក ប៊ុន​វី ដែល​បាន​តាមដាន​ការប្រកួត​ជើងឯក​ពិភពលោក​នេះ​យ៉ាង​ដិត​ដល់​បាន​ទទួល ស្គាល់​ពី​ការ​សម្រេច​របស់​គណៈ​កម្មការ​ដែល​បាន​ទម្លាក់ សំបូរ នន់, ណុំ សុបិន្ត និង ត្រឹង ចាន់ មិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទទួល​បាន​មេដាយ ប៉ុន្តែ​លោក​បាន​ចោទ​ទៅ​លើ​ការ​ទម្លាក់ សំបូរ ណាន មក​ទទួល​បាន​ត្រឹម​លេខ ៤ ជា​រឿង​មិន​សម​ហេតុផល។

អគ្គលេខាធិការ​រូបនេះ​បាន​និយាយថា៖ «តាម​ការមើល​របស់ខ្ញុំ សំបូរ ណាន ដែល​ជា​ម្ចាស់​មេដាយ​មាស កាល​ពី​ឆ្នាំ ២០១៧ គឺ​សាច់​គាត់​ល្អ​ជាង​មុន មិន​ចាញ់ គេ​នោះ​ទេ ប៉ុន្តែ​គណៈ​កម្មការ​បែរ​ជា​ទម្លាក់​គាត់​ចោល​រហូត​ដល់​លេខ ៤។ ខ្ញុំ​មើល​ឃើញ​ថា នេះ​ជា​រឿង​មិន​សម​នោះ​ទេ គឺ​បើ​មិន​បាន​លេខ ១ យ៉ាង​ហោច​ណាស់​ក៏ សំបូរ ណាន គួរ​ជាប់​លេខ ២ ឬ​លេខ ៣ ដែរ»។

លោក តឹក ប៊ុន​វី បញ្ជាក់ថា៖ «យើង​មានការ​សោកស្តាយ ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ឆ្នាំ​នេះ តែ​យើង​ក៏​មិន​អាច​ប្រកែក​ចំពោះ​លទ្ធផល ដែល​សម្រេច​រួច​ហើយនោះ​ទេ អ៊ីចឹង​យើង​មាន​តែ​ព្យាយាម​ពង្រឹង​គុណភាព​កីឡាករ​របស់​យើង និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»៕