ភ្នំពេញ៖ ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ត្រឹម​បង្កើត​កំណត់ត្រា ចំពោះ​ការ​បាន​ឱកាស​ឡើង​ទៅ​វគ្គ ​៤ ក្រុម​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ប៉ុន្តែ​ក្រុម​ដ៏​កម្សត់​មួយ​នេះ ​មិន​អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ ដើម្បី​បំពេញ​ការ​រង់ចាំ​អស់​រយៈពេល ​៥៨ ​ឆ្នាំ ​របស់​កម្ពុជា​​ដដែល ខណៈ​ពួក​គេ​បាន​ចាញ់​​ក្រុម​មីយ៉ាន់ម៉ា​ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ ឬ​មេដាយ​សំរឹទ្ធ​ដ៏​គួរ​ឲ្យ​សោកស្តាយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។

សម្រាប់​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៅ​ពហុកីឡដ្ឋាន Riza Memorial កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា សៀង ចន្ធា បាន​ជាប់​ឈ្មោះ​ជា​កីឡាករ ដែល​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ខណៈ​រូប​គេ​បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​ក្រុម​មីយ៉ាន់ម៉ា នៅ​ត្រឹម​ ២០ វិនាទី ក្នុង​នាទីទី ​១ ​នោះ។

គ្រាប់​បាល់​របស់ ​សៀង ចន្ធា បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​កម្ពុជា មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​មាន​ការ​ជឿជាក់​ថា កម្ពុជា​អាច​នឹង​យក​ឈ្នះ​មីយ៉ាន់ម៉ា ដើម្បី​លុប​បំបាត់​ការ​ខក​ចិត្ត​ចំពោះ​ការ​ចាញ់​មីយ៉ាន់ម៉ា ២-១ នៅ​ក្នុង​វគ្គ​ជម្រុះ​នឹង​ឈាន​ទៅ​រក​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្រ្ត នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ។

ប៉ុន្តែ​​ទំនុក​ចិត្ត​ទាំង​នេះ ត្រូវ​បាន​រលាយ​បាត់​ទៅ​វិញ នៅ​ពេល​ខ្សែ​ប្រយុទ្ធ Aung Kaung Mann បាន​តែត​បាល់​បញ្ចូល​ទី​ ​តាម​ស្មើ​ឲ្យ​ក្រុម​មីយ៉ាន់ម៉ា​វិញ នៅ​នាទីទី ​៩ ហើយ​កីឡាករ Myat Kaung Khant បាន​បន្ថែម ​១ ​គ្រាប់​ទៀត តាមរយៈ​ការ​ស៊ុត​បាល់​ហ្វ្រីឃីក​​បញ្ចូល​​ទី​​យ៉ាង​ស្អាត នៅ​នាទីទី ​៣៥ ​នោះ។

យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ប្រយុទ្ធ កែវ សុខផេង បាន​​កែ​ប្រែ​ស្ថានភាព​ឲ្យ​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ ខណៈ​រូប​គេ​បាន​ស៊ុត​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ដើម្បី​ជួយ​កម្ពុជា​តាម​ស្មើ​ក្រុម​មីយ៉ាន់ម៉ា​វិញ​នៅ​នាទី​ទី ​៧១ ​នោះ ប៉ុន្តែ សុខផេង ក៏​ជា​អ្នក​បញ្ចប់​ជោគ​វាសនា​របស់​​ក្រុម​កម្ពុជា​ផង​ដែរ។

លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ក្នុង​សន្និសីទ ក្រោយ​ការ​ប្រកួត​​ថា៖ ​«​បើ​ទោះបី​ជា​យើង​ទទួល​បាន​លទ្ធផល​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កូន​ក្រុម​របស់​ខ្ញុំ ព្រោះ​ពួក​គេ​​​​ប្រឹងប្រែង​លេង​បាន​ល្អ​ដោយ​បាន​បង្កើត​ឱកាស​ផង​ដែរ គ្រាន់​តែ​យើង​ធ្វើ​មិន​​បាន​សម្រេច ប៉ុន្តែ​បាល់​ទាត់​វា​តែងតែ​កើត​មាន​រឿង​បែប​នេះ»។

ការ​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួត ​៩០ នាទី​នោះ ​បាន​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា និង​មីយ៉ាន់ម៉ា ឈាន​ទៅ​ដល់​ការ​ទាត់បាល់​ប៉េណាល់ទី​​ ដើម្បី​កាត់​សេចក្តី​ការ​ឈ្នះ​-ចាញ់ ខណៈ​ការ​ប្រកួត​មិន​តម្រូវ​ឲ្យ​មាន​ការ​ប្រកួត​ថែម​នាទីទី ​១៥ នាទី ​២ ​ដង​នោះ ហើយ​នៅ​ក្នុង​ដំណាក់​កាល​ដ៏​រន្ធត់​នោះ កីឡាករ អ៊ីន សូដាវីដ, យ៉ើ មូស្លីម, ម៉ៅ ពិសិដ្ឋ និង សេត រ៉ស៊ីប សុទ្ធ​តែ​ស៊ុត​​បាន​សម្រេច ដើម្បី​ប្រដេញ​តាម​ពី​ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​កីឡាករ​មីយ៉ាន់ម៉ា។

ប៉ុន្តែ​ កែវ សុខផេង ដែល​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ទី ​៥ ​ចុង​ក្រោយ​នោះ ​បាន​ស៊ុត​បាល់​នោះ​ទៅ​ប៉ះ​បង្គោល​ទី ​ហើយ​ការ​ធ្វើ​​មិន​បាន​សម្រេច​នេះ ​​ធ្វើ​ឲ្យ សុខផេង បោក​ខ្លួន​​​ទៅ​​លើ​ទីលាន និង​យំ​ដូច​កូន​ក្មេង សម្តែង​ការ​សោកស្តាយ​ចំពោះ​គ្រាប់​បាល់​បរាជ័យ​របស់​គេ ព្រោះ​ការ​ស៊ុត​មិន​ចូល​នេះ ជួយ​ឲ្យ​មីយ៉ាន់ម៉ា ឈ្នះ​កម្ពុជា ៥-៤ និង​ជា​អ្នក​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ លើ​​វិញ្ញាសា​ប្រកួត​បាល់​ទាត់​បុរស​នេះ។

យ៉ាងណា​ក៏​ដោយ លោក Felix Dalmas បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ដឹង​ថា ក្រុម​កម្ពុជា ពិត​ជា​ចង់​​បំបែក​នូវ​កំណត់ត្រា​ និង​ឈ្នះ​បាន​មេដាយ​ត្រឡប់​ទៅ​វិញ គឺ​គ្មាន​អ្នក​ណា​​ចង់​ចាញ់​​នោះ​ទេ។ តែ​ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​នៅសរសើរ​ទៅ​ដល់​ការ​​ប្រឹងប្រែង និង​ឆន្ទៈ​លេង​ដ៏​មោះ​មុត​របស់​កូន​ក្រុម​ខ្ញុំ ហើយ​ខ្ញុំ​មើល​ឃើញ​ថា ទៅ​ថ្ងៃ​អនាគត​ក្រុម​មួយ​នេះ​នឹង​មាន​ការ​រីក​ចម្រើន​ជាង​នេះ​ថែម​ទៀត ហើយ​យើង​ក៏​នឹង​អាច​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា វិញ​ផង​ដែរ បើ​សិន​ជា​ក្រុម​ទាំង ​២ ​នេះ​មាន​ពេល​ជួប​គ្នា​ម្តង​ទៀត»៕