ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas គ្រោងនឹងប្រើវិធីសាស្រ្ត ដើម្បីបំបែកក្បួនលេងរបស់ក្រុមម្ចាស់ផ្ទះហុងកុង នៅពេលក្រុមទាំង ២ ត្រូវវិលមកជួបគ្នា ក្នុងជើងទី ២ ក្នុងវគ្គជម្រុះជុំទី ២ ពានរង្វាន់បាល់ទាត់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានហុងកុង នាយប់ម៉ោង ៧ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារនេះ។
បើទោះបីជា ក្រុមជម្រើសជាតិកម្ពុជាបានត្រឹមស្មើ ១-១ ជាមួយក្រុមជម្រើសជាតិហុងកុងសម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯងកាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ ប៉ុន្តែលោក Felix Dalmas បានមើលឃើញថា កម្ពុជានៅពេលនេះមានការអភិវឌ្ឍបានល្អជាងមុនទាំងទៅលើបទពិសោធលេង និងការបញ្ជូនបាល់ឲ្យគ្នា។
ចំណុចល្អៗទាំងនេះ ត្រូវលោក Felix បានមើលឃើញនៅពេលក្រុមកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ «វាជាបទពិសោធល្អមួយសម្រាប់យើង នៅក្នុងការប្រកួតនេះ ហើយយើងធ្វើបានល្អក្នុងការប្រយុទ្ធ និងបញ្ជូនបាល់ឲ្យគ្នា ប៉ុន្តែយើងត្រូវរៀបចំឲ្យបានល្អជាងនេះ មុនពេលប៉ះជាមួយក្រុមហុងកុង»។
ជាមួយគ្នានេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix ហាក់ នៅតែមានការទុកចិត្តថា បទពិសោធរបស់កម្ពុជា និងអ្វីដែលលោកបានដឹងពីក្រុមហុងកុង នឹងជួយឲ្យលោកអាចរៀបចំក្រុម ដើម្បីបំបែកក្បូនលេងរបស់ក្រុមហុងកុង។ លោក Felix បានបញ្ជាក់ថា៖ «យើងបានដឹងពីរបៀបលេងរបស់ក្រុមហុងកុងដែរ ដូច្នេះយើងត្រូវរកដំណោះស្រាយ ដើម្បីបំបែកក្បូនលេងរបស់ពួកគេ»។
តាមរយៈការប្រកួតចំនួន ៤ លើកដូចគ្នា ក្នុងវគ្គជម្រុះប្រចាំពូល C នេះ ក្រុមហុងកុង ធ្វើបានល្អជាងក្រុមកម្ពុជា ដោយពួកគេ បានស្មើ ២ ចាញ់ ២ ប្រកួត ខណៈកម្ពុជា បានស្មើ ១ និងចាញ់ ៣ ប្រកួត ហើយកំពុងឈរនៅបាតតារាង ដោយមាន ១ ពិន្ទុ ចំណែកក្រុមអ៊ីរ៉ាក់បានឈរនៅកំពូលតារាង ដោយមាន ១០ ពិន្ទុ និងតាមពីក្រោយដោយក្រុមបារ៉ែនមាន ៨ ពិន្ទុ និងក្រុមអ៊ីរ៉ង់ ដែលមាន ៦ ពិន្ទុ។
សម្រាប់ការប្រកួតក្រៅទឹកដីជាមួយក្រុមហុងកុងនៅយប់ថ្ងៃអង្គារនេះដែរ វាបានក្លាយជាការប្រកួតដ៏សំខាន់ និងលើកចុងក្រោយសម្រាប់លោក Felix និងអ្នកចាត់ការទូទៅក្រុមកម្ពុជា លោក Keisuke Honda ក្នុងការសម្រេចជ្រើសរើសកីឡាករលើសអាយុចំនួន ២ នាក់ ចេញពីក្រុមធំជម្រើសជាតិនេះ ដើម្បីដាក់ឲ្យចូលលេងជាមួយក្រុម U22 កម្ពុជា ក្នុងការប្រកួតជម្រុះប្រចាំពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេស ហ្វីលីពីន ខាងមុខនេះ។
ជាមួយគ្នានេះ កីឡាករមានឈ្មោះ នៅក្នុងបញ្ជីប្រមូលផ្តុំត្រៀមប្រកួតស៊ីហ្គេមចំនួន ១២ នាក់ រួមមាន អ៊ន ចាន់ប៉ូលីន, យ៉ើ សាហ្វី, យ៉ើ មូស្លីម, ឆេង ម៉េង, កែន ច័ន្ទសុភ័ក្រ្ត, កែវ សុខសិលា, ស៊ិន កក្កដា, ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, លី វ៉ាហេទ និង សៀង ចន្ធា ក៏មានឈ្មោះនៅក្នុងក្រុមធំជម្រើសជាតិកម្ពុជានេះផងដែរ។
ហេតុនេះការជួបក្រុមហុងកុង នៅយប់នេះ វាបានក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ពួកគេក្នុងការទទួលបានបទពិសោធថ្មីៗបន្ថែម ហើយក៏ជាពេលដែលលោក Felix និង Honda ធ្វើការសម្រេចចុងក្រោយ យកអ្នកត្រូវទៅចូលរួមប្រកួតស៊ីហ្គេម ជាមួយកីឡាករមួយចំនួនទៀត ដែលកំពុងហ្វឹកហាត់នៅក្នុងស្រុកផងដែរ ខណៈការប្រកួតជម្រុះប្រចាំពូល A នៅស៊ីហ្គេម កម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី ២៥ និងជួបក្រុមទីម័រខាងកើត នៅថ្ងៃទី ២៧ ខែ វិច្ឆិកា រួចទៅប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី ២ និងប្រកួតចុងក្រោយជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩៕