ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វីតាល់ ដែល​ជា​ដៃគូ​ឧបត្ថម្ភ​ធំថ្មី​បាន​ប្រកាស​ជា​ផ្លូវការ​រួច​ហើយ ចំពោះ​ការបន្ត​រៀបចំ​ឲ្យ​មាន​ការប្រកួតប្រណាំង​កង់ភ្នំ រដូវកាល​ថ្មី ឆ្នាំ​ ២០១៩ ឬ​ហៅថា Cambodia MTB Series 2019 ខណៈ​ការប្រកួត​រដូវកាល​នេះ វា​មាន​ការបង្កប់​អត្តន័យ​មួយ​ថ្មី កាន់តែ​ទាក់ទាញ​ជាង​ការប្រកួត​មុនៗ​។

ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​អង្គារ​លោក​ឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ថ្លែង​ថា​ការប្រណាំង​កង់​ភ្នំ ឆ្នាំ​ ២០១៩ ​នេះ​មាន​ការប្រកួត​ ៥ ​ជុំ​ដូច​ឆ្នាំ​មុន​ដែរ គឺ​ជុំ​ទី​ ១ នឹង​ត្រូវ​ធ្វើ​នៅ​ទីលាន​ព្រែកលៀប​នា​ថ្ងៃទី​ ៥ ខែ​ឧសភា ជុំ​ទី​ ២ ធ្វើ​នៅ​កែប នា​ថ្ងៃទី​ ១៦ ខែ​មិថុនា​ជុំ​ទី​ ៣ ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃទី​ ២១ ខែ​កក្កដា ជុំ​ទី​ ៤ នឹង​ធ្វើ​នៅ​ភ្នំ​ប្រសិទិ៍្ធ​នា​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា​ហើយ​ជុំ​ទី​ ៥ ផ្តាច់ព្រ័ត្រ​នឹង​ត្រូវ​ធ្វើ​នៅ​លើ​គិរីវង់​ដដែល​។

យ៉ាងណា​ក៏ដោយ​ក្រៅពី​ការប្រកួត​ប្រជែងរ​កជើង​ខ្លាំង​ប្រចាំ​ឆ្នាំ​ ២០១៩ និង​ដើម្បី​បំផុស​ដល់​ក្រុមយុវជន និង​មហាជន​ឲ្យ​ចូលរួម​ការប្រណាំង​កង់ភ្នំ​ឲ្យ​បាន​កាន់តែ​ច្រើន​នោះ​លោក វង្ស ខាន់ពៅ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​ការរំពឹង​ទុក​ថា ការប្រណាំង​កង់ភ្នំ​នៅ​ឆ្នាំ​នេះ​នឹង​មាន​អ្នកចូលរួម​កាន់តែ​ច្រើន ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ពួកគេ​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ការប្រណាំង​កង់ និង​សុទ្ធ​តែមាន​កង់​ផ្ទាល់ខ្លួន​»​។

លោក​បាន​ថ្លែង​បន្ថែម​ពី​អត្ថន័យ​សំខាន់​នៃ​ការប្រកួត​នេះ​ថា​៖ «​ជាមួយ​គ្នា​នេះ​ការប្រណាំង​កង់​ភ្នំ​នៅ​ឆ្នាំ​នេះ​វា​នឹង​ក្លាយ​ជា​វេទិកា​ប្រជែង​គ្នា​យ៉ាង​សំខាន់​របស់​អត្តពលិក​នៃ​ក្រុម​ជម្រើស​ជាតិ​ដើម្បី​រក​អ្នក​មាន​សមត្ថភាព​ល្អ​ ២ ​នាក់​សម្រាប់​ដាក់​ឲ្យ​ចូលរួម​លើ​ការប្រកួត​ប្រភេទ​កង់​ភ្នំ​នោះ​នៅ​ស៊ីហ្គេម ប្រទេស​ហ្វីលីពីន ចុង​ឆ្នាំ​ ២០១៩ ​នេះ ប៉ុន្តែ​បន្ថែម​ទៅលើ​ការប្រកួត​នេះ យើង​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​បន្ថែម​ទៅ​លើ​ពួកគេ​ផង​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​ជ្រើសរើស​បាន​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ជាតិ​»​។

នៅក្នុង​ការប្រកួត​តាម​ជុំ​នីមួយៗ​ដែល​មាន​ស្ថានភាព​ទីលាន និង​ផ្លូវ​ប្រកួត​ខុសគ្នា​នោះ​គឺ​មាន​ការកំណត់​ការប្រកួត​តាម​កម្រិត​ដូច​កាលពី​ឆ្នាំ​កន្លង​មក​ដែរ រួម​មាន​ក្រុម​ជំនាញ​ខ្លាំង​បំផុត​ (A1) ក្រុម​ជំនាញ​ខ្លាំង​មាន​ពី​អាយុ​ ៣០ ​ឡើង​(A2) ក្រុម​ជំនាញ​មធ្យម​ពី​អាយុ​ ១៥ ដល់​ ២៩ ​ឆ្នាំ​ (B1) ក្រុម​ជំនាញ​មធ្យម​មាន​អាយុ​ ៣០ ​ឆ្នាំ​ឡើង​ (B2) ព្រម​ទាំង​ការប្រកួត​កម្រិត​អ្នក​គ្មាន​ជំនាញ​ផ្នែក​យុវជន​អាយុ​ពី​ ១៤ ​ទៅ​ ១៧ ​ឆ្នាំ​ (C1) ក្រុម​អាយុ​ពី​ ១៨ ​ដល់​ ២៩ ​ឆ្នាំ​ (C2) ក្រុម​អាយុ​ ៣០ ​ដល់​ ៣៩ ​ឆ្នាំ​ (C3) ក្រុម Masters អាយុ​ ៤០ ​ឡើង​ការប្រកួត​ផ្នែក​នារី​បើក​ទូលាយ​រួមទាំង​ការប្រកួត​ផ្នែក​កុមារ​អាយុ​ ៩ ​ទៅ​ ១១ ​ឆ្នាំ (K1) និង​អាយុ​ ១២ ​ដល់​ ១៣ ​ឆ្នាំ​ (K2)​។

ចំពោះ​លក្ខខណ្ឌ​អ្នក​ចង់​ចូលរួម​ត្រូវ​បាន​លោក Pierre Yves Catry អគ្គលេខាធិការរង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បញ្ជាក់​ថា​ត្រូវ​តែ​មាន​កង់​ផ្ទាល់ខ្លួន​ជា​ចាំបាច់ ព្រោះ​ការចុះឈ្មោះ​ចូលរួម​មិន​ថ្លៃ​ទេ គឺ​សម្រាប់​ជុំ​ទី​ ១ ដល់​ជុំ​ទី​ ៤ ការចុះឈ្មោះ​យក​ ៤ ​ដុល្លារ​សម្រាប់​សិស្សសាលា​មាន​អាយុ​ក្រោម​ ១៩ ​ឆ្នាំ និង​ ៧ ​ដុល្លារ​សម្រាប់​មនុស្ស​ធំ ឯ​ជនបរទេស​យក​ ១០ ​ដុល្លារ​។ រីឯ​ជុំ​ទី​ ៥ ​ផ្តាច់ព្រ័ត្រ​គឺ​សិស្សសាលា​យក​ ៥ ​ដុល្លារ​មនុស្ស​ធំ​យក​ ១០ ​ដុល្លារ និង​ជនបរទេស​យក​ ១៥ ​ដុល្លារ​។

ទោះ​យ៉ាងណា​នៅ​ក្នុង​ការប្រកួត​តាម​ជុំ​នីមួយៗ​សុទ្ធតែ​មាន​ផ្តល់​ប្រាក់​រង្វាន់​ជូន​ដល់​ម្ចាស់​ជយលាភី​តាម​វិញ្ញាសា​នីមួយៗ​ចំណែក​ការប្រកួត​ជុំ​ទី​ ១ នៅ​ទីលាន​ព្រែកលៀប​នា​ថ្ងៃទី​ ៥ ខែ​ឧសភា​ខាង​មុខ​នេះ​លោក Pierre Yves Catry បាន​ប្រកាស​ថា​នឹង​មិន​យក​ថ្លៃ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំពោះ​ក្រុមយុវជន និង​សិស្សសាលា​មកពី​តាម​ខេត្ត​នោះ​ទេ ប៉ុន្តែ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ចុះឈ្មោះ​ឲ្យ​បាន​មុខ​ថ្ងៃ​ពុធ ទី​ ១ ខែ​ឧសភា​។

ចំណែក​លោក អ៊ុំ វណ្ណៈ តំណាង​ឲ្យ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វីតាល់​ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​និយាយថា​៖ «​ការឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​យើង​ចង់​ចូលរួម​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ជាពិសេស​កីឡា​កង់​ភ្នំ​នេះ​ដោយ​ជួយ​បំផុស និង​ផ្សព្វផ្សាយ​កីឡា​នេះ​ឲ្យ​កាន់តែ​មាន​ភាពទូលំទូលាយ និង​ចូលរួម​លើក​ទឹកចិត្ត​ដល់​ក្រុម​ប្រណាំង​អាជីព​តាមរយៈ​ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រកួតប្រជែង​គ្នា ពង្រឹង​បន្ថែម​នូវ​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​»៕