ភ្នំពេញ៖ ​មន្រ្តី​បច្ចេកទេស​ដែល​ជា​គណៈកម្មការ​ និង​ចៅក្រម លើ​ប្រភេទ​កីឡា​កាយ​សម្ព័ន្ធ​ចំនួន ​២០ នាក់ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​កាយ សម្ព័ន្ធ​កម្ពុជា ដាក់​ឲ្យ​ចូល​រួមសិក្សា​បន្ថែម​ជាមួយ​អ្នក​ជំនាញ​នៅ​ក្នុង​សិក្ខាសាលា​​បំប៉ន​វគ្គ​បច្ចេកទេស​ចៅក្រម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​​អ្នក​ទាំង​នេះ ​ចូលរួម​កាត់​សេចក្តី​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជើង​ឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើកទី ​៣ ឆ្នាំ ​២០១៩ ដែល​ត្រូវ​ធ្វើ​​ពី​ថ្ងៃទី ​២១ ដល់​ថ្ងៃ​ទី ​២៤ ខែ​ធ្នូ។

ជុំវិញ​ការ​បើក​សិក្សាសាលា​នេះ លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ថ្លែង​ថា៖ ​«នៅ​រាល់​ការ​ប្រកួត យើង​តែងតែ​រៀបចំ​ឲ្យ​មាន​ការ​បំប៉ន​វគ្គ​បច្ចេកទេស​​ចៅក្រម ដើម្បី​ឲ្យ​មន្រ្តី​បច្ចេកទេស​របស់​យើង​បាន​​ស្វែង​យល់​ពី​​ច្បាប់ និង​លក្ខន្តិកៈ​ដែល​ទើប​មាន​ការ​កែប្រែ ក្នុង​ឆ្នាំ ​២០១៩ ហើយ​បាន​យក​​ប្រើប្រាស់​ក្នុង​ការ​​ប្រកួត​​ស៊ីហ្គេម​កាល​ពី​ពេល​ថ្មីៗ​នេះ»។

លោក​បាន​បន្ថែម​ថា៖ ​«​សិក្ខាកាម​ទាំង ​២០ នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​បំប៉ន​វគ្គ​បច្ចេកទេស​ចៅក្រម​នេះ គឺ​ពួក​គាត់​នឹង​​ត្រូវ​ចូល​រួម​បំពេញ​ការពារ​នៅ​ក្នុង​ការ​ប្រកួត​​ជើងឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន អ៊ីចឹង​​តាមរយៈ​ការ​សិក្សា​វគ្គ​បំប៉ន​នេះ​​អាច​នឹង​​ជួយ​ពង្រឹង​នូវ​ជំនាញ​របស់​ពួក​គេ ទៅ​លើ​ការ​ដាក់ និង​ដក​ពិន្ទុ​នៅ​ក្នុង​ពេល​​ប្រកួត​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​​តម្លាភាព»។

សម្រាប់​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​​ជើង​ឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើកទី ​៣ ឆ្នាំ ​២០១៩ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​សាល​ដំបូល​ទូក​ពី​ថ្ងៃទី ​២១ ដល់​ទី ​២៤ ខែ​ធ្នូ​នេះ ​មាន​អត្តពលិក​ប្រមាណ​ ៦៤ នាក់ មក​ពី​ខេត្ត​តាកែវ ក្រចេះ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រកួត ហើយ​ពួក​គេ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ទាំង​ផ្នែក​កាយ​សម្ព័ន្ធ​អេរ៉ូប៊ិក និង​អាទិស្ទិក នៅ​លើ​វិញ្ញាសា​សរុប​ចំនួន ​១៣។

ជាមួយ​គ្នា​នេះ លោក ថោង ខុន ដែល​ជា​ប្រធាន​សហព័ន្ធ​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជាង ​១ ម៉ឺន​ដុល្លារ​បន្ថែម ​ទៅ​លើ​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ​៩ ពាន់​ដុល្លារ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ព្រោះ​លោក ណយ ផាណា បាន​បង្ហើប​ថា បើ​​ប្រើ​តែ​កញ្ចប់​ថវិកា​របស់​រដ្ឋ មិន​អាច​ស្រប​ទៅ​ទៅ​នឹង​​តម្រូវការ​នៃ​ការ​ចំណាយ​នោះ​ទេ ខណៈ​ការ​ប្រកួត​នេះ គឺ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​គុណភាព​ថ្នាក់ថ្នាល​សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ដែល​ប្រទេស ​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក ណយ ផាណា បាន​បញ្ជាក់​ថា៖ ​«​យើង​ត្រូវ​ដាក់​ឲ្យ​ក្រុម​យុវជន​របស់​យើង ​ប្រកួត​ប្រជែង​គ្នា​ដោយ​​ភាព​ជាក់​លាក់​ ​និង​ស្រប​ទៅ​តាម​ស្តង់ដា​អន្តរជាតិ គឺ​យើង​ត្រូវ​តែ​ពង្រឹង​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​យើង​ឈាន​ទៅ​ទទួល​បាន​ពន្លឺ​នៃ​លទ្ធផល​ក្នុង​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ ​២០២៣ ហេតុ​នេះ​ហើយ​ទើប​យើង​​ធ្វើ​ការ​បំប៉ន​វគ្គ​បច្ចេកទេស​​នេះ ដើម្បី​ឲ្យ​ចៅ​ក្រម និង​គណៈកម្មការ​ជំនាញ​របស់​យើង ធ្វើ​ការងារ​ដោយ​មាន​តម្លាភាព»៕