ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2018 ជុំទី ៤ បានបង្ហាញឲ្យឃើញពីការប្រកួតកាន់តែស្វិតស្វាញ ហើយភាពអំណោយផលនៃអាកាសធាតុ រួមទាំងផ្លូវបត់បែន អមដោយធម្មជាតិយ៉ាងស្រស់ត្រកាល នៅជុំវិញភ្នំប្រសិទិ៍្ធ បានញ៉ាំងឲ្យការប្រកួតកាន់តែមានន័យ និងបានបញ្ចប់ដោយរីករាយ។
តាមរយៈការប្រកួតពេញមួយព្រឹក កាលពីថ្ងៃអាទិត្យ អត្តពលិកគ្រប់វ័យចំនួន ១៥០ នាក់ ក្នុងនោះក៏មានបរទេសជាង ៤០ នាក់ដែរ បានប្រឹងប្រែងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដើម្បីជិះកង់ឆ្លងកាត់ឧបសគ្គនីមួយៗ នៅជុំវិញភ្នំប្រសិទិ៍្ធ ដើម្បីមកកាន់ទីផ្តាច់ព្រ័ត្រ ហើយលទ្ធផលទទួលបាន ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាន វាយតម្លៃថា មានភាពជោគជ័យកាន់តែធំ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងក្រោយការប្រកួតថា៖ «ក្មេងៗជាអត្តពលិកបានខិតខំហ្វឹកហាត់ច្រើន ធ្វើឲ្យការប្រកួតប្រជែងមានលក្ខណៈប្លែក និងល្អ ហើយរឿងដ៏គួរឲ្យ ចាប់អារម្មណ៍នោះ គឺការប្រកួតជុំទី ៤ នេះ មានកីឡាករ កីឡាការិនីបរទេសជាង ៤០ នាក់ មានមកពីថៃ ហ្វីលីពីន បារាំង និងអង់គ្លេស ជាដើម បានចូលរួមប្រកួតដែរ អ៊ីចឹងយើងបានមើលឃើញថា ការប្រកួតលើកនេះ យើងទទួលបានជោគជ័យកាន់តែធំ»។
លោកឧកញ៉ា បានបន្ថែមថា៖ «បើយើងធ្វើការប្រៀបធៀបទៅនឹងការប្រកួតជុំទី ១ ទី ២ និងទី ៣ កន្លងមក យើងឃើញថា ការប្រកួតជុំទី ៤ នេះ បច្ចេកទេសមានការកើនឡើងខ្លាំង ពិសេសការប្រកួតរវាងក្រុមជំនាញ Class A ដោយសារផ្លូវប្រកួតលំបាកខ្លាំងមែនទែន គឺត្រូវជិះកង់ឡើងភ្នំ ចុះកាត់ភ្នំ និងកាត់ព្រៃ ដែលមានថ្ម អ៊ីចឹងបើអ្នកអត់មានបច្ចេកទេសខ្ពស់ មិនអាចជិះបានទេ»។
ជាលទ្ធផលនៃការប្រកួតក្នុងជុំទី ៤ នេះ កីឡាករជម្រើសជាតិ គីម ចាន់ធូ នៅតែធ្វើបានល្អ ដើម្បីបន្តបានលេខ ១ លើការប្រកួតក្រុមជំនាញខ្លាំងបំផុត (A1) ឯលេខ ២ បានទៅថៃ Pholachat Nakthongkam តែ យឿន ភីយុទ្ធ ដែលបានលេខ ២ កាលជុំទី ៣ ធ្លាក់មកឈរនៅលេខ ៣ វិញ។ រីឯការប្រកួតក្រុមជំនាញខ្លាំង មានពីអាយុ ៣០ ឡើង (A2) កីឡាករថៃ Supachai បានប្រជែងយកលេខ ១ ពី ប៊ុត ជឿន ហើយ Pierre Yves Catry ក៏បានធ្លាក់ពីលេខ ២ មកឈរនៅលេខ ៣ ដែរ។
ផ្ទុយពីនេះកីឡាករ រិន សុគន្ធ នៅតែបន្តបានលេខ ១ ក្នុងការប្រកួតក្រុមជំនាញមធ្យមមានអាយុ ៣០ ឆ្នាំឡើង (B2) ហើយលេខ ២ បានទៅ Hectro Rubala និងលេខ ៣ បានទៅថៃ Surat Nanthapangporn។ រីឯក្រុមជំនាញមធ្យមពីអាយុ ១៥ ដល់ ២៩ ឆ្នាំ (B1) រិន បូរិទ្ធ បានដណ្តើមយកលេខ ១ ពី សាន ណាម៉ាវ ក្នុងជុំទី ៤ នេះ ខណៈកីឡាករ វន សាវីន បានលេខ ៣ ដដែល។
គួរបញ្ជាក់ថា ការប្រកួតចំនួន ៤ វិញ្ញាសាខាងលើនេះ គឺមានការបូកពិន្ទុ រហូតដល់ជុំទី ៥ ដើម្បីស្វែងរកម្ចាស់ជើងឯក នៅលើវិញ្ញាសានីមួយៗ ហើយតាមរយៈការប្រកួត ៤ ជុំនេះ ធ្វើឲ្យតំណាងម្ចាស់ឧបត្ថម្ភធំពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស គឺលោក Michael Sovann មានការពេញចិត្តខ្លាំង និងចង់ធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែធំ។
លោក Michael Sovann បានថ្លែងថា៖ «ខាងស្រាបៀរកម្ពុជារបស់យើង ចង់ធ្វើឲ្យការប្រណាំងកង់ភ្នំនេះ ពី ១ ឆ្នាំទៅ ១ ឆ្នាំ កាន់តែធំទៅៗ នឹងក្លាយជាព្រឹត្តិការណ៍ដែលមានការពេញនិយមពីសំណាក់ក្រុមគ្រួសារអ្នកជិះកង់ ឲ្យដូចទៅនឹងការរត់ប្រណាំងអន្តរជាតិម៉ារ៉ាតុង នៅអង្គរ អ៊ីចឹងដែរ ដែលមានការពេញនិយមខ្លាំង»៕