ភ្នំពេញៈ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​ ២០១៩ ក្រោម​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​លើក​ដំបូង​ដែល​នឹង​ធ្វើ​នៅ​ទីស្នាក់ការ​របស់​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​ (NOCC) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រហូត​ដល់​សុក្រ ប៉ុន្តែ​ការប្រកួត​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ត្រឹម​ ៤៨ ​នាក់​ទេ ខណៈ​ជើង​ខ្លាំងៗ​លំដាប់​ជួរមុខ​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​មិន​បាន​មក​ចូលរួម​ច្រើន​ដូច​ការប្រកួត​កាលពី​ឆ្នាំ​មុនៗ​ទេ​។

លោក គុជ គឹមឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​នេះ​ជា​លើក​ទី​១ ដែល​សហព័ន្ធ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បាន​រៀបចំ​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ជាតិ ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ ចំណែក​ការប្រកួត​នានា​កន្លង​មក​ដូចជា​វគ្គ​ជម្រុះ​អុកចត្រង្គ​មហាសង្ក្រាន្ត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​មិនមែន​ជា​ការប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា​បន្ទាប់ពី​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ក្នុង​ការកសាង​រចនាសម្ព័ន្ធ​បានល្អ រឹងមាំ និង​បង្កើត​ឲ្យ​មាន​ការប្រកួត​នានា​មួយ​រយៈ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​នោះ ទើប​ធ្វើឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​មាន​ការប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។

ចំណែក​លោក គួច ចន្ថារិទ្ធ ហៅ ត្រេន មន្ត្រី​បច្ចេកទេស និង​ជា​គណៈកម្មការ​ដឹកនាំ​ការប្រកួត​នៃ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ជាតិ​ជា​លើក​ទី​ ១ ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​មាន​កីឡាករ​មក​ដាក់​ពាក្យសុំ​ប្រកួត​ចំនួន​ ៤៨ ​នាក់​ប៉ុណ្ណោះ គឺ​តិច​ជាង​ចំនួន​អ្នក​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ក្រៅ​ក្របខ័ណ្ឌ ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​យើង​បានរៀបចំ​កន្លងមក​»​។

លោក​បន្ថែម​ថា​៖ «​មាន​កីឡាករ​មកពី​គ្រប់​ខេត្ត​រាជធានី​ទាំង​ ២៥ និង​ចំនួន​ ១៤ ​ក្លិប ប៉ុន្តែ​ចំនួន​នេះ វា​តិច​ជាង​ព្រឹត្តិការណ៍​ប្រកួត​មុនៗ ដោយសារ​ជើង​ខ្លាំងៗ​មួយ​ចំនួន​មិន​ចូលរួម តែ​នេះ​ជា​សិទ្ធិ​បុគ្គល​របស់​គេ​ម្នាក់ៗ ព្រោះ​ពួកគាត់​អាច​គិតថា ប្រាក់​រង្វាន់​របស់​ក្រសួង​ក្នុង​ការប្រកួត​នេះ​មាន​ចំនួន​តិច ឬ​ក៏​គេ​រវល់​ខ្លាំង ទើប​មិន​បាន​មក ចំណែក​សហព័ន្ធ​មិនមែន​ជា​អ្នក​កំណត់​ចំនួន​ប្រាក់​រង្វាន់ នោះឡើយ​»​។

ទោះ​ជា​យ៉ាងណា​លោក គួច ចន្ថារិទ្ធ បាន​បង្ហើប​ថា​នៅក្នុង​ចំណោម​អ្នក​ដាក់ពាក្យ​ចូលរួម​ចំនួន​ ៤៨ ​នាក់​នោះ​ក៏​មាន​ជើង​ខ្លាំង​មួយ​ចំនួន​ផង​ដែរ មាន​ដូចជា ឈាវ បូរ៉ា អតីត​អគ្គលេខាធិការ​សហព័ន្ធ និង​ធ្លាប់​ឈ្នះ​តំណែង​ស្តេច​អុក​មហាសង្ក្រាន្ត​ ២ ​ជំនាន់​លោក ឆយ វីរ៉ា អតីត​ធ្លាប់​ឈ្នះ​តំណែង​ពានរង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​ ២០១០ លោក សេរី សម្បត្តិ លោក ប៊ិន គាសេង លោក ឃឹម ឌីណា លោក ប៊ូ វណ្ណម៉ូនីកា លោក រស់ រិទ្ធាយ៉ា និង​លោក ទេស សុរាវី ជាដើម ដែល​សុទ្ធតែ​ធ្លាប់​ល្បីល្បាញ​ក្នុង​ពិភព​កីឡា​អុកចត្រង្គ​កម្ពុជា​។

លោក ឃាង ទាវ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹងថា​៖ «​យើង​ប្រកួត​ត្រឹម​ ២ ​ថ្ងៃ​ទេ ចំណែក​ប្រាក់រង្វាន់​អ្នក​ឈ្នះ​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អាច​មាន​ចំនួន​ដូច​ទៅ​នឹង​ប្រភេទ​កីឡា​ក្នុង​សហព័ន្ធ​ផ្សេងៗ​ដែរ​»​។ ចំណែក​លោក ឡុង ឌី ដែល​ទទួល​តំណែង​ថ្មី​ជា​អគ្គលេខាធិការ​ពី​លោក ឈាវ បូរ៉ា ដែល​លាឈប់​នោះ​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ ដោយ​លោក​ថា​ជាប់​បេសកកម្ម​នៅ​ខេត្ត​។

ទោះបី​ជា​យ៉ាងណា​ប្រភព​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា មូលហេតុ​ដែល​កីឡាករ​ដាក់​ពាក្យ​ប្រកួត​មាន​ចំនួន​តិច អាច​មកពី​ប្រាក់​រង្វាន់​របស់​ក្រសួង​អប់រំ​មាន​ចំនួន​តិច​គឺ​អ្នកឈ្នះ​ជយលាភី​មិន​អាច​លើស​ពី​ ៤០ ​ម៉ឺន​នោះ​ទេ ដែល​ប្រៀបធៀប​ទៅ​នឹង​ការលេង​ភ្នាល់​នៅ​តាម​រោង​កាហ្វេ​ជា​លក្ខណៈ​ឯកជន​មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​ឯណោះ​៕