ក្រុង​ប៉ារីស៖ កីឡាករ​បាល់ទាត់​អាជីព និង​ក្លិប​​នៅ​លីក​កំពូល​ទាំង​ ​២ របស់​ប្រទេស ​បារាំង បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មិន​ផ្លូវ​ការ​មួយ​ ដើម្បី​ធ្វើ​ការ​កាត់​ប្រាក់​ខែ​ជា​បណ្ដោះ​អាសន្ន​ក្នុង​អំឡុង​វិបត្តិ​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​សមាគម​របស់​​កីឡាករ​ជាតិ (UNFP)​។

ក្រោយ​ពី​មាន​ការ​ស្រុះ​ស្រួល​គ្នា​នេះ ប្រធាន​ UNFP លោក Philippe Piat បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​ពួក​យើង​បាន​ចេញ​គោលការណ៍​នេះ នៅ​ព្រឹក​នេះ។ គំនិត​ដែល​បាន​ផ្ដួចផ្ដើម​ឡើង​នេះ គឺ​ថា​កីឡាករ​ទាំង​អស់ សុខ​ចិត្ត​ផ្ដល់​ប្រាក់​នឿយហត់​របស់​ពួក​គេ ក្នុង​ខែ​មេសា ដើម្បី​ជួយ​ក្លិប​ក្នុង​ពេល​ដែល​គ្រប់​គ្នា​ហៅ​ថា ​ស្ថានភាព​សុខភាព គឺ​សំខាន់​ជាង​អ្វី​ទាំង​អស់​»​។ ​

ក្រុម​អ្នក​តំណាង​ឲ្យ​ក្លិប និង​កីឡាករ​បាន​​ឈាន​ដល់​ការ​ព្រមព្រៀង​រួម​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កីឡាករ​ទាំង​អស់​ទទួល​យក​ការ​កាត់​ប្រាក់​ខែ​ជា​បណ្ដោះ​អាសន្ន ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​ការ​ថ្លៃ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​កីឡា Canal+ និង beIN ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពន្យារពេល​សម្រាប់​ការ​បង់ប្រាក់ ដែល​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្លិប​ជា​ច្រើន ក្រោយ​រដូវកាល​ដែល​នៅ​សល់ ត្រូវ​បាន​ផ្អាក​ ដោយ​ឥត​មាន​ពេល​កំណត់​កាល​ពី​ខែ​មុន​។​ ​

ក្រោយ​លេច​ចេញ​នូវ​កិច្ច​ព្រមព្រៀង​នៃ​ការ​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​នេះ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ពី​​ចំនួន​ថា ​នឹង​ថយ​ចុះ​ច្រើន ចាប់​ពី ២០ ​ភាគរយ​ឡើង​ទៅ ដោយ​អ្នក​ដែល​មាន​ចំណូល​ខ្ពស់​បំផុត ពោល​គឺ​រក​បាន​ ១០០ ០០០ ​អឺរ៉ូ (​ជាង ១០០ ០០០ ​ដុល្លារ) ក្នុង ​១ ​ខែ នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​កាត់​ដល់​ទៅ​ ​៥០ ​ភាគរយ​ តែ​សម្រាប់​កីឡាករ​ដែល​មាន​ប្រាក់​ចំណូល​មិន​ដល់​ ​១០​ ០០០ ​អឺរ៉ូ (​ជាង ១០ ០០០ ​ដុល្លារ​) នឹង​មិន​មាន​ផល​ប៉ះពាល់​ពី​សេចក្ដី​សម្រេច​រួម​នេះ​ឡើយ​។​​ ​​

យោង​តាម​ច្បាប់​ការងារ​របស់​ប្រទេស ​បារាំង កិច្ច​សន្យា​នេះ មិន​អាច​មាន​ប្រសិទ្ធភាព​ផ្នែក​ច្បាប់​នោះ​ឡើយ​​ បើ​ទោះបី​ជា លោក​ប្រធាន UNFP កំពុង​រំពឹង​ថា​ មនុស្ស​ភាគ​ច្រើន​នឹង​មិន​ធ្វើ​ការ​ជំទាស់​ចំពោះ​ការ​ស្រុះ​ស្រួល​គ្នា ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​កីឡាករ និង​ក្លិប​នេះ​ក៏​ដោយ​។​

លោក​ប្រធាន Piat ​និយាយ​ថា​៖ «យើង​បាន​ផ្ដល់​យោបល់​ឲ្យ​ពួក​គេ​ព្រម​ទទួល​យក​សំណើ​នេះ ព្រោះ​វា​គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​សង្គ្រោះ​ការងារ​របស់​ខ្លួន។ បើ​គ្មាន​ការ​កាត់​ប្រាក់​បណ្ដោះ​អាសន្ន​នេះ​ទេ អាជីព​របស់​ពួក​គេ​នឹង​មាន​បញ្ហា»​។

ស្រប​ពេល​មាន​បញ្ហា​លើ​ការ​ពន្យារ​ពេល​ប្រកួត​នេះ​ ក្លិប​នៅ​ក្របខ័ណ្ឌ​ទី ​១ ​​របស់​បារាំង​ មាន​ Lyon និង Marseille ​ជា​ដើម សុទ្ធ​តែ​បាន​អនុវត្ត​រួច​រាល់​នូវ​គោលការណ៍​របស់​រដ្ឋាភិបាល ដើម្បី​អាច​សន្សំ​ប្រាក់​ខ្លះ ដែល​ចំណាត់​ការ​នោះ គឺ​ក្លិប​​ចំណាយ​​តែ ៧០ ​ភាគរយ​ ខណៈ​រដ្ឋ​ចេញ​ ​៣០ ​ភាគរយ​៕ AFP/VN