ភ្នំពេញ: កីឡាការិនីស្នូឃ័រ និងប៊ីយ៉ា ស្រួង ភាវី ដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ីយ៉ា និងស្នូឃ័រជ្រើសរើសជើងឯកពិភពលោកឈ្មោះថា 3-Cushion – World Championship Ladies លើកទី៨ នៅប្រទេសតួកគី។
លោក គីម ម៉ាន់សីក គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីព្រឹកមិញថា៖ «គិតទៅស្រួង ភាវី នៅសល់តែ ២ ប្រកួតទៀតប៉ុណ្ណោះគឺនឹងត្រូវបញ្ចប់ ហើយប្រសិនបើឈ្នះ ២ ទៀតគឺឈានដល់ឈ្នះមេដាយមាសហើយ»។
លោកបានបញ្ជាក់ថា ក្នុងដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភារី បានយកឈ្នះកីឡាការិនីដាណឺម៉ាក Jeanette Jensen ក្នុងលទ្ធផលពិន្ទុ ២៥ ទល់ ៧ និងឈ្នះកីឡាការិនីជប៉ុន យ៉ាងតឹងតែងក្នុងពិន្ទុ ២៥ ទល់ ២៤ ដែលធ្វើឲ្យ ស្រួង ភាវី រក្សាកំណត់ត្រាឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងពូល។
ក្នុងការប្រកួតវគ្គ ៨ នាក់ចុងក្រោយ ស្រួង ភាវី ធ្វើបានកាន់តែល្អ ដោយយកឈ្នះកីឡាការិនីកូឡុំប៊ី Claudia Lalinde ដោយលទ្ធផលល្អជាងមុន ៣០ ទល់ ១៦ ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គ ៤ នាក់ចុងក្រោយតែម្ដង។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃនេះ លោកគ្រូបង្វឹក គីមម៉ាន់សីក បានអះអាងថា ការប្រកួតចូលដល់វគ្គលំបាក និងស្វិតស្វាញពីព្រោះជួបគូប្រជែងចាស់មកពីប្រួទេសជប៉ុនគឺកីឡាការិនីជប៉ុន Orie Hida ដែលបានចាញ់ភារី ទាំងប្រផិតប្រផើយ ក្នុងវគ្គចែកពូល មុននឹងឆ្លងផុតវគ្គនេះដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ៕