ភ្នំពេញ៖ ​កីឡាករ​ល្បុក្កតោ យ៉ុង ម៉េងលី បាន​ក្លាយជា​អត្តពលិក​ដំបូងគេ ដែល​ដណ្តើម​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ ដែល​កំពុង​ដំណើរ​ការ​ប្រកួត នៅ​ប្រទេស​ ហ្វីលីពីន ចំណែក​កីឡាការិនី​ល្បក្កតោ ​៤ ​នាក់​ទៀត នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ លើ​ប្រភេទ​កីឡា Arnis នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ដណ្តើម​បានមេដាយ​មាស​ទី​ ១ ​របស់ យ៉ុង ម៉េងលី ​បាន​កើត​មាន​ឡើង នៅ​ពេល​ដែល​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន Valenzuela Billy Joel ដោយ​លទ្ធ​ផល ៦-៣ ក្នុងវគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រភេទ​ទម្ងន់លើ ៦០ ​គីឡូក្រាម ​ទៅដល់​​ក្រោម ៦៥ ​គីឡូក្រាម ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ម៉េងលី បាន​យក​ឈ្នះ​កីឡាករ​របស់​មីយ៉ាន់ម៉ា ហើយ ម៉េងលី ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ ១ ឲ្យ​កម្ពុជា កាល​ពី​ថ្ងៃអាទិត្យ ផងដែរ។

សម្រាប់​ការ​ប្រកួត​ប្រភេទ​កីឡា Arnis របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ កីឡាករល្បុក្កតោ​កម្ពុជា​ ៣​ នាក់​ទៀត ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ឲ្យ​កម្ពុជា ផងដែរ បន្ទាប់​ពីពួក​គេ បានចាញ់ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​នោះ​មាន​កីឡាករ ឌឹ​ម ង៉ែត, សុក ឈុន និង​កីឡាករ មឿ​ន ប៊ុនលី។

តាម​រយៈការ​ឈ្នះ​បាន​មេដាយមាស​១ និង​សំរឹទ្ធ​៣ នៅ​ថ្ងៃ​ចន្ទនេះ បាន​ធ្វើឲ្យ​​ចំនួន​មេដាយ​សរុប ដែល​កម្ពុជា​ដណ្តើម​បាន ​នៅ​ស៊ីហ្គេម ​​ពេល​នេះ គឺ​មាន​ចំនួន ១៣ ក្នុង​នោះ​មាន​មេដាយ​មាស​ ១ ប្រាក់​ ៣ និងសំរឹទ្ធចំនួន ​៩។

បន្ថែម​លើ​នេះ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ចំនួន​ ៤ ​នាក់ទៀត នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ នៅ​រសៀល​ថ្ងៃចន្ទ​នេះ ដើម្បី​ស្វែក​រក​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ពេល​នេះ​អ្នក​ទាំង​ ៤ មាន​មេដាយ​សំរឹទ្ធ នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច​ដូច​គ្នា។

នៅ​ក្នុងការ​ប្រកួត​នេះ កីឡាការិនី ខៀវ ចិន្តា​រ័ត្ន នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​កីឡាការិនី​ម្ចាស់​ផ្ទះ Del Monte Sheena ក្នុង​​ទម្ងន់​ក្រោម​៥៥​គីឡូក្រាម ឯកីឡាការិនី យស់ សញ្ច​នា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ Soriano Jedah Mae ក្នុង​ទម្ងន់​​លើ ​៥០ ទៅដល់​ក្រោម​ ៥៥ ​គីឡូក្រាម ហើយ​កីឡាការិនី ស៊ី វ៉ាន់សូនីតា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ហ្វីលីពីន Monville Ross Ashley ក្នុង​ទម្ងន់​លើ​ ៥៥ ទៅដល់​ក្រោម​ ៦០​ គីឡូក្រាម ចំណែក​កីឡាការិនី បូ ចន្ធី ត្រូវ​ប្រកួត​នឹង​​កីឡាការិនី​វៀតណាម Nguyen Thi Cuc ក្នុង​ទម្ងន់​លើ ៦០ ​គីឡូក្រាម៕