ក្រុងមីឡានៈ​ គ្រូ​បង្វឹក​ក្លិប Atalanta លោក Gian Piero Gasperini បាន​​សរ​សើរ​ពី​ទម្រង់​លេង​​​ដែល​​ក្លិប​របស់​គាត់​នឹង​ចង​ចាំ​អស់​មួយ​ជីវិត​ក្រោយ​ពី​ក្រុម​អ៊ី​តាលី​មួយ​នេះ​​បាន​លត់​ក្រុម Valencia យ៉ាង​ចាស់​ដៃ​ ៤-១ កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ ដើម្បី​បោះ​​ជំហាន​ធំ​មួយ​ឡើង​ទៅ​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champion League ជា​លើក​ដំបូង​។​​

កីឡាករ​ហូឡង់​ Hans Hateboer រក​បាន​២​គ្រាប់​តែ​ម្នាក់ឯង​នៅ​នាទី​ទី​ ១៦​ និង​ទី​ ៦២​ ដែល​ស្ថិត​នៅ​អម​គ្រាប់​បាល់​រក​បាន​ដោយ​កីឡាករ​ Josip Ilicic និង Remo Freuler។​

លោក Gasperini បាន​និយាយ​ថា៖ «​នេះ​ជា​ពេល​ល្ងាច​មួយ​ដែល​យើង​នឹង​ចង​ចាំ​ជា​រៀង​រហូត​​ព្រោះ​វា​ជា​លទ្ធ​ផល​គួរ​ឲ្យ​អស្ចារ្យ​និង​ពេញ​ចិត្ត​តែ​ម្ដង​»។​

កីឡាករ​ Denis Cheryshev រក​បាន ​១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម Valencia នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​ ១​ នៃ​វគ្គ​ ១៦​ ក្រុម​ចុង​ក្រោយ​ នៅ​កីឡដ្ឋាន​ San Siro ជា​ទី​ដែល​ក្រុម​អេស្ប៉ាញ​មួយ​នេះ​បាន​ចាញ់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​ ២០០១​ ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​។​

ក្រុម ​Valencia ​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​ ៧ ​នៅ​ក្រប​ខ័ណ្ឌ​ La ​Liga ​បាន​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​​ពូល​របស់​ពួក​គេ​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម​ Ajax ​និង​ក្រុម ​Chelsea​ ប៉ុន្តែ​ពួក​គេ​បាន​បាត់​បង់​កីឡា​ករ​សំខាន់​ៗ​ជា​ច្រើន​ដោយ​សារ​របួស​និង​ការ​ផ្អាក​ការ​ប្រកួត​​។

គ្រូ​បង្វឹក​ក្លិប Valencia លោក Albert Celades បាន​និយាយ​ថា៖ «​វា​ពិត​ជា​បាន​បញ្ចប់​រឿង​មួយ​ចំនួន​បន្តិច​ហើយ​​ព្រោះ​វា​ពិត​ជា​លទ្ធ​ផលដ៏​លំបាក​មួយ​ ​គឺ​ ៤ ទល់​នឹង ​១​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​នៅ​ចុង​បញ្ចប់​ វា​មិន​ឆ្លុះ​បញ្ចាំង​ច្រើន​ពី​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​លើ​ទី​លាន​ប្រកួត​នោះ​ទេ​»៕ AFP/SN