កូរ៉េ​ខាងត្បូងៈ កីឡាការិនី​លោត​ទឹក​​​របស់​ប្រទេស​ ចិន បាន​​ឈ្នះ​ការ​ប្រកួត​​ទាំង​៦​លើក​​នៅ​ព្រឹត្តិ​ការណ៍​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅពេល​កីឡាការិនី​​ឆ្នើម​ Shi Tingmao និង​កីឡាការិនី​ Wang Han បាន​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ការ​ប្រកួត​លោតបង្វិល​ខ្លួន​​​កម្ពស់​ ៣ ​ម៉ែត្រ​​​។​

ម្ចាស់​ជើង​ឯក​អូឡាំពិក​ Shi និង​​ម្ចាស់​ជើង​ឯក​បង្វិល​ខ្លួន​ ៣ ​ជុំ ​ក្នុង​​ពិភព​លោក​ Wang បាន​បង្ហាញ​សមត្ថ​ភាព​ល្អ​បំផុត​នៅ​ក្នុង​កា​រ​ប្រកួត​នៅទី​ក្រុង​ Gwangju ប្រទេស​ កូរ៉េ​ខាងត្បូង​ ដោយ​ទទួល​បាន​ពិន្ទុ​សរុប​ ៣៤២​ គឺ​ច្រើន​ជាង​គូ​ប្រកួត​ខ្លួន​ចំនួន​ ៣០ ​ពិន្ទុ​។​ ​

ចំណែក​កីឡាការិនី​កាណាដា​ Jennifer Abel និង​ Melissa Citrini Beaulieu បាន​​មេ​ដាយ​ប្រាក់​ ខណៈ​កីឡាការិនីម៉ិកស៊ិក​ Paola Espinosa Sanchez និង​កីឡាការិនី​ Melany Hernandez Torres បាន​មេដាយ​សំរិទ្ធ។​

ប្រទេស​ ចិន ​បាន​ទទួល​មេ​ដាយ​មាស​ចំនួន​ ៧ ​ក្នុង​ចំណោមការ​ប្រកួត​​​មេ​ដាយ​មាស​ចំនួន ​៨​ នៅ​ព្រឹត្តិ​ការណ៍​​អូឡាំពិក​ក្រុង​រីយ៉ូ​ ឆ្នាំ​ ២០១៦​ និង​ទទួល​បាន​ជ័យជម្នះ​​ជា​ច្រើន​នៅ​ការ​ប្រកួត​ម្ចាស់​ជើង​ឯក​ពិភព​លោក​ចុង​ក្រោយ​នៅ​ទី​ក្រុង​ Budapest ប្រទេស​ ហុង​គ្រី ​កាល​ពី ​២ ​ឆ្នាំ​មុន ​ដោយ​ទទួល​បាន​ពាន​រង្វាន់​ ៨​ ក្នុង​ចំណោម​ពាន ​១៣ ​៕ AFP/SN