ភ្នំពេញៈ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយទាំង ៣ នាក់របស់កម្ពុជា ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង រួមទាំងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលកំពុងប្រកបអាជីពបាល់ទាត់ នៅលីកកំពូលម៉ាឡេស៊ី សុទ្ធតែស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលជ្រើសរើសដោយគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា។
កីឡាករចំនួន ២៣ នាក់ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា កោះហៅឲ្យចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតផ្តុំលើកនេះ ដើម្បីត្រៀមចេញទៅប្រកួតជម្រុះលើកចុងក្រោយ នៃពានរង្វាន់ AFC Asian Cup ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២៧ ខែមីនា ខាងមុខនេះ។
ទាក់ទងនឹងការកោះហៅ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និងធារី ចន្ថាប៊ីន មកចូលក្រុមជម្រើសជាតិកម្ពុជា លើកនេះ លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីល្ងាចម្សិលមិញថា៖ «អ្នកទាំង ៤ នេះ នៅតែជាជម្រើសដ៏សំខាន់ ព្រោះមិនមែនតែនៅក្លិបកម្ពុជាទេ គឺសូម្បីតែក្លិបនៅម៉ាឡេស៊ី ក៏ពួកគាត់ ជាប់នៅជម្រើសដំបូងដែរ ហើយកម្រិតលេង លីកនៅម៉ាឡេស៊ី មិនក្រោមយើងទេ អ៊ីចឹងពួកគាត់ នៅតែជាគំរូ សម្រាប់ក្មេងៗស្រករក្រោយ ដែលមិនអាចខ្វះបាន»។
ក្រៅពីកីឡាករមានប្រជាប្រិយ និងមានបទពិសោធទាំង ៤ ដែលកំពុងលេងឲ្យក្លិបចំនួន ៤ ផ្សេងគ្នា នៅម៉ាឡេស៊ីនេះ ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី រួមជាមួយកីឡាករមានបទពិសោធ ៧ នាក់ទៀតមាន សុះ ស៊ូហាណា, អ្នកចាំទី ស៊ូ យ៉ាទី, ហូយ ផល្លីន, នេន សុធារ័ត្ន, សឿយ វិសាល, រស់ សំអឿន និង ហុង ផេង នៅតែបន្តជាប់នៅក្រុមជម្រើសជាតិកម្ពុជា។
ចំណែកកីឡាករ ១១ នាក់ផ្សេងទៀត គឺសុទ្ធតែជាកីឡាករវ័យក្មេង ប៉ុន្តែកំពុងមានកម្រិតលេងគួរឲ្យចាប់អារម្មណ៍ ក្នុងនោះមានកីឡាករ ឆេង ម៉េង, សេត រ៉ូហ្ស៊ីប, អោម ឧតម្ត, អ៊ន ចាន់ប៉ូលីន, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន កក្កដា, យ៉ើ សាហ្វី, អ្នកចាំទី កែវ សុខសិលា និងខ្សែប្រយុទ្ធ វ័យក្មេង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ម៉ាត់ ណូរ៉ុន របស់ក្លិបអគ្គិសនីកម្ពុជា។
ជុំវិញទៅនឹងការប្រមូលផ្តុំក្រុមជម្រើសជាតិកម្ពុជា លើកនេះ លោក ប្រាក់ សុវណ្ណារ៉ា បានបន្ថែមថា៖ «ដោយសារតែយើងមានពេលខ្លី អ៊ីចឹងយើងសម្រេចយកកីឡាករទាំង ២៣ នាក់នេះ សម្រាប់ចេញទៅលេងជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដោយយើងមិនមានការប្រមូលផ្តុំហាត់ជុំគ្នានោះទេ ព្រោះយើងឃើញហើយថា កីឡាករទាំងអស់ កំពុងមានភាពមមាញឹកខ្លាំង ក្នុងការលេងឲ្យក្លិបរបស់ពួកគេ អ៊ីចឹងយើង បានសម្រួលដល់ក្លិប ទៅលើបញ្ហានេះ ដើម្បីពួកគេត្រៀមបានល្អ សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគាត់»។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖«យើងក៏មិនមានការប្រកួតមិត្តភាពក្នុងស្រុកនោះដែរ គឺក្រុមជម្រើសជាតិរបស់យើង នឹងត្រូវធ្វើដំណើរទៅប្រទេសឡាវ នៅថ្ងៃទី ១៩ មីនា ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២១ ខែមីនា ហើយតាមគម្រោងយើងនឹងត្រូវធ្វើដំណើរបន្តទៅប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន តែម្តង ដោយមិនត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ៕