ប្រទេស​ស៊ីរី៖​ ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​រយៈពេល ​២ ​ថ្ងៃ ​រវាង​កងកម្លាំង​របប​ស៊ីរី​ និង​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ នៅ​ក្នុង​ទីតាំង​ឈរ​ជើង​សំខាន់​ចុង​ក្រោយ​នៅ​ប្រទេស ​ស៊ីរី ​បាន​បណ្តាល​ឲ្យ​មនុស្ស​របស់​ភាគី​ទាំង ​២ ​ជិត ​៧០ ​នាក់​ស្លាប់​ ដោយ​បាន​បំពាន​​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​រយៈពេល ​១ ​ខែ​។​

ប្រមុខ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​លោក ​រ៉ាមី​ អាប់ឌុល​ រ៉ាហ៍ម៉ាន់​ បាន​ថ្លែង​ថា​ សមរភូមិ​ប្រយុទ្ធ​នៅ​ក្នុង​ខេត្ត​អ៊ីដលីប​ភាគ​ពាយព្យ ​គឺ​ជា ​«​​អំពើ​ហិង្សា​ខ្លាំងក្លា​​បំផុត​» ​នៅ​ទីនោះ​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​បាន​សម្របសម្រួល​ដោយ​ប្រទេស ​រុស្ស៊ី ​ចូល​ជា​ធរមាន​កាល​ពី​ចុង​ខែ​សីហា​។​

ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ភូមិ​ជា​ច្រើន​ បាន​រត់​គេច​ខ្លួន​ទៅ​ភាគ​ខាង​ជើង​ ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ការ​វាយ​ប្រហារ​គ្នា​នៅ​ទីនោះ​ ដោយ​បាន​បន្ថែម​ថា​ មនុស្ស​រាប់​សែន​នាក់ ​ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ភាគ​ខាង​ត្បូង​ ដែល​ញាំញី​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ចាប់​តាំង​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ដើម​ឆ្នាំ ២០១៩​។​

លោក ​ហាហ្វីស បាន​និយាយ​ថា​​​៖ «​ខ្ញុំ​មិន​ចង់​ឃើញ​កូនៗ​របស់​ខ្ញុំ ​បាន​ជាប់​នៅ​ខាង​ក្រោម​កម្ទេច​បាក់​បែក​នោះ​ទេ»​ ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ងាយ​ផ្ទុះ​ហិង្សា ​ជាមួយ​ប្រពន្ធ​របស់​លោក​ និង​កូន ​៣ ​នាក់​ទៀត ​កាល​ពី​ ២ ​ថ្ងៃ​មុន​​។​

ក្រុម​ស្ត្រី​ស៊ីរី​ រត់​ភៀសខ្លួ​ន​ពី​ការ​ប្រយុទ្ធ​គ្នា​រៀបចំ​ធ្វើ​ម្ហូប​​សម្រាប់​ទទួលទាន។ AFP

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ AFP ​ម្នាក់​បាន​និយាយ​ថា ​កាល​​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​បាន​ហុយ​ទ្រលោម​នៅ​លើ​តំបន់​ម៉ាអារីត​ អាល់-​នូម៉ែន​ ខណៈ​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ បាន​វាយ​សន្ធាប់​ទៅ​លើ​ក្រុម​ជីហាដ​ និង​ក្រុម​សម្ព័ន្ធមិត្ត​ឧទ្ទាម​នៅ​ក្នុង​ទីតាំង​ឈរ​ជើង​មួយ​ចំនួន​ ដែល​ពួក​គេ​បាន​ដណ្តើម​កាន់​កាប់​មក​វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​ពី​កងកម្លាំង​របប​ស៊ីរី​នោះ​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​កាល​ពី​ថ្ងៃ​អា​ទិត្យ ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​មាន​យុទ្ធជន ​៦៩ ​នាក់​ ចាប់​តាំង​ពី​សមរភូមិ​បាន​បើក​ការ​ប្រយុទ្ធ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។​

កងកម្លាំង​របប​ស៊ីរី​យ៉ាង​តិច ​៣៦ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ជីហាដ។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​មួយ​ដឹកនាំ​ដោយ​អតីត​ក្រុម​អាល់កៃដា​នៅ​ស៊ីរី​ ទៅ​លើ​ទីតាំង​របស់​កងកម្លាំង​របប​ស៊ីរី​មួយ​ចំនួន​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជា​លើក​ដំបូង​នៅ​ទីនោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ថ្លែង​ថា​ នៅ​ពេល​យប់​យោធា​របប​​ស៊ីរី​ដែល​​គាំទ្រ​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជា​ច្រើន​គ្រឿង​ បាន​បើក​ការ​វាយ​បក​ដណ្តើម​យក​ទឹក​ដី​មក​វិញ​ ដែល​ខ្លួន​បាន​បាត់បង់​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាដ​នោះ​៕ AFP/SK