ក្រុង​ Incheon៖ ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​​​មិន​បាន​ដឹង​​ថា ​ការ​ប្រកួត​ជម្រុះ ​World Cup ដ៏​អស្ចារ្យ​របស់​ពួក​គេ​នៅ​ទីក្រុង​ព្យុងយ៉ាង ​ប្រទេស ​កូរ៉េ​ខាង​ជើង ​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​​គ្មាន​អ្នក​ទស្សនា​នោះ​ទេ​ ​​ដែល​តារា​បាល់ទាត់​​ Son Heung-min ប្រចាំ​ក្លិប​​ Tottenham បាន​​ពិពណ៌​នា​ថា​ «មាន​លក្ខណៈ​កាច​សាហាវ​បំផុត​»​ ហើយ​មន្ត្រី​ម្នាក់​បាន​ប្រដូច​ការ​ប្រកួត​នេះ​ទៅ​នឹង​ការ​ធ្វើ​សង្គ្រាម​។

ការ​ប្រកួត​ជាមួយ​ក្រុម​កូរ៉េ​ខាង​ជើង​នេះ ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ ០-០ ​ពី​ថ្ងៃ​អង្គារ​ដោយ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក FIFA លោក Gianni Infantino ​សឹង​តែ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​មើល​ការ​ប្រកួត​នេះ​​​។​

នេះ​ជា​ការ​ប្រកួត​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​រវាង​ក្រុម​បាល់ទាត់​បុរស​ដែល​រៀបចំ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​ និង​​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង ​២ ​​នេះ​ ប៉ុន្តែ​ការ​ប្រកួត​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​គ្មាន​ការ​ផ្សាយ​ផ្ទាល់​ និង​គ្មាន​អ្នក​សារព័ត៌មាន​បរទេស​ចូល​រួម​នោះ​ទេ​​។

រហូត​មក​ដល់​នាទី​ចុង​ក្រោយ​នេះ​ ក្រុម​កូរ៉េ​ខាង​ត្បូង​នៅ​តែ​មិន​ដឹង​ពី​មូលហេតុ​​ពី​ការ​គ្មាន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ចូល​ទស្សនា​ការ​ប្រកួត​នេះ​។​

លោក​ Choi ​Young-il ​អនុ​ប្រធាន​សមាគម​បាល់​ទាត់​កូរ៉េ​បាន​និយាយ​​នៅ​ពេល​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​ត្រឡប់​ទៅ​ដល់​ព្រលាន​យន្តហោះ​ក្រុង Incheon ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ថា​៖ ​«​យើង​​រំពឹង​ថា​ នឹង​មាន​មនុស្ស​ចំនួន​ ៥០ ០០០​ ​នាក់​​ចូល​ទស្សនា​​នៅ​ពេល​​ទ្វារ​បាន​បើក​ចំហ​ ​ប៉ុន្តែ​ពួក​គេ​មិន​​បាន​មក​ទេ​»​។​

អនុ​ប្រធាន​រូប​នេះ​បាន​បន្ថែម​ថា៖ «​ច្រក​ទ្វារ​មិន​ដែល​បើក​ចំហ​ទេ​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​​​ ក៏​ដូច​ជា​​កីឡាករ​ និង​គ្រូ​បង្វឹក​ដទៃ​​ទៀត​​ដែរ​»។​

លោក Choi បាន​និយាយ​ថា គាត់​បាន​សួរ​​មន្ត្រី​កូរ៉េ​ខាង​ជើង ​ពី​ការ​អវត្តមាន​របស់​អ្នក​គាំទ្រ​ក្នុង​ស្រុក​នេះ​​ ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា៖ «​ប្រហែល​ជា​ពួក​គេ​មិន​ចង់​មើល​ការ​ប្រកួត​នេះ​ទេ​»។​​

កីឡាករ​ Son បាន​និយាយ​ថា៖ «​ការ​ប្រកួត​នេះ ​គឺ​មាន​លក្ខណៈ​សាហាវ​បំផុត​​ក្នុង​កម្រិត​ដែល​ខ្ញុំ​គិត​ថា ពួក​គេ​គ្រាន់​តែ​ប្រើ​បច្ចេកទេស​ដោយ​​សុវត្ថិភាព គឺ​​មិន​ចាំ​បាច់​បង្ក​របួស​​ដល់​កីឡាករ​ជា​គូ​ប្រជែង​នោះ​ឡើយ​​»។​

ចំណែក​លោក Choi ​បាន​និយាយ​​ថា គាត់​​មិន​​ដែល​​ឃើញ​​ការ​​ប្រកួត​ដ៏​​សាហាវ​​បែប​នេះ​នៅ​លើ​ទីលាន​ប្រកួត​ពី​មុន​មក​ទេ ​គឺ​ថា​ «​វា​មាន​លក្ខណៈ​ដូច​ការ​ធ្វើ​សង្គ្រាម​អ៊ីចឹង​»។​​

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើង​បាន​ចេញ​របាយការណ៍​​តែ ២ ​​ឃ្លា ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​​ថា៖ «​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ​​បាន​​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​»។​​

កាសែត​ Joongang Daily របស់​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «​យើង​គ្រាន់​តែ​សូម​អរគុណ​កូរ៉េ​ខាង​ជើង ​ដែល​បាន​ជួយ​បញ្ជូន​ក្រុម​កីឡាករ​របស់​យើង​ត្រឡប់​មក​ផ្ទះ​វិញ ​ដោយ​សុវត្ថិភាព​»៕ AFP/SN