ទីក្រុង​លីយ៉ុង៖ ក្រុម​អ្នក​គាំទ្រ​ក្លិប Lyon និង​កីឡាករ​បាន​ប៉ះទង្គិច​គ្នា ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​បន្ទាប់​ពី​ប្រធាន​ក្រុម​ Memphis Depay ជួយ​ឲ្យ​ក្លិប​ បារាំង​មួយ​នេះ​តាម​ស្មើ​ និង​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ Champions League ​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​​ប្រកួត​ស្មើ​គ្នា​នឹង​ក្រុម​អាល្លឺម៉ង់​​ RB Leipzig ២-២។​

កីឡាករ​ Emil Forsberg និង​ Timo Werner រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ពី​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ​ដូច​គ្នា ​សម្រាប់​ក្រុម​ Leipzig មុន​ពេល​កីឡាករ​ Houssem Aour និង​ Depay បាន​ស៊ុត​បញ្ចូល​ទី​នៅ​តង់​ទី ​២ ​សម្រាប់​ក្រុម Lyon ធ្វើ​ឲ្យ​ពួក​គេ​​បាន​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​នៅ​ពេល​​ក្រុម Zenit បាន​ចាញ់​ក្រុម​ Benfica ៣-០​ នៅ​ក្នុង​ពូល​ G។​

នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ អ្នក​គាំទ្រ​ក្លិប Lyon មួយ​ចំនួន​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ​របស់​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​នៅ​ពេល​អ្នក​គាំទ្រ​ម្នាក់​បាន​កាន់​ទង់ជាតិ​ស្រែក​ប្រាប់​ខ្សែ​ការពារ​ Marcelo ឲ្យ​ចាកចេញ​ពី​ក្លិប​នេះ​។​

កីឡាករ​ Depay បាន​ដើរ​ទៅ​ជិត​អ្នក​កាន់​បដា​នោះ​​ ហើយ​អ្នក​គាំទ្រ​បាន​ក្រោក​ចេញ​​ពី​កៅអី​ ខណៈ​មិត្ត​រួម​ក្រុម​របស់​ខ្សែ​ប្រយុទ្ធ​ហូឡង់​រូប​នេះ​​បាន​ព័ទ្ធ​ជុំវិញ​រូប​គេ​។​

កីឡាករ​​ប្រេស៊ីល​ Marcelo មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ក្លិប Lyon ក្រោយ​ពី​មាន​បញ្ហា​កើត​ឡើង​យ៉ាង​ខ្លាំង​​នៅ​ព្រលាន​យន្តហោះ​ Lisbon បន្ទាប់​ពី​​រង​បរាជ័យ​ចំពោះ​ក្រុម Benfica កាល​ពី​ខែ​តុលា​។​

អ្នក​ចាំទី​ Anthony Lopes បាន​ប្រាប់​ RMC Sport ថា៖ «​ខ្ញុំ​មិន​ចាំ​បាច់​និយាយ​អ្វី​ច្រើន​​ទេ ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ ​ព្រោះ​យើង​នឹង​ដោះស្រាយ​នៅ​ក្នុង​​ផ្ទៃ​ក្នុង​របស់​យើង​»។​

អ្នក​ចាំទី​រូប​នេះ​បាន​បន្ថែម​ថា៖ «​បញ្ហា​នេះ​ស្ថិត​​ក្នុង​ដៃ​​យើង​ហើយ​ ​យើង​នឹង​ឃើញ​ពី​អ្វី​​ដែល​នឹង​កើត​ឡើង​​​។ ​​​យើង​នឹង​ព្យាយាម​​រក​ដំណោះ​​ស្រាយ​​​​ឲ្យ​ខាង​តែ​បាន​»៕ AFP/SN​