ក្រុងសេអ៊ូល: ទីក្រុងសេអ៊ូល កាលពីថ្ងៃពុធម្សិលមិញ បានអនុម័តគម្រោងថវិកាចំនួន ២,៦ លានដុល្លារអាមេរិក ដើម្បីរ៉ាប់រងទៅលើការចំណាយផ្សេងទៀតសម្រាប់ដំណើរទស្សនកិច្ចរបស់អត្តពលិកកូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ទីក្រុង Pyeongchang ក្រោយពីមេដឹកនាំកូរ៉េខាងជើង កោតសរសើរចំពោះការធ្វើបដិសណ្ឋារកិច្ចរបស់កូរ៉េខាងត្បូង។ នេះបើយោងទៅតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល។
គម្រោងសាច់ប្រាក់ចំនួន ២,៨៦ ពាន់លានវ៉ុននេះ នឹងត្រូវរ៉ាប់រងទៅលើការដឹកជញ្ជូន សណ្ឋាគារ អាហារ និងការចំណាយផ្សេងៗទៀតសម្រាប់អត្តពលិកចំនួន ២២៩ នាក់ ក្រុមបង្ហាញក្បាច់តេក្វាន់ដូ ១ ក្រុម និងអ្នកសម្តែងសិល្បៈ ១៤០ នាក់។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង។
មន្ត្រីក្រួសួងបានឲ្យដឹងថា សាច់ប្រាក់សម្រាប់អត្តពលិកកូរ៉េខាងជើង ២២ នាក់ដែលចូលរួមក្នុងអូឡាំពិករដូវរងា នឹងត្រូវរ៉ាប់រងដាច់ដោយឡែកពីគ្នាដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ទីក្រុងសេអ៊ូល មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការធានាឲ្យបានថា ដំណើរទស្សនកិច្ចរបស់កូរ៉េខាងជើង មិននាំឲ្យមានការប្រព្រឹត្តល្មើសនៃការដាក់ទណ្ឌកម្មជាច្រើនទៅលើទីក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ។ ទឹកប្រាក់នេះ ត្រូវបានរំពឹងទុកថា នឹងត្រូវប្រគល់ដោយផ្ទាល់ឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម ដោយធ្វើតាមរយៈមន្ត្រីរបស់កូរ៉េខាងជើងឡើយ។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិលោក Cho Myounggyon ប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នារវាងកូរ៉េខាងត្បូង និងខាងជើងរបស់ក្រសួងនេះ ដែលបានផ្តល់មូលនិធិទាំងនេះ បានគូសបញ្ជាក់ថា វត្តមានរបស់កូរ៉េខាងជើង ក្នុងទីក្រុង Pyeongchang កំពុងតែបង្កើតឲ្យមាន «កម្លាំងដ៏សំខាន់សម្រាប់ការធ្វើឲ្យចំណងមិត្តភាពអន្តរកូរ៉េកាន់តែល្អប្រសើរ និងបង្កើនសុខសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ»៕