ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ ដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មីចំនួន ២ ក្នុងពេលតែមួយ សម្រាប់ការបង្ហាញខ្លួនជាលើកទី ១៥ ក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Rizal Menorial កាលពីថ្ងៃពុធម្សិលមិញនោះ ក្រុមកម្ពុជាពិតជាមានសម្ពាធខ្លាំង ព្រោះពួកគេមិនត្រឹមតែត្រូវប្រឈមមុខជាមួយក្រុមស្រេកឃ្លានការឈ្នះ ម៉ាឡេស៊ី នៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវផ្ទៀងផ្ទាត់គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះហ្វីលីពីន ដែលស៊ុតបញ្ជូលទីទៅលើក្រុមទីម័រខាងកើតផងដែរ។
យ៉ាងណាក៏ដោយ អារម្មណ៍ដ៏រំភើបមិនធ្លាប់មាន បានកើតមានឡើងចំពោះក្រុមមួយនេះ ខណៈពួកគេអាចយកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី ៣-១ ស្របពេលក្រុមហ្វីលីពីន បានគ្រាប់បាល់នៅចុងម៉ោងនាំឲ្យពួកគេឈ្នះក្រុមទីម័រខាងកើត ត្រឹម ៦-១ នោះ ហើយលទ្ធផលនេះជួយឲ្យកម្ពុជា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តលើកទី ១ បន្ទាប់ពីពួកគេបានទន្ទឹងរង់ចាំអស់រយៈពេល ៥៨ ឆ្នាំ។
សម្រាប់ការចូលរួមប្រកួតស៊ីហ្គេមចំនួន ១៤ លើក (អវត្តមាន ១៣ លើក) តាំងពីឆ្នាំ ១៩៦១ មកនោះ កម្ពុជាបានត្រឹមធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត ប៉ុន្តែការបង្ហាញលើកនេះ កម្ពុជាពិតជាធ្វើបានល្អ ហើយការយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ នោះ បានកើតមានឡើង បន្ទាប់ពីកីឡាករ អ៊ិន សូដាវីដ, សៀង ចន្ធា និង កែវ សុខផេង រកបានម្នាក់ ១ គ្រាប់ នៅនាទីទី ៥៦ ទី ៥៧ និងទី ៦៨ ហើយ ១ គ្រាប់របស់ម៉ាឡេស៊ី រកបានដោយខ្សែប្រយុទ្ធ Quentin នៅនាទីទី ៨៩។
ជាមួយការយកឈ្នះម៉ាឡេស៊ី ៣-១ លើកនេះ វាមិនត្រឹមតែបានបំផ្លាញក្តីសង្ឃឹមឡើងទៅវគ្គបន្តរបស់ក្រុមម្ចាស់ផ្ទះហ្វីលីពីន ដែលមាន ៧ ពិន្ទុ (ចាញ់គ្រាប់បាល់ចំណេញកម្ពុជា) ស្មើគ្នាប៉ុណ្ណោះ ប៉ុន្តែជ័យជម្នះក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត ១ ទៀត គឺការយកឈ្នះក្រុមម៉ាឡេស៊ីជាលើកដំបូង ក្នុងប្រវត្តិប្រកួតក្នុងស៊ីហ្គេមនេះ ព្រោះការជួបគ្នា ៨ លើក ក្នុងចន្លោះឆ្នាំ ១៩៦១ ដល់ឆ្នាំ ២០១១ ក្រុមកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ីគ្រប់ការប្រកួតទាំងអស់។
ការបង្កើតបានកំណត់ត្រាជាប្រវត្តិសាស្រ្តចំនួន ២ ក្នុងពេលតែមួយរបស់កម្ពុជា បានធ្វើឲ្យប្រជាជនកម្ពុជាមានការរំភើបស្ទើរពេញមួយប្រទេស ខណៈអ្នកស្មោះស្ម័គ្រនឹងបាល់ទាត់មួយចំនួនធំ ក៏បានអួលដើមក លាយឡំនឹងទឹកភ្នែក ដើម្បីបង្ហាញពីភាពរំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានរបស់ពួកគេទៅនឹងជ័យជម្នះជាប្រវត្តិសាស្រ្តនេះផងដែរ ហើយគ្រូបង្វឹក Felix Dalmas និងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ជាមនុស្សយ៉ាងសំខាន់ក្នុងការចូលរួមកែប្រែប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិកម្ពុជា។
លោក Felix Dalmas គ្រូបង្វឹកកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «យើងមានការជឿជាក់ទៅលើទម្រង់លេងរបស់យើង ហើយលទ្ធផលនេះវាបានមកពីការប្រឹងប្រែងរបស់ក្រុមទាំងមូល បន្ទាប់ពីយើងបានចាញ់មីយ៉ាន់ម៉ា ២-១ ទាំងមិនអស់ចិត្ត ព្រោះថ្ងៃនេះ យើងធ្វើបានល្អជាងថ្ងៃនោះ»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន រូបនេះបន្ថែមថា៖ «ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនៅថ្ងៃនេះ ព្រោះកីឡាកររបស់យើងបានប្រឹងប្រែងយ៉ាងខ្លាំង។ នេះជាជ័យជម្នះដ៏ធំបំផុតសម្រាប់កម្ពុជា ហើយយើងទាំងអស់គ្នា ពិតជាអរគុណខ្លាំងដល់អ្នកគាំទ្រ ដែលតែងតែលើកទឹកចិត្តដល់ពួកយើង»។
លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមបានថ្លែងថា៖ «នេះជាជោគជ័យប្រវត្តិសាស្រ្តរបស់បាល់ទាត់កម្ពុជា ដែលបានឡើងទៅវគ្គបន្ត នៅស៊ីហ្គេម»៕