ភ្នំពេញៈ ក្រុមកីឡាអេឡិចត្រូនិក Mister បានក្លាយជាម្ចាស់ជើងឯក ដើម្បីឈ្នះបានប្រាក់រង្វាន់ចំនួន ២៥ លានរៀលពីការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក ROS KH Cup 2019 លើវិញ្ញាសា Rules of Survival សម្រាប់រដូវកាលទី ១ បន្ទាប់ពីពួកគេបានបន្តទទួលបានជ័យជម្នះនៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅផ្សារទំនើបអ៊ីអន ២ សែនសុខ កាលពីថ្ងៃសៅរ៍។
ការឈ្នះបានតំណែងជើងឯករបស់ក្រុម Mister លើកនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះទម្រាំឈានមកដល់ជុំផ្តាច់ព្រ័ត្រដែលបានប្រកួតគ្នាតាមទូរស័ព្ទនេះគឺក្រុមមួយនេះបានឆ្លងកាត់ការប្រកួតជម្រុះ 2019 Digital Cambodia នៅកោះពេជ្រតាំងពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩ ដោយមានអ្នកចុះឈ្មោះចូលរួមជាង ៨០០ ក្រុម (១ ក្រុមមាន ៤ នាក់)។
ទាក់ទងទៅនឹងការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក (E-Sports) ដ៏ថ្មីសន្លាងមួយនេះលោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានថ្លែងក្រោយបញ្ចប់ការប្រកួតថា៖ «ការរៀបចំឲ្យមានការប្រកួតនេះឡើងគឺសហព័ន្ធមានគោលបំណងពង្រឹងសមត្ថភាពកីឡាករអេឡិចត្រូនិករបស់យើង ព្រោះ E-sports មានវិញ្ញាសាច្រើនណាស់ ខណៈកីឡាប្រភេទនេះក៏ត្រូវដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ ២០១៩ ជាលើកដំបូងផងដែរ អ៊ីចឹងយើងចង់ដឹងសមត្ថភាពកីឡាករយើងឲ្យបានគ្រប់វិញ្ញាសាទាំងអស់ ថាតើយើងគួរយកវិញ្ញាសាអ្វីទៅប្រកួតជាមួយគេ»។
បន្ថែមលើនេះលោក ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា៖ «មានរឿងសំខាន់ ២ ទៀតគឺទី ១ E-sports ពេលនេះត្រូវបានដាក់បញ្ចូលក្នុងវិញ្ញាសាកីឡា ហើយក៏គិតពីច្បាប់កីឡាដែរ ជាពិសេសអត់ប្រើប្រាស់សារធាតុញៀន អ៊ីចឹង E-sports អាចជំរុញឲ្យយុវជន យុវតីរបស់យើងអត់ប្រើគ្រឿងញៀន ហើយមួយទៀត E-sports អាចបង្ការការដើរលេងផ្តេសផ្តាសនៅខាងក្រៅរបស់យុវជន ដោយឲ្យពួកគេមកអង្គុយលេង E-sports ក្រោយសម្រាកការសិក្សា ព្រោះពួកគាត់មាន Computer និងទូរស័ព្ទដៃប្រើស្រាប់ ប៉ុន្តែនៅត្រង់នេះ ខ្ញុំសូមបញ្ជាក់ថាកុំបូកបញ្ជូលកីឡា E-sports ទៅនឹងការលេងល្បែងអេឡិចត្រូនិកដែលមានការភ្នាល់ដាក់លុយគឺវាខុសគ្នា»។
ជាមួយគ្នានេះការប្រកួតកីឡាអេឡិចត្រូនិក ROS KH Cup ដែលទទួលបានការឧបសត្ថម្ភធំពី Cellcard និងសហការឧបត្ថម្ភដោយ Oppo និង Wing ដោយមានប្រាក់រង្វាន់សរុប ១០០ លានរៀលគឺមានការផ្តល់ប្រាក់រង្វាន់រហូតដល់ក្រុមលេខ ១៥ នោះក្រុមលេខ ២ Varriors បានប្រាក់ ២០ លានរៀល ក្រុមលេខ ៣ U.P បាន ១០ លានរៀល។ ក្រុមលេខ ៤ NRX Cambodia បាន ៧ លានរៀលគឺប្រាក់រង្វាន់នេះមានការលើសគ្នាចំនួន ៥០ ម៉ឺនរៀលជាបន្តបន្ទាប់រហូតដល់ក្រុមលេខ ១៣ ប៉ុន្តែក្រុមលេខ ១៤ និងក្រុមលេខ ១៥ ទទួលបានប្រាក់រង្វាន់ ១ លានរៀលស្មើគ្នា៕