ភ្នំពេញៈ អ្នក​ចាត់ការ​ទូទៅ​ក្រុម លោក Keisuke Honda និង​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន លោក Filex Dalmas បាន​ចាប់ផ្តើម​បើក​ការបង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​យប់​ថ្ងៃ​ចន្ទ ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ​ជុំ​ដំបូង FIFA World Cup Qatar 2022 & Asian Cup 2023 ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ាគីស្ថាន​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​។

ការចាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ទាំង​ប្រថុចញ៉ុច​នេះ​គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ ២៥ ​នាក់​បែប​ស្ងាត់ៗ​កាលពី​យប់​ថ្ងៃ​អាទិត្យ ប៉ុន្តែ​សម្រាប់​ការហ្វឹកហាត់​ថ្ងៃទី​ ១ នៅ​ទីលាន AUPP កាលពី​យប់​ម៉ោង​ ៧ ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះ​ក្រុម​ជម្រើសជាតិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូល​ថត​រូបភាព ឬ​សកម្មភាព​ហ្វឹកហាត់​ត្រឹម​រយៈពេល​ ១៥ ​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​កំណត់​មិន​ឲ្យ​សម្ភាស ឬ​សួរនាំ​ទៅ​កាន់​គ្រូបង្វឹក និង​កីឡាករ​ណា​ម្នាក់​នោះ​ឡើយ​។

ការកំណត់​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើការ​សម្ភាស​នេះ វា​ធ្វើឲ្យ​អ្នកគាំទ្រ​មាន​ភាពមន្ទិល​កាន់តែ​ខ្លាំង ចំពោះ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​លើក​នេះ​ព្រោះ​ការចេញ​បញ្ជី​ឈ្មោះ​យឺត​ខុស​ពី​ធម្មតា និង​ការប្រមូលផ្តុំ​ត្រឹម​រយៈពេល​ ៣ ​ថ្ងៃ លើក​នេះ​វា​បាន​បន្សល់​ទុក​នូវ​ចម្ងល់ និង​ការរិះគន់​មួយ​ចំនួន​ពី​អ្នកគាំទ្រ​ខ្លះ​ទៅ​ហើយ ព្រោះ​អ្នក​ទាំងនោះ​មាន​ការបារម្ភ​ថា ការប្រមូលផ្តុំ​រយៈពេល​ខ្លី​នេះ វា​អាច​នឹង​ធ្វើឲ្យ​ការលេង​របស់​ក្រុម​កម្ពុជា​មិន​សូវ​បាន​ល្អ ហើយ​អាច​មាន​ការលំបាក​ក្នុង​ការយក​ឈ្នះ​ក្រុម​ប៉ាគីស្ថាន​ដែល​បាន​ប្រមូលផ្តុំ​យូរ​ជាង​យើង និង​ថែម​ទាំង​បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ U23 ​បារ៉ែន ដើម្បី​ពង្រឹង​គុណភាព​លេង​របស់​គេ​ទៀត​ផង​។

យ៉ាងណា​ក៏ដោយ​ចំពោះ​បញ្ហា​ប្រមូលផ្តុំ​រយៈពេល​ខ្លី​នេះ​លោក Filex Dalmas បាន​និយាយ​នៅក្នុង​ពិធី «​សំណោះសំណាល​បាល់ទាត់​» របស់ FFC កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា ដោយសារ​តែ​លោក​មិន​ចង់​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ប្រកួត​លីក​កំពូល​កម្ពុជា និង​គោរព​ថ្ងៃ FIFA-Day ដែល​អាច​កោះ​ហៅ​កីឡាករ​មក​ប្រមូលផ្ដុំ​បាន ព្រោះ FIFA-Day គឺ​ចំ​ថ្ងៃ​ទី​ ៣ ខែ​មិថុនា​។

ទាក់ទង​នឹង​ការប្រមូលផ្តុំ​រយៈពេល​ខ្លី​នេះ​ដែរ​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ (CNCC) បាន​លើក​ឡើង​ថា​ដោយសារ​គ្រូបង្វឹក​នៅ​តាម​ក្លិប​នៃ​លីក​កំពូល​កម្ពុជា​មាន​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត A-License ស្ទើរ​គ្រប់​ក្លិប ដូច្នេះ​កីឡាករ​មិន​ចាំបាច់​ត្រូវការ​ពេល​ច្រើន​ក្នុង​ការប្រមូលផ្តុំ​ឡើយ ព្រោះ​ពួកគេ​ត្រូវការ​បង្វឹក​នូវ​បច្ចេកទេស​តិចតួច និង​បន្សុំា​ក្រុម​ពី​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ប៉ុណ្ណោះ​។

ទោះបី​ជា​យ៉ាង​ណា​តាម​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ ២៥ ​នាក់​លើក​នេះ​គឺ​មាន​កីឡាករ​ជើងចាស់​សម្បូរ​បទពិសោធ​តែ​ត្រឹម​ ១០ ​នាក់​ប៉ុណ្ណោះ​រួមមាន គួច សុគម្ភៈ​,​សុះ ស៊ូហាណា របស់​ក្លិប​ណាហ្គាវើល ធារី ចន្ថាប៊ីន របស់​ក្លិប​ Terengganu ប្រាក់ មុន្នីឧត្តម​, សឿយ វិសាល​, សារ៉េត គ្រីយ៉ា ក្លិប​ព្រះខ័នរាជ​ស្វាយរៀង កែវ សុខផេង​, ឆេង ម៉េង ក្លិប​វិសាខា អ្នក​ចាទី អ៊ុំ វិចិត្រ និង រ៉ឹង ប៊ុនហៀង របស់​ក្លិប​ក្រសួង​ការពារជាតិ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ទើប​ចែក​ផ្លូវ​ជាមួយ​ក្លិប PKNS របស់​ម៉ាឡេស៊ី និង​កីឡាករ​ជើងចាស់​មួយ​ចំនួន​ទៀត​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ​។

ចំណែក​កីឡាករ​ ១៥ ​នាក់​ផ្សេង​ទៀត​សុទ្ធតែ​ជា​កីឡាករ​វ័យក្មេង រួមមាន កែន ច័ន្ទសុភ័ក្ត្រ​, អ៊ុក សុវណ្ណ​, ស៊ិន សុផាណាត​, កែវ សុខសិលា របស់​ក្លិប​វិសាខា ឃៀង ម៉េងហួរ ក្លិប​ព្រះខ័នរាជ​ស្វាយរៀង គួច ដានី ក្លិប​ណាហ្គាវើល អន ចាន់ប៉ូលីន​, ម៉ៅ ពិសិដ្ឋ​, យ៉ើ សាហ្វ៊ី​, សឿត បារាំង និង​ សាវែង សំណាង ក្លិប​ភ្នំពេញ​ក្រោន សាត រ៉ស៊ីប ក្លិប​បឹងកេត សៀង ចន្ធា របស់​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ឈង់ ប៊ុនណាត ក្លិប​អង្គរថាយហ្គឺរ និង​កីឡាករ​ចំណូល​ថ្មី ដាយ នីម របស់​ក្លិប​គិរីវង់​សុខសែនជ័យ​៕