ក្រុងប៉ារីសៈ តារាបាល់ទាត់ Kylian Mbappe របស់ក្លិប Paris Saint-Germain (PSG) បាននឹកគិតពីអនាគតរបស់គាត់កាលពីថ្ងៃអាទិត្យដោយនិយាយថា គាត់ចង់ «បានការទទួលខុសត្រូវថែមទៀតដែលអាចនៅក្លិប PSG ឬអាចនៅកន្លែងផ្សេងទៀត»។
តារាបាល់ទាត់វ័យ ២០ ឆ្នាំរូបនេះបានជួយឲ្យក្រុមជម្រើសជាតិបារាំងលើកពាន World- Cup ឆ្នាំ ២០១៨ ដែលគាត់រកបាន ៤ គ្រាប់តែម្នាក់ឯងស្របពេលគាត់រកបាន ៣៨ គ្រាប់ឲ្យក្រុម PGS នៅរដូវកាលនេះផងដែរ។
Mbappe ទទួលបានពានជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌបារាំង Ligue 1 នៅរដូវកាលនេះកាលពីថ្ងៃអាទិត្យ ប៉ុន្តែគាត់បានសារភាពថានៅពេលអនាគត គាត់អាចនឹងចាកចេញពីប្រទេសបារាំង។
កីឡាករឆ្នើមរូបនេះបានប្រាប់បណ្ដាញ BeIN Sports ថា៖ «ពានរង្វាន់នេះគឺជាពេលវេលាដ៏សំខាន់មួយ និងអាចជាចំណុចរបត់មួយក្នុងអាជីពរបស់ខ្ញុំ ខណៈពេលវេលានៃការត្រូវទទួលខុសត្រូវបន្ថែមទៀតអាចនៅក្លិប PSG ឬអាចនៅកន្លែងផ្សេងទៀត»។
ទោះយ៉ាងណាគាត់មិនបានបញ្ជាក់ច្បាស់ពីអនាគតអាជីពរបស់គាត់នៅឡើយទេដោយគ្រាន់តែនិយាយថា៖ «សម្រាប់ខ្ញុំនេះគឺជាពេលដែលត្រូវនិយាយបែបនេះ ហើយនៅពេលខ្ញុំនិយាយអ្វីមួយគឺខ្ញុំគិតពីបញ្ហានោះ»។
កីឡាករវ័យក្មេងរូបនេះបានបន្ថែមថា៖ «វាជារឿងប្រសើររួចទៅហើយ ប្រសិនបើខ្ញុំបន្តស្ថិតនៅជាមួយក្លិប PSG ប៉ុន្តែប្រសិនបើខ្ញុំទៅកន្លែងផ្សេង វាក៏ជាការសិក្សាពីអ្វីថ្មីមួយទៀតសម្រាប់ខ្ញុំ»។
កីឡាករ Mbappe ត្រូវបានគេគិតថា អាចនឹងទៅលេងឲ្យក្រុម Real Madrid តាំងពីបានឈ្នះក្លិប Monaco ដែលបានលើកពាន Ligue 1 ឆ្នាំ ២០១៧ ប៉ុន្តែផ្ទុយទៅវិញគាត់បានបន្តស្ថិតនៅក្នុងក្រុម PSG ជាមួយប្រាក់ ១៨០ លានអឺរ៉ូ។
ប៉ុន្តែតាំងពីលោក Zinedine Zidane វិលទៅដឹកនាំក្រុម Real Madrid នៅដើមឆ្នាំនេះមកក៏មានពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើងថា កីឡាករ Mbappe នឹងចូលរួមជាមួយក្រុម Real Madrid របស់ប្រទេស អេស្ប៉ាញ។
ក្នុងអំឡុងពេលនេះកីឡាករ Mbappe បានបង្កើនល្បឿនមួយទៀតជាមួយមិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Neymar ជាកីឡាករតែមួយគត់ដែលមានតម្លៃខ្លួនថ្លៃជាងគាត់នៅក្នុងប្រវត្តិសាស្ត្រ និងដែលបានរងរបួសច្រើននៅក្នុងរដូវកាលនេះ។
កីឡាករ Mbappe បានដើរតាមគន្លងខ្សែប្រយុទ្ធ Nymar ដោយជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលនៅប្រទេសបារាំង បើទោះជាគាត់ត្រូវការ ៥ គ្រាប់ទៀតក្នុងការប្រកួតលីកចុងក្រោយនៃរដូវកាលនេះដែលត្រូវប្រកួតជាមួយក្រុម Reims នៅចុងសប្ដាហ៍ក្រោយនេះដើម្បីដណ្ដើមស្បែកជើងមាសអឺរ៉ុបពីខ្សែប្រយុទ្ធ Lionel Messi ក៏ដោយ។
គាត់បានប្រាប់ AFP ថា៖ «ខ្ញុំប្រាប់ខ្លួនឯងថា ទោះជាខ្ញុំចាញ់ ក៏ចាញ់ Messi ដែលជាកីឡាករឆ្នើមបំផុតមួយក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រសិនបើខ្ញុំតាមទាន់គាត់នៅការប្រកួតចុងក្រោយនេះនោះជាប្រភពមោទនភាពផងដែរ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ»។
Mbappe បានក្លាយជាកីឡាករវ័យក្មេងទី ២ ក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុនបន្ទាប់ពីវីរបុរសបាល់ទាត់សញ្ជាតិប្រេស៊ីល Pele ក្រោយពីបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះក្រុមជម្រើសជាតិក្រូអាត ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World- Cup 2018៕ SN