ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​កង់​ភ្នំ Cambodia MTB Series 2018 ដែល​បាន​ដំណើរការ​ប្រកួត តាំង​ពី​ខែ​មេសា មក​នោះ បាន​បញ្ចប់​ការ​ប្រកួត​ទាំង ៥ ជុំ​ជា​ផ្លូវការ​ហើយ ខណៈ​បរិមាណ​អ្នក​ចូលរួម និង​លទ្ធផល​បច្ចេកទេស ដែល​ទទួល​បាន ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោ​ចក្រយាន និង​តំណាង​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរិជីស មាន​ការ​ពេញ​ចិត្ត និង​បាន​វាយ​តម្លៃ​ស្រ​ដៀប​គ្នា​ថា ទទួល​បាន​ជោគ​ជ័យ​កាន់​តែ​ខ្លាំង ជាង​ការ​ប្រកួត កាល​ពី​ឆ្នាំ ២០១៧។

តាមរយៈ​ការប្រកួត​កង់​ភ្នំ ទាំង ៥ ជុំ ប្រចាំ​ឆ្នាំ ២០១៨ នេះ លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គ​លេខា​ធិការ​សហព័ន្ធ​ខ្មែរ​កីឡា ទោ​ចក្រយាន ដែល​ជា​អ្នក​គ្រប់​គ្រង​ការ​ប្រកួត​នេះ​ដោយ​ផ្ទាល់ គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​ជុំ​ទី ៥ ផ្តាច់​ព្រ័ត្រ ដែល​មាន​ទាំង​ការ​បោះ​តង់​ស្នាក់​នៅ ១ យប់ នៅ​គិរីរម្យ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​អ្នក​ចូលរួម​ផ្ទាល់​ជាង ២៥០ នាក់ ខណៈ​ការ​ប្រកួត​ជុំ​ទី ១ ធ្វើ​នៅ​ព្រែក​លៀប ជុំ​ទី ២ ធ្វើ​នៅ​ខេត្ត​កែប ជុំ​ទី ៣ ធ្វើ​នៅ​ភ្នំ​ជាល ខេត្ត​កំពង់ស្ពឺ និង​ជុំ​ទី ៤ ធ្វើ​នៅ​ភ្នំ​ប្រសិទិ៍្ធ មាន​អ្នក​ចូលរួម​ចន្លោះ​ពី ១២០ នាក់​ទៅ ១៦០ នាក់។

​​យឿន ភីយុទ្ធ (មុខ) ប្រឹង​ប្រែងជិះ​កង់​ឡើងចំណោត នៅគិរីរម្យ។ ណន

លោក​ឧកញ៉ា វង្ស ខាន់​ពៅ បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី ៥ ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ថា៖ «ការ​ប្រកួត​ជុំ​ទី ៥ នេះ មាន​អ្នក​ចូលរួម​ច្រើន​មែន​ទែន គឺ​រហូត​ដល់​ជាង ២៥០ នាក់ ខណៈ​ឆ្នាំ​មុន​មាន​តែ ១៨០ នាក់​ទេ អ៊ីចឹង ការ​កើន​ឡើង​ចំនួន​អ្នក​ចូលរួម​នេះ ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​យើង បាន​បញ្ចប់​ដោយ​ជោគ​ជ័យ»។

លោក​បាន​បន្ថែមថា៖ «ការប្រកួត​ទាំង ៥ ជុំ​នេះ មានក្មេងៗចូលរួម​ច្រើន ដែល​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​សហព័ន្ធ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរិជីស ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​យើង និង​ដៃគូ​សហការ​ផ្សេង​ទៀត នឹង​បន្ត​ឧបត្ថម្ភ​រៀបចំ​ការ​ប្រណាំង​កង់​ភ្នំ នៅ​ឆ្នាំ ២០១៩ ព្រោះ​យើង​ចង់​ពង្រីក​ការ​ប្រកួត​នេះ​ឲ្យ​កាន់​តែ​ធំ ទៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​យើង​មាន​លទ្ធភាព​កាន់​តែ​ច្រើន ក្នុង​ការ​ជ្រើសរើស​អ្នក​មាន​ទេព​កោសល្យ និង​មាន​សមត្ថភាព ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​កម្ពុជា»។

សម្រាប់​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ នៅលើ​ទីលាន​ល្អ​បំផុត​ប្រចាំ​នៅ​កម្ពុជា គឺ​គិរី​រម្យ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភាព​ស្វិត​ស្វាញ​បំផុត ពីព្រោះ​នេះ​ជា​ការ​ប្រកួត​កាត់​សេចក្តី​ចុង​ក្រោយ ដើម្បី​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ ២០១៨ ហើយ​អ្នក​ទទួល​បាន​ជយ​លាភី​ក្នុង​ជុំ​ទី ៥ នេះ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ផង​ដែរ។

តាមរយៈ​ការប្រកួត​នោះ កីឡា ករ​ជម្រើសជាតិ យឿន ភី​យុទ្ធ បាន​ខំប្រឹង​ប្រកួត​យ៉ាង​ខ្លាំង ដើម្បី​ទទួល​បាន​លេខ ១ លើ​វិញ្ញាសា​ក្រុម​ជំនាញ​ខ្លាំង​បំផុត (A1) ក្នុង​ជុំ​ទី ៥នេះ ហើយ​គេ​ក៏បាន​ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ ២០១៨ លើ​វិញ្ញាសា​នេះ​ផង​ដែរ តាមរយៈ​ការ​មាន​ពិន្ទុ​ច្រើន​ជាង គីម ចាន់ធូ ឯ​លេខ ៣ បាន​ទៅ សាំង សីហា ដែល​កីឡាករ​ទាំង ៣ នេះ មក​ពី​ក្លិប​កង់​ហោះ​ដូច​គ្នា។

ចំណែក​កីឡាករ​ជើងចាស់ និង​ជា​អ្នកជំនាញ​របស់​សហព័ន្ធ Pierre Yves Catry បាន​ក្លាយជា​ម្ចាស់​ជើង​ឯក លើ​ការ​ប្រកួត​ក្រុម​ជំនាញ​ខ្លាំង A2 ដែល​មាន​អាយុ ៣០ ឡើង ឯ​លេខ ២ បាន​ទៅ​កីឡាករ ប៊ុត ជឿន និង​លេខ ៣ បាន​ទៅ​កីឡាការិនី​ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​អាស៊ី ហេង ស៊ីវ​ឡាង ដែល​ចូល​ប្រកួត​ជាមួយ​ក្រុម​ប្រុស។

ដោយឡែក​ការប្រកួត​ក្រុម​ជំនាញ​មធ្យម​មាន​អាយុ​ពី ១៥ ដល់ ២៩ ឆ្នាំ (B1) លេខ ១ បាន​ទៅ​កីឡាករ រិន បូរិទ្ធ លេខ ២ សាន ណាម៉ាវ លេខ ៣ វន សា​វីន រីឯ ការ​ប្រកួត​ក្រុម​ជំនាញ​មធ្យម​មាន​អាយុ ៣០ ឆ្នាំ​ឡើង (B2) លេខ ១ រិន សុគន្ធ និង​លេខ ២ កីឡាករ​ជើង​ចាស់ វង្ស ឈីវឈូវ ហើយ​ក្រៅ​ពី​នោះ ក៏មាន​ការ​ផ្តល់​ពាន​លេខ ១ ប្រចាំ​ឆ្នាំ ២០១៨ និង​ប្រាក់​រង្វាន់ ទៅ​ដល់​អ្នក​ឈ្នះ ក្នុង​ការ​ប្រកួត​តាម​កម្រិត​អាយុ ចំនួន ៨ វិញ្ញាសា​ទៀត​ផង​ដែរ។

ជាមួយគ្នានេះ​តំណាង​ម្ចាស់​ឧបត្ថម្ភ​ធំ​គឺ លោក Michael Sovann ដែលជា​ប្រធាន​ផ្នែក​កម្មវិធី នៃ​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរិជីស (Khmer Beverages) បាន​ប្រាប់​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា ការ​ប្រកួត​កង់​ភ្នំ នៅ​ឆ្នាំ​នេះ គឺ​មាន​ការ​ប្រសើរ​ពី ១ ជុំ​ទៅ ១ ជុំ ដោយ​មាន​អ្នក​ចូលរួម​ច្រើន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ហើយ​បើ​យើង​មើល​ទៅ​លើ​ការ​រៀបចំ អ្នក​ចូលរួម និង​ទំនោរ​របស់​អត្តពលិក ដែល​បាន​ចូលរួម​កម្មវិធី​ប្រណាំង​កង់​នេះ គឺ​យើង​នឹង​បន្ត​ឧបត្ថម្ភ​ដល់ សហព័ន្ធ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ នៅ​ឆ្នាំ​ក្រោយ​ទៀត»។

លោក Michael បាន​បន្ថែមថា៖ «បើ​គិតពី​ការចំណាយ​លើ​ការឧបត្ថម្ភ​ជា​សាច់​ប្រាក់ រួម​ទាំង​ការ​ឧបត្ថម្ភ​ជា​ភេសជ្ជៈ Wurkz និង​ទឹក​បរិសុទ្ធ​កម្ពុជា​ជាដើម សម្រាប់​ផ្តល់​ជូន​ទៅ​ដល់​ម្ចាស់​ជយ​លាភី និង​ចែក​ជូន​ឲ្យ​ប្រើ​ប្រាស់​ដោយ​មិន​គិត​ថ្លៃ ក្នុង​ពេល​ប្រកួត​ទាំង ៥ ជុំ​នេះ គឺ​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរិជីស ចំណាយ​អស់​ចូល ២៥០០០ ដុល្លារ ហើយ​នៅ​ឆ្នាំ​ក្រោយ យើង​នឹង​មើល​ពី​លទ្ធភាព​ក្នុង​ការ​បំប៉ោង​កញ្ចប់​ថវិកា​ឧបត្ថម្ភ ព្រោះ​យើង​ចង់​ធ្វើ​ឲ្យ​កម្មវិធី​នេះ កាន់​តែ​ធំ​ទៅៗ ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​សហព័ន្ធ ក៏​ដូចជា​អត្តពលិក អាច​ពង្រឹង​សមត្ថភាព បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​សម្រាប់​ត្រៀម​ការ​ប្រកួត​នានា​នៅ​លើ​ឆាក​អន្តរជាតិ»៕