ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាននិង​កំពុង​គិតគូរ លើ​ការ​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​ក្រុម​អត្តពលិក​កីឡា​ចំបាប់​កម្ពុជា​ទាំង​លើ​ការ​ហ្វឹក​ហាត់ និង​ការ​ចេញ​ទៅ ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អ្នក​ដែល​អាច​ដណ្តើម​បាន​មេដាយ មាស ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​កម្ពុជា ក៏​អាច​នឹង​ទទួល​បាន​នូវ​ការ​ជួយ​ទំនុក​បម្រុង​ដ៏​ពិសេស​ពី​ក្រសួង​មួយ​នេះ​ផង​ដែរ។

លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា៖ «ខាង​ក្រសួង​សេដ្ឋកិច្ច មាន​ផែនការ​ក្នុង​ការ​ជួយ​ដល់​ក្រុម​ចំបាប់ ប៉ុន្តែ​យើង​នូវ​មិន​ទាន់​សម្រេច​ពី​តម្រូវការ ឬ​ការ​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​កីឡាករ ក៏​ដូចជា​ការ​រៀប​ចំ​ការ​ប្រកួត​ប្រជែង និង​ហ្វឹកហាត់ មាន​ចំនួន​ប៉ុន្មាន​ទេ ពីព្រោះ​ខ្ញុំ​ត្រូវ​ដាក់​ជូន​ឯក​ឧត្តម​បណ្ឌិត​សុភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជ្រាប​ផង​ដែរ។ ទោះ​យ៉ាង​ណា ចំពោះ​ថវិកា​នេះ យើង​នឹង​ខិតខំ​យ៉ាងណា ដើម្បី​ចូលរួម​បំពេញ​តម្រូវការ​នៃ​ការ​ហាត់ ក៏​ដូចជា​ការ​ចេញ​ទៅ​ប្រកួត នៅ​ក្រៅ​ប្រទេស​របស់​ក្រុម​ចំបាប់»។

ការលើកឡើង​របស់លោក ងី តា​យី ត្រូវបាន​ធ្វើឡើង នៅពេលដែល ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​រូប​នេះ បាន​នាំ​យក​ប្រាក់​រង្វាន់​ទៅ​ជូន​ដល់​អត្តពលិក​ចំបាប់ ដែល​ដណ្តើម​បាន​មេដាយ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពី​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​ខេមអេដ កាល​ពី​ថ្ងៃ​អាទិត្យ​មុន។

ជាមួយគ្នានេះ លោក ងី តា​យី ដែល​កាន់​ផ្នែក​កីឡា​ចំបាប់ និង​បាល់ទាត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​គិតគូរ​ពី​ការ​ជួយ​ឧបត្ថម្ភ​ដល់​ការ​ហ្វឹក​ហាត់​របស់​ក្រុម​ចំបាប់ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ផង​ដែរ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​បាន​ជជែក​ជាមួយ​លោក​សាស្ត្រាចារ្យ Casey Barnett ម្ចាស់​វិទ្យាស្ថាន​ខេមអេដ និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា រួច​ហើយ សម្រាប់​ទិស​ដៅ​ជួយ​ចំបាប់​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម គ្រាន់​តែ​យើង​មិន​ទាន់​បាន​លម្អិត​ពី​ផែនការ​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ស៊ីហ្គេម ឆ្នាំ ២០២៣ ធ្វើ​នៅ​ស្រុក​យើង អ៊ីចឹង​កីឡា​នេះ នឹង​មាន​សក្តានុពល​ជា​វិជ្ជមាន​មួយ​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ជូន​ប្រទេស​ជាតិ​យើង»។

បន្ថែម​លើ​នេះ លោក ងី តា​យី ក៏​គ្រោង​នឹង​ជួយ​សម្រួល​ដល់​អត្ត​ពលិក ដែល​អាច​ដណ្តើម​បាន​មេដាយ​មាស ពី​ស៊ីហ្គេម នៅ​ឆ្នាំ ២០២៣ ឲ្យ​មាន​ក្របខ័ណ្ឌ នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផង​ដែរ។

លោក​បាន​បង្ហើប​ថា៖ «យើង​មិន​ទាន់​ហ៊ាន​ថា​អ្វី​ឲ្យ​ច្បាស់​លើ​ការ​ទទួល​បាន​ក្របខ័ណ្ឌ​នេះ​ទេ តែ​យើង​គិត​ថា ត្រូវ​មាន​អី​ជាការ​លើក​ទឹក​ចិត្ត ព្រោះ​គាត់​បាន​មេដាយ​មក​តំណាង​ឲ្យ​ប្រទេស​ជាតិ​យើង គឺ​ធំ​ណាស់ អ៊ីចឹង​ខ្ញុំ​គិត​ថា (ការ​ចូល​ក្របខ័ណ្ឌ​នេះ) មិន​ជា​បញ្ហា​នោះ​ទេ ចំពោះ​អ្នក​មាន​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣»៕