ភ្នំពេញ: ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំពុងតែ​រំពឹង​ទុក​ថា នឹង​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​ការ​ប្រកួត​ជុំ​ទី ៣ នៃ​ពូល A ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ ២០១៨ នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ដោយ​ការ​ស្រេក​ឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង ដើម្បី​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ឈាន​ទៅ​វគ្គ​បន្ត ក្រោយ​ពី​បាន​រង​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​បើក​ឆាក មុន​នឹង​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ៤-១ ក្នុង​ការ​ប្រកួត​ជុំ​ទី ២ របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា កន្លង​ទៅ។ ក្រុម​ម្ចាស់ផ្ទះ​ជឿ​ជាក់​ថា ការ​ដណ្តើម​បាន​ជ័យជម្នះ​ក៏​នឹង​ផ្តល់​នូវ​កា​រជឿ​ជាក់​ដល់​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ទូទៅ​ថ្មី​លោក Keisuke Honda ផង​ដែរ ខណៈ​ដែល​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​ដណ្តើម ៣ ពិន្ទុ​ជា​លើក​ដំបូង។

លោក Felix Dalmas គ្រូបង្វឹក​ជំនួយ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​កំពុង​តែ​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ ស្រប​ពេល​ពួកគេ​ក៏មាន​ពេល​សម្រាក​ច្រើន​ជាង​ក្រុម​ជម្រើស​ជាតិ​ឡាវ ដែល​ទើប​តែ​បាន​លេង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ផង​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក Felix បាន​ប្រាប់​ថា៖ «កូន​ក្រុម​របស់​ខ្ញុំ​មាន​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​យើង​កំពុង​តែ​ផ្តោត​លើ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​មួយ​នេះ។ ជាមួយ​គ្នា​នេះ​ យើង​ក៏មាន​ពេល​វេលា​សម្រាក​ច្រើន​ជាង​ក្រុម​ភ្ញៀវ​ផង​ដែរ»។

ជាមួយគ្នានេះ ខ្សែការពារ​សឺ​យ វិសាល ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយ​ថា វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ដណ្តើម​ឲ្យ​បាន​ពិន្ទុ​ជា​លើក​ទី ១ ហើយ​ក្រុម​របស់​គេ​ទាំង​មូល​កំពុង​តែ​ផ្តោត​លើ​ការ​ដណ្តើម​បាន​ជ័យជម្នះ។

កីឡាករ​រូបនេះ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖ «នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​មួយ ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ក៏​ដូចជា​ដណ្តើម​ឲ្យ​បាន ៣ ពិន្ទុ​ពី​ការ​ប្រកួត​នេះ»។

ប៉ុន្តែ សឺ​យ វិសាល បាន​ទទួលស្គាល់ថា ក្រុម​ម្ចាស់ផ្ទះ នឹងមិន​មើល​ស្រាល​ទៅលើ​គូប្រកួត​របស់​ខ្លួន​ឡើយ បើ​ទោះបី​ក្រុម​ជម្រើស​ជាតិ​ឡាវ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ដោយ​ការ​ធ្លាក់​ចេញ​រួច​ជា​ស្រេច​ក៏ដោយ។

ខ្សែការពារ​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ត្រូវការ​ឈ្នះ​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ យើង​មិន​អាច​មើល​ស្រាល​លើ​ក្រុម​ឡាវ​បាន​ឡើយ ព្រោះ​ពួកគេ​គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ ហេតុ​នេះ យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង»។

ក្រុម​ជម្រើសជាតិ​ឡាវ បាន​ធ្លាក់​ចេញពី​យុទ្ធនាការ​នេះ​រួចជាស្រេច ក្រោយពី ៣ លើក​ពី​ការ​ប្រកួត​ទាំង ៣ លើក​របស់​ពួកគេ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ៣-០ លើ​ទឹកដី​ខ្លួន​ឯង ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ មុន​នឹង​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ៣-១ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន។ ទោះបី​ជា​យ៉ាង​ណា លោក V. Sundram Moorthy គ្រូបង្វឹក​ជម្រើស​ជាតិ​ឡាវ បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​នឹង​ព្យាយាម​លេង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន បើ​ទោះបី​ពួកគេ​បាន​ធ្លាក់​ចេញ​ពី​ពូល A រួច​ទៅ​ហើយ​ក៏ដោយ។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រុមជម្រើសជាតិ​មី​យ៉ាន់​ម៉ា នឹង​បើកទ្វារ​ទទួល​ក្រុម​ខ្លាំង​វៀតណាម ក្នុង​ការ​ប្រកួត​មួយ​គូ​ផ្សេង​ទៀត​ក្នុង​ពូល A តែ​មួយ​នេះ។

បច្ចុប្បន្ន ក្រុម​មី​យ៉ាន់​ម៉ា កំពុងតែ​នាំមុខ​លើ​កំពូល​តារាង​ដោយ មាន ៦ ពិន្ទុ ពី​ការ​ប្រកួត ២ លើក ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​ក្រុម​ឈរ​លេខ ២ វៀតណាម និង​ក្រុម​ឈរ​លេខ ៣ ម៉ាឡេស៊ី ខណៈ​ដែល​ក្រុម​កម្ពុជា និង​ឡាវ មិន​ទាន់​ដណ្តើម​បាន​ពិន្ទុ​ដូចគ្នា។

ការ​ប្រកួត​នៅ​ល្ងាច​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦:៣០ ល្ងាច៕