ភ្នំពេញៈ បុណ្យសមុទ្រ ឆ្នាំ២០១៨ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា បានគ្រោងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ដោយផ្តោតទៅលើសកម្មភាពកីឡា ទេសចរណ៍ និងការផ្សព្វផ្សាយពីផលិតផលនានា ខណៈទីតាំងបុណ្យសមុទ្រនេះធ្វើតាមការប្តូរវេនរវាងខេត្ត ៤ មានខេត្តព្រះសីហនុ កំពត ខេត្តកែប និងខេត្តកោះកុង ហើយលើកទី ៧ នេះដល់វេនខេត្តកោះកុង ជាលើកទី ២។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានថ្លែងថា៖ «បុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុង ឆ្នាំនេះ យើងបានត្រៀមកីឡាចំនួន ១១ ប្រភេទ ដើម្បីដាក់ឲ្យប្រកួត បម្រើការកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរយៈពេល ៣ ថ្ងៃពេញតែម្តង»។
ចំពោះប្រភេទកីឡាទាំង១១ដែលត្រូវដាក់ឲ្យប្រកួត នេះ លោក វ៉ាត់ ចំរើន រៀបរាប់ថា ទី១ កីឡាប្រណាំងកង់ចម្ងាយ ៣ និង ៥ គីឡូម៉ែត្រ ទី២ កីឡាទ្រីយ៉ាត្លុង (មានរត់ប្រណាំង ហែលទឹក និងជិះកង់) ទី ៣ ជិះកង់កម្សាន្តមហាជនចំនួន ៥០០ នាក់ ឆ្លងមកពីប្រទេសថៃ ទី ៤ អុកចត្រង្គ ទី ៥ ប្រដាល់គុនខ្មែរ ទី ៦ ម៉ូតូទឹក ទី ៧ ទូកក្តោង ទី ៨ កីឡាថាសហោះ ទី ៩ ប្រណាំងម៉ូតូធំ មកពីថៃ ទី ១០ កីឡាសីស្លាប និងទី ១១ កីឡារាំអន្តរជាតិ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និយាយថា៖ «យើងមានរៀបចំប្រដាល់ចំនួន ២ ថ្ងៃ ប៉ុន្តែជាការប្រកួតមិត្តភាពកម្សាន្តថ្នាក់ជាតិ គឺគ្មានគូអន្តរជាតិទេ ដោយយើងធ្វើទៅតាមធនធាននៃការរៀបចំ ពិសេសការចំណាយមានកំណត់ ដោយយើងបានត្រៀមកីឡាករចំនួន ១០ គូ សម្រាប់ការប្រកួតនៅថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែធ្នូ»។
ចំណែកលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ថា៖ «សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានត្រៀមអត្តពលិកសរុប ៨០ នាក់ និងគណៈកម្មការ ៤០ នាក់ មកពី ១២ ក្លិប ក្នុងនោះមានមកពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិផងដែរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅកោះកុងឆ្នាំ ២០១៨»។
លោកបន្ថែមថា៖ «យើងយកការប្រកួតនេះ ជាការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ តែម្តង ដោយមានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ហើយការចំណាយថវិកានេះ មិនលាក់លៀមទេ គឺចំណាយដោយមានតម្លាភាពចំនួន ២៨ លានរៀល ដែលត្រូវជា ៤៥ ភាគរយនៃគម្រោងប្រចាំឆ្នាំ ២០១៨ ដែលក្រសួងអនុញ្ញាត»។
ចំណែកកីឡារាំវិញ ដែលកំពុងទាញការចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសនោះត្រូវបានលោកស្រីហង្ស ស៊ីម៉ន ជាអគ្គលេខាធិការសហព័ន្ធបានប្រាប់ថា៖ «ក្រោយកិច្ចប្រជុំ សហព័ន្ធកីឡារាំបានត្រៀមអត្តពលិក ១៦ នាក់ ក្នុងនោះមានបុរសចំនួន ៦ នាក់ ដើម្បីអបអរសាទរក្នុងវេទិកាដ៏ឱឡារិក នៅថ្ងៃបើកកម្មវិធីបុណ្យ សមុទ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន»។
យ៉ាងណាមិញ សម្រាប់កីឡាលក្ខណៈប្រពៃណីអុកចត្រង្គវិញ ត្រូវបានមន្ត្រីបច្ចេកទេស និងលោក ឈាវ បូរ៉ា ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រាប់ថា កំពុងតែរៀបចំសមាសភាព មិនទាន់ដឹងឈ្មោះពិតប្រាកដនៅឡើយទេ។
ការដាក់ឲ្យមានការប្រកួតប្រភេទកីឡាទាំង ១១ នេះ លោក វ៉ាត់ ចំរើន រំពឹងថា នឹងទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ឲ្យមកលេងបុណ្យសមុទ្រ។ លោកថ្លែងថា៖ «កីឡាទាំង ១១ ប្រភេទនេះ នឹងទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ ខណៈបទពិសោធរៀបចំច្រើនឆ្នាំកន្លងមក ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យទន្លេ រៀងរាល់ឆ្នាំគឺការប្រកួតកីឡាជាផលិតផល និងជាចំណីអារម្មណ៍របស់ភ្ញៀវទេសចរ»៕