ភ្នំពេញៈ ក្រុម​ម្ចាស់​ជើងឯករង​ ២ ​សម័យកាល Khmer United- A បាន​លត់​ក្រុម ATK រហូត​ដល់ ២៤-០ ដើម្បី​ស្តារ​ស្ថានភាព​នៃ​ការប្រកួត​របស់​ខ្លួន​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ បើ​ទោះបី​ជា​ឱកាស​ប្រជែង​យក​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League 2019 ហាក់​នៅ​មាន​ភាគរយ​តិច​ចំពោះ​ពួកគេ​ក៏ដោយ​។

ការទទួល​បាន​លទ្ធផល​ចាញ់​ ១ និង​ស្មើ​ ១ សម្រាប់​ការប្រកួត​កាលពី​ពេល​ថ្មីៗ​នេះ វា​ហាក់​បាន​បញ្ចប់​មហិច្ឆតា​របស់ Khmer- United A ក្នុង​ការប្រមាញ់​ពាន​មួយ​នេះ​ឲ្យ​បាន​ជា​លើកដំបូង​បាត់​ទៅ​ហើយ ព្រោះ​ក្រុម​កំពុង​មាន​ពិន្ទុ​នាំមុខ ពិសេស ISI Group- Unites និង Avatar FC នៅតែ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​ការពង្រឹង​ទីតាំង​លេខ​ ១ និង​លេខ​ ២ ​របស់​ពួកគេ​។

គិត​ត្រឹម​ការប្រកួត​នៅ​សប្តាហ៍​ទី​ ១០ ​នេះ​ក្រុម ISI នៅ​តែ​អាច​យក​ឈ្នះ​ក្រុម​បាសាក់ ២-០ ដើម្បី​បន្ត​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​ ២៨ ​ពិន្ទុ ខណៈ Avatar ក៏​បាន​ឈ្នះ​ក្រុម Sniper FC ៨-២ ដើម្បី​បន្ត​ឈរ​លេខ​ ២ ​ផង​ដែរ ដោយ​មាន​ ២៥ ​ពិន្ទុ​គឺ​លើស Khmer- United A ដែល​ទើប​ឡើង​មក​ឈរ​នៅ​លេខ​ ៣ ជាថ្មី​ដោយ​មាន​ត្រឹម​ ២៣ ​ពិន្ទុ ប៉ុន្តែ​ការឡើង​មក​កាន់​តំបន់​កំពូល​តារាង​ទាំង​ ៤ ​នេះ ក៏​ដោយសារ​តែ​ជំនួប​រវាង​ក្រុម​មាន​ ២២ ​ពិន្ទុ Reil Phnom Penh និង​ក្រុម​មាន​ ២១ ​ពិន្ទុ Bayon- Wanderers ត្រូវ​បាន​លើក​យក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា​ផង​ដែរ​។

យ៉ាងណា​ក៏ដោយ​គ្រូបង្វឹក​កម្រិត​លីក​កំពូល​លោក កែវ សារិន បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ក្រុម Khmer United A ខណៈ​លោក​បាន​សម្រេច​ដក​កីឡាករ​បរទេស​ ២ ​នាក់​ឲ្យ​ឈរជើង ហើយ​ដាក់​កីឡាករ​ខ្មែរ​ឲ្យ​លេង​ភាគច្រើន​នោះ​។ លោក​ប្រាប់​ថា​៖ «​ការឈ្នះ ២៤-០ នេះ​អាច​មកពី​ក្រុម​គេ​ខ្សោយ​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ការប្រកួត​នេះ ខ្ញុំ​បាន​រៀបចំ​ទម្រង់​លេង​ថ្មី​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ការទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​កន្លងមក ដោយសារ​តែ​យើង​មាន​ភាពលម្អៀង​ខ្លាំង​ទៅ​លើ​ការលេង​របស់​កីឡាករ​បរទេស​ដោយ​ពួកគេ​ចូលចិត្ត​លេង​ជា​លក្ខណៈ​បុគ្គល ធ្វើឲ្យ​ការលេង​របស់​យើង​មិន​បាន​ល្អ ប៉ុន្តែ​លើក​នេះ​ខ្ញុំ​ដាក់​កីឡាករ​បរទេស​ឲ្យ​លេង​តែ​ ២ ​នាក់​ទេ ក្រៅពី​នោះ​ដាក់​ខ្មែរ​ទាំងអស់ ហើយ​តាម​ការប្រកួត​នេះ​ឃើញ​ថា​កីឡាករ​ខ្មែរ​មាន​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការលេង និង​លេង​ជា​ក្រុម​បាន​ល្អ​គឺ​មាន​ការប្រសើរ​ជាង​មុខ​ច្រើន​»​។

នៅពេល​សួរ​ពី​ឱកាស​ក្នុង​ការប្រជែង​យក​ពាន​ធំ​លោក កែវ សារិន បាន​ឆ្លើយតប​ថា​៖ «​បាល់ទាត់ វា​តែងតែ​មាន​ការប្រែប្រួល ហើយ​ក្រុម​មាន​ពិន្ទុ​លើស​យើង ក៏​អាច​នឹង​ជួប​ការ​ចាញ់​ផង​ដែរ អ៊ីចឹង​អ្វី​ដែល​សំខាន់ យើង​ត្រូវ​ពង្រឹង​ការលេង​របស់​យើង​ឲ្យ​បាន​ល្អ ព្រោះ​បើ​យើង​អត់​ឱកាស​លើក​ពាន​ធំ​ក៏​យើង​ត្រូវ​តែ​ស្វែងរក​ការ​ឈ្នះ​ឲ្យ​បាន​ជា​បន្តបន្ទាប់ ដើម្បី​បន្ត​ឈរ​នៅ Top5 នឹង​បាន​ប្រកួត​យក​ពាន​តូច​ផង​ដែរ​»​។

គួររំឭក​ថា​ក្រៅពី​ការប្រជែង​យក​ពាន​ធំ ដោយ​កំណត់​យក​ក្រុម​មាន​ពិន្ទុ​ខ្ពស់ ជាងគេ​ក្រោយ​ការប្រកួត​វិលជុំ​ ១៦ ​លើក​បាន​បញ្ចប់​នោះ​គឺ​ការប្រកួត Keller Williams Cambodia League 2019 ក៏​មាន​ការប្រកួត​ខ្វែង​រវាង​ក្រុម​បាន​លេខ​ ២ ​ដល់​លេខ​ ៥ ដើម្បី​ប្រជែង​ពាន​តូច ឬ Cup ផង​ដែរ ហើយ​គិត​ត្រឹម​ការប្រកួត​ ១០ ​លើក​នេះ​ក្រុម​បាសាក់​ឈរ​នៅ​លេខ​ ៦ មាន​ ១៨ ​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Mambo Phnom Penh ដែល​បាន​យក​ឈ្នះ​ក្រុម Khmer- United B ៣-១ ហើយ​ក្រុម Khmer United U22 ក៏​បាន​យក​ឈ្នះ​ក្រុម​ទន្សោង ៥-១ មាន​ ១៦ ​ពិន្ទុ​ដើម្បី​បង្កើត​ឱកាស​ប្រជែង​ទៅ​ឈរ​នៅ Top5 ផង​ដែរ​៕